បទយកការណ៍៖ អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្នើ​ឱ្យ​រដ្ឋ​បង្កើនការ​យកចិត្តទុកដាក់ជួយពួកគាត់​

សាលាឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបភាព៖ សូត សុខប្រថ្នា

ការឆ្លងរីករាលដាលនៃជំងឺអេដស៍ និងមេរោគអេដស៍ នៅ​ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានក្លាយជាសោកនាដកម្មមួយដ៏សោកសៅ សម្រាប់អ្នកភូមិរាប់រយនាក់ក្នុងឃុំមួយនេះ ។

រយៈពេល​ប្រមាណ៥ឆ្នាំមកហើយ ក្រោយពេលផ្ទុះករណី​នេះ ស្ថានភាពរស់នៅរបស់អ្នកភូមិដែលផ្ទុកជំងឺទាំងនោះ មិនមានភាពប្រសើរឡើយ។ អ្នកភូមិមួយចំនួនអះអាងថា សុខភាពក៏កាន់តែទ្រុឌទ្រោម រីឯជីវភាពវិញក៏កាន់តែដុនដាប ហើយមានអ្នកភូមិដែលផ្ទុកមេរោគអេដស៍មួយចំនួនបានចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ ជាហេតុធ្វើឱ្យពួកគេទទួលថ្នាំប្រឆាំងមេរោគនេះមិនបានទៀងទាត់។

លើសពីនេះ អ្នកភូមិអះអាងថា ក្នុងមួយរយៈពេលចុងក្រោយ ពួកគាត់ហាក់​ត្រូវបានបំភ្លេចចោល ដោយមិនបានយកចិត្តទុកដាក់ដូចពេលមុនដំបូងនោះទេ។

អ្នកស្រី សាមឿន ដែលមានកូនប្រុសម្នាក់ផ្ទុកមេរោគអេដស៍ មានប្រសាសន៍ថា ​ក្រោយពេលជំងឺនេះផ្ទុះឡើងកាលពីចុងឆ្នាំ២០១៤ ពួកគាត់ត្រូវបានយកចិត្តទុកដាក់ពីរដ្ឋាភិបាល តាមរយៈអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសប្បុរសជនជាច្រើនផងដែរ។

អ្នកស្រីបន្តថា ក្រោយៗមកទៀត ការយកចិត្តទុកដាក់ពីអាជ្ញាធររដ្ឋ និងសប្បុរសជននានា កាន់តែថយចុះបន្តិចម្តងៗ រហូតលែងមាន​ការយកចិត្តទុកដាក់ ឬសួរនាំពីអាជ្ញាធរសោះឡើយក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ។

អ្នកស្រី បន្តថា៖ «ឥលូវតែល​តោលណាស់ លោកគ្រូ! ពួកអ្នកកើតមេរោគអេដស៍​មានអារម្មណ៍ថា គេទុកពួកខ្ញុំចោលតែលតោល។ និយាយរួម​ គេមិនចង់ទទួលស្គាល់ពួកខ្ញុំឬ ម៉េច? ខ្ញុំវាអត់ចង់ឱ្យអីចឹង ខ្ញុំចង់ឱ្យយើងទៅណាគេទទួលស្គាល់ពួកខ្ញុំ មិនចង់ឱ្យបំភ្លេចពួកខ្ញុំចោល ហើយរើសអើង។ ខ្ញុំចង់ឮថា ធម្មតាយើងមនុស្សដូចគ្នាយើងកុំរើសអើងគ្នា ឱ្យគាត់(អាជ្ញាធរ)មកលើកទឹកចិត្តយើង បើគាត់មានជំនួយលើសពីហ្នឹងទៀត តាមសទ្ធាគាត់ ។ មែនទេអ៊ុំ? ពួកខ្ញុំនេះមានទឹកចិត្ត អ្នកលេបថ្នាំលេបអី គាត់មានទឹកចិត្តខ្លះ។ ដូចកូនក្មេងប៉ុនៗហ្នឹង ឱ្យតែឱ្យគាត់អរ គាត់សប្បាយចិត្ត ខំរៀន ខំលេបថ្នាំហើយ។ តែនេះអត់ ស្ងាត់ឈឹង »។

ប្រភពដដែល លើកឡើងទាំងទឹកភ្នែកថា នៅពេលសំឡេងរបស់ពួកគាត់ត្រូវបានគេបំភ្លេចចោល ធ្វើឱ្យពួកគាត់​ឯកា និងបាក់ទឹកចិត្តកាន់តែខ្លាំង រហូតធ្វើឱ្យអ្នកផ្ទុកមេរោគនេះមួយចំនួនបោះបង់ការពិសារថ្នាំប្រចាំថ្ងៃរបស់ខ្លួនទៀតផង។

នៅខែធ្នូ ឆ្នាំ២០១៤ គឺជាពេលដែលរកឃើញថា មានអ្នកភូមិឃុំរការាប់រយនាក់បានផ្ទុកមេរោគអេដស៍។ អ្នកផ្ទុកមេរោគនេះ មានចាប់តាំងកុមារតូច រហូតដល់ម​នុស្សវ័យប្រមាណ៨០ឆ្នាំ ហើយមានទាំងតាអាចារ្យ និងព្រះសង្ឃផងដែរ។

ស្ត្រីមានវ័យប្រមាណ៦០ឆ្នាំម្នាក់ ដែលផ្ទុកមេរោគអេដស៍​ និយាយទាំងទឹកមុខក្រៀមក្រំត្បិតទើបនឹងព្រាត់ប្តី ដែលផ្ទុកមេរោគអេដស៍នៅដើមឆ្នាំនេះ បានរៀបរាប់ថា ​ក្នុងរយៈពេលចុងក្រោយនេះ អ្នកស្រីមានអារម្មណ៍ឯកា និងតូចចិត្តជាខ្លាំង ត្បិតពួកគេមិនទទួលបានការយកចិត្តទុកដាក់ដូចពេលមុននោះទេ។

អ្នកស្រី រ៉ាយ ថាជំនួយក៏មិនមាន រីឯការលើកទឹកចិត្ត ឬសួរសុខទុក្ខពីអាជ្ញាធររដ្ឋក៏អត់ ចំណែកជីវភាព និងសុខភាពរបស់អ្នកស្រីក៏កាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃ។

អ្នកស្រ្តី បន្ថែ​ម​ថា៖ «អត់ គ្មាននរណាយកចិត្តទុកដាក់ទេ គេហីៗ គ្មាននឹកនាអីទេ។ ខ្ញុំខ្វាយខ្វល់ដែរ អញហ្អើយ មិនដឹងយ៉ាងម៉េចទេ បានជាគេមិនខ្វាយខ្វល់។ ដូចថា អារម្មណ៍ថាគេមិនគិតយើង»។

ក្រោយការផ្ទុះជំងឺនេះឡើង ​មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចេញរបាយការណ៍​ដោយបញ្ជាក់​ថា អ្នកឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា មានចំនួនសរុប​​ជិត ៣០០នាក់។ មន្ត្រីមន្ទីរសុខាភិបាលខេត្តនេះបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍នោះ មានកុមារប្រមាណ ៥០នាក់ និងមនុស្សវ័យ​ពី​៦០ឆ្នាំឡើង មានចំនួនជាង ៥០នាក់ផងដែរ។

ចំណែកក្រសួង​សុខា​ភិបាល បាន​បង្ហាញ​លទ្ធផល​ដំបូង​ថា ការ​ចាក់​ថ្នាំ និង​ការ​ចាក់​សេរ៉ូម គឺ​ជា​ប្រភព​សំខាន់​ដែល​បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​នៅ​ឃុំរកាជិត ៣រយនាក់បាន​ឆ្លង​មេរោគ​អេដស៍។

អ្នកភូមិដែលឆ្លងមេរោគនេះ បានសន្និដា្ឋនដូចៗគ្នាថា មូលហេតុដែលធ្វើឱ្យពួកគាត់ឆ្លងមេរោគអាក្រក់នេះ តាមរយៈការចាក់ថ្នាំ និងចាក់សេរ៉ូមរបស់គ្រូពេទ្យក្នុងភូមិម្នាក់ គឺលោក យ៉ែម ជ្រិន។   ​

អ្នកភូមិម្នាក់​ទៀតគឺ អ្នកស្រី សាលឿង ដែលអ្នកស្រី និង​​សមាជិកក្រុមគ្រួសារគាត់​ ៥នាក់​ទៀតផ្ទុកមេអេដស៍ដែរនោះ​ ថាបច្ចុប្បន្នសុខភាពរបស់អ្នកស្រី មិន​ល្អនោះទេ ភ្លេចច្រើន និងមិនអាចរកស៊ី ឬ ធ្វើការងារធ្ងន់បានឡើយ ដោយថា ចេះតែវិលមុខដួល ឆាប់អស់កម្លាំង និងហេវហត់ ជាដើម។

អ្នកស្រី ចង់ឱ្យរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយពួកគាត់ទាំងផ្លូវចិត្ត និងសម្ភារ ពិសេសក្មេងតូច និងមនុស្សចាស់ជរាគ្មានទីពឹង ​ជាជាងទុកពួកគាត់ចោលបន្តទៀត។  ​

អ្នកស្រី មានប្រសាសន៍ថា៖ «ពីមុនធ្លាប់ឮថា មានគេបើកអីឱ្យអីចឹង គ្នា(កូន)ចេះតែមានទឹកចិត្តរៀន ឥលូវអត់សោះ អីចឹងកូនតូចចេះតែសួរថា ម៉ាក់ ម៉េចឥលូវគេលែងបើកអីឱ្យខ្ញុំអីចឹង។ ខ្ញុំលេបថ្នាំអីចឹង។ ប្រសិនបើគេអាចផ្តល់ឱ្យ និយាយរួមមិនមែនសម្រាប់តែកូនខ្ញុំទេ ប៉ុន្តែសម្រាប់ក្មេងទាំងអស់។ ក្មេងខ្លះគ្នាបាត់បង់ម្តាយអីចឹងទៅក៏មាន »។

អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក ស៊ូ សានិត មានប្រសាសន៍នៅថ្ងៃទី១៨ ខែមិថុនា ថា បច្ចុប្បន្ន ស្ថានភាពអ្នកផ្ទុកជំងឺអេដស៍នៅឃុំរកាមានភាពប្រសើរ ដោយថា មានពលរដ្ឋ ៩៥ភាគរយបានមកទទួលថ្នាំប្រឆាំងមេរោគជំងឺនេះជាទៀងទាត់។

លោកថា ​អ្នកផ្ទុកមេរោគអេដស៍ជាង១០នាក់ ទាំងអ្នករស់នៅក្នុងស្រុក និងអ្នកចំណាកស្រុក គឺ មិនបានទទួលថ្នាំប្រឆាំងមេរោគអេដស៍ ឬថ្នាំពន្យារជីវិតទៀតនោះទេ ដោយបញ្ហាសុខភាពផ្ទាល់ខ្លួន បញ្ហាមានគំនាបពីដៃគូ និងបញ្ហាបាត់ដំណឹងទាក់ទង ជាដើម។

អនុប្រធានមន្ទីរដដែលអះអាងថា ខាងមន្ទីរសុខាភិបាលខេត្ត និងអង្គការដៃគូនៅតែបន្តយកចិត្តទុកដាក់លើបញ្ហាសុខភាព និងជីវភាពរបស់ពលរដ្ឋនៅឃុំរកាជាប្រចាំ ប៉ុន្តែ ទទួលស្គាល់ថា ទាំងជំនួយជាតិ និងអន្តរជាតិពិតជាមានការថយចុះក្នុងរយៈពេលចុងក្រោយប្រាកដមែន។

លោក មានប្រសាសន៍បន្ថែម៖ «ជម្រាបអំបាញ់មិញហ្នឹងថា ពេលចាប់ផ្តើមផ្ទុះជំងឺនេះដំបូង ជំនួយទាំងជាតិ និងជំនួយទាំងអន្តរជាតិ គឺមានការកើនសម្រាប់ក្រុមពួកគាត់ហ្នឹង ប៉ុន្តែ នៅពេលក្រោយមកទៀត ហាក់ដូចជាស្ងាត់អីចឹងទៅ។ អីចឹង វានៅតែជាបន្ទុករបស់មូលដ្ឋានសម្រាប់តាមជួយគ្រប់គ្រងគាត់»។

មន្ត្រីមន្ទីរសុខាភិបាលដដែលអះអាងថា ក្នុងចំណោមពលរដ្ឋឃុំរកាដែលផ្ទុកមេរោគអេដស៍ចំនួន ២៨៥នាក់ គឺមានចំនួនអ្នកផ្ទុកមេរោគនេះជាង ៣០នាក់ហើយ បានស្លាប់ជាបន្តបន្ទាប់ដោយសារជំងឺប្រចាំកាយ ការវាយប្រហារដោយមេរោគនេះ ព្រមទាំងវ័យចាស់ជរាផងដែរ។

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ លើកឡើងថា ក្រោយករណីផ្ទុះជំងឺអេដស៍នៅឃុំរកា រដ្ឋាភិបាល និងអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ដល់ពលរដ្ឋទាំងនោះជាប្រចាំ ដោយមានទាំងការធ្វើផ្លូវកៅស៊ូ ការប្រែក្លាយមណ្ឌលសុខភាពឃុំរកា ទៅជាមន្ទីរពេទ្យបង្អែក ព្រមទាំងមានវេជ្ជបណ្ឌិតជំនាញប្រចាំការទៀតផង។

លោកបន្តថា ក្រៅពីនេះ ក៏មានបន្តនូវការយកចិត្តទុកដាក់ជាប្រចាំ ដោយមិនបានទុកពួកគាត់ចោលនោះទេ។

លោក មានប្រសាសន៍ថា៖ «គេជួយ មានកាកបាទក្រហម ស្អីៗច្រើន តាមខ្ញុំមើល។ មានលិខិតអញ្ជើញខេត្តចូលរួម តែខ្ញុំអត់បានទៅ ខ្ញុំចារឱ្យតំណាងចូលរួមអីចឹង។ បាទ ញឹកញាប់ ប៉ុន្តែ យើងបានស្រួលជាងមុន ប្រជាពលរដ្ឋយើងបាត់ភ័យខ្លាចជាងមុន ដូចថា គាត់យល់ពីការថែរក្សាសុខភាពជាងមុនហើយ » ។

ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេង មើលឃើញថា ក្នុងរយៈពេលចុងក្រោយ ព័ត៌មានស្ដីពីស្ថានភាពអ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា​ ស្ទើរតែគ្មានអ្នករំលឹកទៀតនោះទេ។ លោកកត់សម្គាល់ថា ​រដ្ឋាភិបាលនៅពុំទាន់មានយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីជួយពលរដ្ឋផ្ទុកមេរោគអេដស៍នៅភូមិរកានោះឡើយ។

លោកថា រដ្ឋាភិបាលគប្បីកំណត់កម្មវិធីនយោបាយជាក់លាក់របស់ខ្លួនដើម្បីជួយដល់ពលរដ្ឋទាំងនោះ ដោយថា វាជាការលើកទឹកចិត្តឱ្យពួកគាត់មានសង្ឃឹមក្នុងការរស់នៅបន្តទៀត។

លោក ផ្តល់យោបល់ថា៖  «ថ្នាក់ជាតិត្រូវតែមានកម្មវិធីច្បាស់លាស់ ជាក់លាក់ ដើម្បីឆ្លើយតបបញ្ហាទាំងអស់ហ្នឹង បាទ។ ហើយត្រូវមានធនធានមនុស្ស ត្រូវមានថវិកាយកទៅជួយពួកគាត់ផ្ទាល់ឱ្យបានសស្រាក់សស្រាំ មិនមែនយើងគ្រាន់តែស្រែកៗ និយាយៗ ទៅ ចប់ទៅ ហើយទុកឱ្យបញ្ហាអស់សង្ឃឹមរបស់ពលរដ្ឋនៅតែអស់សង្ឃឹមបន្តទៀត»។

ក្រោយហេតុការណ៍ផ្ទុះជំងឺអេដស៍ ពលរដ្ឋឃុំរការាប់រយនាក់ ផ្ទះអតីតគ្រូពេទ្យប្រចាំភូមិ លោក យ៉ែម ជ្រិន ដែលនៅក្បែរសាលាឃុំរកានោះ ត្រូវបានទុកចោលពុំមានមនុស្សរស់នៅឡើយ។

យ៉ាងណា កាល​ពី​ឆ្នាំ​២០១៥ តុលាការ​ខេត្ត​បាត់ដំបង បាន​កាត់​ទោសលោក យ៉ែម​ ជ្រិន ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៥​ឆ្នាំ ​ពី​បទ «បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ និង​បទ​ទារុណកម្ម​ ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស»

អ្នកផ្ទុកមេរោគអេដស៍នៅភូមិរកាសោកស្តាយចំពោះសុបិន្តអាក្រក់ដែលកើតឡើងនេះ និងចេះតែបារម្ភអំពីវាសនារបស់ខ្លួន ពិសេសវាសនាកុមារតូចៗ ដែលត្រូវបន្តរស់នៅក្នុងភាពខ្មាសអៀន ការរើសអើង ​ទាំងដែលពួកគេមិនបានប្រព្រឹត្តខុសទាល់តែសោះ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ