វិភាគ​៖ ហេតុអ្វី​កម្ពុជា​ ស្នើ​ជប៉ុន​ចែករំលែក​បទ​ពិសោធ​ន៍សិទ្ធិមនុស្ស​នៅ​ខែសីហា​?

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅក្នុងជំនួបមួយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។ (រូបថត៖ ហ្វេសប៊ុក លោក ជិន ម៉ាលីន)

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​ កាលពី​សប្តាហ៍​មុន​ បានសម្រេច​យក​ខែសីហា​ ឱ្យ​ជប៉ុន​ចែករំលែក​បទ​ពិសោធ​ន៍ស្តី​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក​ ជិន​ ម៉ា​លីន​ ប្រាប់​ថា​ចំនុច​ដែល​កម្ពុជា​ ស្នើ​នោះ​មាន​ ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ កម្មវិធី​ជំនួយ​ផ្នែក​ច្បាប់​ សេរី​បញ្ចេញមតិ​ សិទ្ធិ​បង្កើត​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ សេរីភាព​សារព័ត៌មាន​ យន្តការ​ត្រួតពិនិត្យ​ជាស​កល​តាមកាល​កំណត់​របស់​អង្គការសហប្រជាជាតិ ​(UPR​ ) កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ តាមរយៈ​យន្តការ​អង្គការ​សហ​ប្រជា​តិ​ ការិយាល័យ​ឧត្តម​ស្នងការ​ និង​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ផង​ដែរ​។

បើ​គេ​ក្រឡេក​មើល​ពី​បរិបទ​នយោបាយ​វិញ​ ជ្រុង​មួយ​នៃ​បញ្ហា​រ​បស់​កម្ពុជា​ វា​បាន​កើត​ចេញពី​បញ្ហា​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ធ្វើ​នយោ​បា​យតាម​បែប​ប្រជាធិបតេយ្យ​ ។

សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ ​បាន​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ ឱ្យ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​ តាមរយៈ​ការគំរាម​កាត់​ផ្តាច់ប្រព័ន្ធ​​ពន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​។ ពួកគេ បាន​ទាមទារ​ឱ្យ​ដោះលែង​ លោក​ កឹម​ សុខា​ ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​រំលាយ​បាន​ដំណើរការ​ឡើងវិញ​ ធានា​សិទ្ធិ​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម​ មិន​ទទួល​បាន​ជោគជ័យ​។

សហភាព​អឺរ៉ុប​ ក្រោយ​បិទ​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ប្រជា​ធិប​តេ​យត្យ​នៅ​កម្ពុជា​ នៅ​ខែ​នេះ​រួចមក​ បាន​ចេញ​សេច​ក្តី​ថ្លែងការណ៍​មួយ​នៅតែ​អះអាង​ថា​ ខ្លួន​បារម្ភ​ពី​សិទ្ធិ​ធ្វើនយោបាយ​ សិទ្ធិ​អង្កការ​សង្គម​ស៊ីវិល​ សិទ្ធិ​ការងារ​ និង​សិទ្ធិ​ដីធ្លី​។

សហភាព​អឺរ៉ុប​លើកឡើង​ថា​ កម្ពុជា​ត្រូវ​បង្ហាញ​ការកែទម្រង់​ពិតប្រាកដ​ ប្រកបដោយ​ការ​ជឿ​ទុកចិត្ត​បាន​ ទាក់ទង​នឹង​បញ្ហា​ដែល​ជា​ក្ដី​កង្វល់​របស់​ខ្លួន​ ដើម្បី​បញ្ចៀស​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ នេះ។​

តាម​សេច​ក្តី​ថ្លែងការណ៍​ វិធានការ​ព្យួរ​ ឬមិន​ព្យួរ​ EBA​ ​នឹង​ត្រូវ​ធ្វើឡើង​ពាក់កណ្តាល​ខែសីហា​ខាងមុខនេះ​។ សំណួរ​ត្រង់ថា​តើ​ ហេតុអ្វី​កម្ពុជា​ស្នើ​ជប៉ុន​ចែករំលែក​បទ​ពិសោធ​ស្តី​ពី​សិទ្ធិមនុស្ស​នៅ​ខែសីហា​?

អ្នកនាំពាក្យ​សមា​គម​អាដ​ហុក​ការពារ​សិទ្ធិមនុស្ស​ លោក​ ស៊ឹង​ សែន​ករុណា​ មានប្រសាសន៍​ថា​ ប្រទេស​ជប៉ុន ​ធ្លាប់​មាន​ស្នាដៃ​ជួយ​កម្ពុជា​ឱ្យ​មានការ​បង្រួបបង្រួម​ជាតិ២លើក​រួម​មក​ហើយ​ ពោល​គឺ​បាន​ចូលរួម​ចំណែក​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​ឱ្យ​មានការ​បង្រួបបង្រួម​ជាតិក្រោយ​មានការ​បង្ហូរឈាម​គ្នា​នៅ​ឆ្នាំ១៩៩៧​។

អ្នក​ឃ្លាំង​មើល​សិទ្ធិមនុស្ស​រូប​នេះ​ វិភាគ​ថា​ ឆ្លងកាត់​បទ​ពិសោធ​នេះ​ គេ​អាច​ទស្ស​ទាយ​បាន​ថា​ ការដែល​រដ្ឋាភិបាល​ស្នើ​ជប៉ុន​ចែក​រំ​លែង​បទ​ពី​សោ​ធន៍​ពិ​បញ្ហា​សិទ្ធិ​នុស្ស​នេះ​ពេលនេះ​ ទំនងជា​ចង់​ឱ្យ​ជប៉ុន​ ជួយ​សម្របសម្រួល​ជាមួយ​សហភាព​អឺរ៉ុប​ ដើម្បី​សម្រួល​បញ្ហា​ EBA​ នេះ​។

ប៉ុន្តែ​លោក​ ស៊ឹង​ សែន​ករុណា​ វិភាគ​ថា​ ការ​ខ្ចីដៃ​ជប៉ុន​ដើម្បី​សម្រួល ​EBA​ ទំនងជា​មិនសូវ​មាន​ប្រសិទ្ធិ​ភាព​ទេ​ ដោយ​ថា​ជប៉ុន​មិន​ស្ថិត​ក្នុងចំណោម​ប្រទេស២៨ទៀត​ ដែល​បាន​អនុម័ត​លើក​វិធានការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​នេះ​ទេ​ ។

លោកថា​៖ «ទោះបី​យ៉ាងណាក៏ដោយ​ខ្ញុំ​គិតថា​ ការពឹងពាក់​ប្រទេស​ណាមួយ​ដែល​មិន​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប​ ខ្ញុំ​គិតថា​ដូចជា​អត់មាន​ទំនាក់ទំនង​អី​ ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ទេ​។ជាជាង​កម្ពុជា​ខ្លួនឯង​ត្រូវ​បង្ហាញ​​នូវ​ដំណោះស្រាយ​ណាមួយ​ឱ្យ​គេ​ជឿ​បាន​ ជាពិសេស​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ហ្នឹងឯង​»។

អ្នកវិភាគ​នយោបាយ​លោក​ មាស​ នី​ មានប្រសាសន៍​ថា​ ការដែល​កម្ពុជា​ជ្រើសរើស​យក​ខែសីហា​ សម្រាប់​រៀនសូត្រ​ពីជ​ប៉ុន​លើ​បញ្ហា​សិទ្ធិមនុស្ស​នោះ​ លោក​វិភាគ​ថា​ ជា​ទំ​នោមួ​យបង្ហាញថា​ស្ថាប័ន​ជំនាញ​របស់​កម្ពុជា​នេះ​ ចង់​សម្រួល​ភាព​តានតឹង​ ជាមួយ​សហភាពអឺរ៉ុប​ ។

ប៉ុន្តែ​អ្នកវិភាគ​រូប​នេះ​ បង្ហាញ​ការ​បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ សេ​ណា​រី​យូ​នេះ ​នឹង​មិន​ជោគជ័យ​ទេ​ បើ​អ្នកនយោបាយ​នៅតែ​គិតថា​ ការគោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ខុសពី​ប្រទេស​លោកសេរី​ ហើយ​បន្ត​ងា​កឆ្ងាយ​យពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ​។

លោក​មានប្រសាសន៍ថា​៖ «អា​រឿង​រៀន​ពី​គេ​ វា​ចេះតែ​បាន​ហើយ​។ ប៉ុន្តែ​បញ្ហា​នៅត្រង់​ថា​រៀន​ពី​គេ​ហើយ​យក​មក​អនុវត្ត​នៅ​ស្រុក​យើង ​ឬក៏​អត់​ អាហ្នឹង​ហើយ​ជា​បញ្ហា​នៅ​ស្រុក​យើង​។ ដូច​យើង​ឃើញ​ថ្នាក់ដឹកនាំ​ខ្មែរយើង​ មន្ត្រី​ជាន់ខ្ពស់​ខ្មែរយើង​ ដើរទៅ​មើល​ប្រទេស​គេ​ទូទាំង​ពិភពលោក​ ឃើញ​គេ​វារី​កចម្រើន​យ៉ាង​ម៉េច​ៗអី​ ប៉ុន្តែ​ដល់ពេល​មកដល់​ស្រុក​យើង​វិញ​អត់​ព្រម​កែ​ស្រុក​យើង​វិញ។ អត់​នាំគ្នា​គិតថា​កែ​ស្រុក​ឯង​យ៉ាង​ម៉េច​ៗទេ​ ដល់​វិលមកវិញ​ធ្វើអ្វី​ដែល​ខ្លួនឯង​ធ្លាប់ធ្វើ​»។

មួយវិញទៀត​ លោក​ មាស​ នី​ វិភាគ​ទៀត​ថា​ ដើមចម​ដែល​សហភាព​អឺរ៉ុប​ ឈាន​ទៅ​ដំណើរការ​ព្យួរ​EBA​ នេះ​មូលហេតុ​មក​ពី​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ ហើយ​ថា​ គណបក្ស​ប្រឆាំង​មុន​រំលាយ​ បាន​ហក់​ឡើង​ប្រជាប្រិយ​ភាព​ ជិត​ទាន់​គណបក្ស​កាន់អំណាច​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ ។ លោក​វិភាគ​ថា​ ចំនុច​នេះ​ ហើយដែល​ពិ​បា​កទស្សន៍​ទាយ​ថា​ បក្ស​កាន់អំណាច​ទទួលយក​លក្ខខណ្ឌ​អឺរ៉ុប​ ដើម្បី​រក្សា​ EBA​។

លោក​បន្ថែម​ថា​៖ «នៅ​ឆ្នាំ២០១៧ គណបក្ស​ប្រឆាំង​បា​នប​ណ្តើម​បាន​មូលដ្ឋាន​គ្រឹះ​នៃ​ក្រុមប្រឹក្សា​ឃុំ​ ហ្នឹង​បាន​ជិតដល់​ទៅ​ពាក់កណ្តាល​ជាង​ របស់​គណបក្ស​កាន់​អំ​ណាច​ ដល់​អ៊ីចឹង​វា​សុទ្ធតែ​ជា​សុច​នា​ករ​ នៃ​វត្តមាន​គណបក្ស​ប្រឆាំង​ហ្នឹង​ ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ ស្ថិរភាព​របស់​គណបក្ស​កាន់អំណាច​រួចស្រេច​ទៅ​ហើយ​»។

បើ​តាម​លោក​ មាស​ នី​ បើ​កម្ពុជា​បណ្តោយ​ឱ្យ​របូត ​EBA​ របស់​សហភាព​អឺរ៉ុប​ ប្រព័ន្ធ​អនុគ្រោះ​ GSP​របស់​អាមេរិក​ក៏​របូត​ដែរ​ ដែ​លោក​ថា​ បញ្ហា​នេះ​ជា​សញ្ញា​ព្រួយបារម្ភ​ ពី​វិបត្តិ​សង្គម​កើតឡើង​ បើ​រដ្ឋាភិបាល​មិន​កែ​លម្អ​ស្ថាន​ការណ៍​ជំរុញ​ឱ្យ​មានការ​ផ្សះផ្សា​ជាតិ​ឡើងវិញ​ ធានា​ដល់​ការគោរព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ទាន់​​ពេល​ទេ​នោះ​​។

តាម​លិខិត​របស់​ក្រុម​អ្នកបញ្ជា​ទិញ​ផ្ញើ​ទៅកាន់​នាយក​រដ្ឋមន្ត្រី​ កាលពីដើម​ខែមេសា​ ឆ្នាំនេះ​ បាន​លើកឡើង​ថា​នៅ​ឆ្នាំ២០១៨​ ​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងពីរ​នេះ​ កម្ពុជា​នាំ​ទំនិញ​ទៅ​លក់​គិតជា​ទឹកប្រាក់​ ៨,៥ពាន់​លាន​ដុល្លារ​។ ទំហំ​ពាណិជ្ជកម្ម​នេះ​ ស្មើនឹង​ ៣៨​% ឬ១ភាគ៣នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​ ​)របស់​កម្ពុជា​។

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត បានធ្លាប់បាន​​ផ្តល់​ជា​អនុសាសន៍​ថា​ កម្ពុជា​គួរ​ផ្លាស់​ប្តូរ​វប្បធម៌​នយោបាយ​ ពីការ​​ផ្តោត​លើ​តែ​បញ្ហា​បុគ្គល​ ទៅ​ផ្តោត​លើ​បញ្ហា​ជាតិ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ