ល្បែង​ស៊ីសង​អនឡាញ​គ្មាន​ប្រភព​ច្បាស់​លាស់ ​កំពុង​ទាក់ទាញ​ពលរដ្ឋ​តាម​រយៈ​សារ​តាម​ទូរសព្ទ

រូបភាពបង្ហាញពីការផ្ញើសាររបស់ជនអនាមិកពីការលេងល្បែងស៊ីសងតាមអនឡាញ។ រូបភាព​៖ Screenshot

ល្បែង​ស៊ីសង​តាម​អនឡាញ​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ បាន​​​ផ្ញើ​សារ​អូសទាញ​​ពលរដ្ឋ​ឲ្យ​ចូលរួម​លេង​តាម​ទូរសព្ទ​ដៃ ខណៈ​ទីតាំង​អាជីវកម្ម​ល្បែងស៊ីសង​ត្រូវ​បាន​អាជ្ញាធរ​មាន​វិធានការ​ជា​បន្តបន្ទាប់​នោះ។

នៅ​ប៉ុន្មាន​ខែ​នេះ​ សារ​តាម​ទូរស័ព្ទ​ដែល​សរសេរ​ក្នុង​ន័យ​ទាក់ទាញ​ពលរដ្ឋ​ឲ្យ​ទាក់ទង​ដើម្បី​ចូល​ទៅ​លេង​ល្បែង​ស៊ី​សង​តាម​អន​ឡាញ​ បាន​ផ្ញើ​ជា​ច្រើន​មក​កាន់​អ្នក​ប្រើប្រាស់​ទូរសព្ទ​ដៃ​នៅ​កម្ពុជា។

អ្នក​ទំនាក់ទំនង​ព័ត៌មាន​នៃ​លេខ​ដែល​បាន​ផ្ញើ​សារ​មួយ​បាន​ឲ្យ​ដឹង​ថា ​ការ​លេង​ហ្គេម​កាស៊ីណូ​នេះ​ជា​ការ​លេង​ល្បែង​កាស៊ីណូ​តាម App ទូរស័ព្ទ​ ដែល​​ទាញ​យក​តាម​រយៈ​ Playstore ឬ Appstore ដោយ​តម្រូវ​ឲ្យ​អ្នក​លេង​ដាក់​លុយ​លេង​ ហើយ​ការ​ដាក់​លុយ​លេង​នោះ​ទៀត​សោត ​គឺ​អាច​ដាក់​បាន​តាម​សេវា​របស់​ធនាគារ​មួយ​ចំនួន។

អ្នក​ទំនាក់ទំនងនោះ​លើក​ឡើង​ថា៖ «មាន​ដូច​ជា​ ហ្គេម​បាញ់​ត្រី Live ចេញ​ពី​កាស៊ីណូ​ លេង​បៀរ ឬក៏​ចាក់​បាល់​ ឬ​អី​ ហើយ​នៅ​មាន​ច្រើន​ទៀត។ ចំពោះ​ការ​លេង ​ប្រសិន​ជា​បង​ឈ្នះ​ បង​អាច​ដក​ទឹក​ប្រាក់​បាន។ […] ប្រសិន​ជា​បង​ចង់​ដក​ ឬ​ដាក់​ប្រាក់​ បង​អាច​ដក​ ឬ​ដាក់​បាន​តាម​គណនី​ ABA វីង ឬ ​ទ្រូម៉ាន់នី » ។

សារ​ដែល​ផ្ញើ​មក​មាន​​លេខ​ខុស​ៗ​គ្នា​តែ​អត្ថន័យ​ស្រដៀង​គ្នា​ជា​ច្រើន ​បាន​ផ្ញើ​ទៅ​កាន់​លេខ​ទូរសព្ទ​របស់​ពលរដ្ឋ​ដោយ​​បាន​សរសេរ​​ថា ​ហ្គេម​បាញ់​ត្រី​អនឡាញ ដាក់ប្រាក់​ លេង ឈ្នះ ដក​ប្រាក់ ហ្គេម​កាស៊ីណូ​តាម​ទូរសព្ទ​ដៃ​ដាក់​ប្រាក់​ទទួល​ប្រាក់​បន្ថែម​៥ដុល្លារ និង​ហ្គេម​តាម​ទូរសព្ទ​ដៃ​ងាយ​ស្រួល​ឈ្នះ​ទទួល​យក​ទឹក​ប្រាក់​១០ដុល្លារ​ ជា​ដើម។

ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​ លោក ចក់ ចំរើន មាន​ប្រសាសន៍​ថា ​លោក​ទទួល​បាន​ជា​ញឹកញាប់​នូវ​សារ​ទាំង​នេះ​ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​លោក​ជា​ខ្លាំង តែ​លោក​ថា ​នៅ​ពេល​ដែល​សារ​នោះ​ផ្ញើ​ជា​ញឹកញាប់​ដូច​នេះ ​ក៏​វា​ហាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​លោក​ផង​ដែរ។

លោក​ ចក់ ចំរើន៖ «ដំបូង​ឡើងយ ខ្ញុំ​អត់​ដឹង​ថា ​ជា​ល្បែង​អី​ទេ​ ព្រោះ​គាត់​ផ្ញើ​មក​ទៅ ដែល​មុន​ដំបូង​រំខាន​ដែរ ​ផ្ញើ​មក​យូរ​ៗ​ទៅ​វា​មាន​ដូច​ជា ​ការទាក់ទាញ ​ដូចជា​ ការ​ឲ្យ​លុយ​ធ្វើ​ជា​ទុន​ក្នុង​ការ​លេង​ ហើយ​មាន​ការ​ប្រូម៉ូសិន​ក្នុង​ការ​លេង​ ជា​ដើម​ ហើយ​គិត​វា​គឺ​ជា​រឿង​ដែល​ចាប់​អារម្មណ៍​ដែរ​ ព្រោះ​វា​មាន​ការ​ទាក់ទាញ​ចង់​ឲ្យ​លេង​»។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ឆាយ គឹមខឿន មាន​ប្រសាសន៍​ថា​ ការ​លេច​ចេញ​នូវ​ការ​លេង​ល្បែង​ស៊ីសង​ក្រោម​រូបភាព​ថ្មី​នេះ ​កំពុង​តែ​បង្ក​ការ​លំបាក​ដល់​អាជ្ញាធរ​ជា​ខ្លាំង​ ដោយ​សារ​ការ​លេង​ល្បែង​នេះ​មិន​មែន​ប្រមូល​ផ្ដុំ​គ្នា​ដូច​កាល​ពី​លើក​មុន​នោះ​ទេ ​ហើយ​ការ​កំណត់​រក​ទីតាំង​ក៏​ពិបាក​ថែម​ទៀត​។ ទោះ​ជា​យ៉ាង​ណា​ លោក​ថា ​នៅ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​កំណត់​មុខ​សញ្ញា​​អ្នក​ផ្ញើ​សារ និង App សម្រាប់​លេង​នោះ​ហើយ ដោយ​លោក​ថា​ ត្រូវ​ការ​ពេល​បន្ថែម​ទៀត​មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​ករណី​នេះ។

លោក ឆាយ គឹមខឿន៖ «ហ្គេម​អនឡាញ​ យើង​បង្ក្រាប​ច្រើន​ណាស់​ហើយ តែ​ច្រើន​តែ​ជន​បរទេស​។ តែ​ឥឡូវ​នេះ​ យើង​កំពុង​រាវ​រក​ថា ​អ្នកណា​ដែល​ជា​ប្រភព​នៃ​ការ​ផ្ញើ​សារ​ឲ្យ​ប្រជាពលរដ្ឋ​នេះ។ ព្រោះ​យើង​រាវ​មួយ​ចាប់​មួយ ​អត់​បាន​ទេ​រឿង​ហ្នឹង ដូច​វែក​ចក​អញ្ចឹង​ ព្រោះ​នៅ​ពេល​យើង​ស៊ើប​រួច​រាល់​អស់​ហើយ​ ទើប​យើង​បើក​ប្រតិបត្តិការ​ តែ​សុំ​ជម្រាប​ជូន​ប្អូន​ថា​ អត់​ព្រងើយ​កន្តើយ​ទេ​ តែ​គ្រាន់​តែ​ត្រូវ​ការ​ពេលវេលា​បន្តិច​សម្រាប់​សមត្ថកិច្ច»។ ​

​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​ លោក ទឹម ម៉ាឡៃ មាន​ប្រសាសន៍​ថា​ ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត​នេះ ​គឺ​ជា​រឿង​ថ្មី​មួយ​ដែល​រដ្ឋាភិបាល​គួរ​មាន​វិធាន​ការ​បន្ទាន់​ ​ដើម្បី​រក្សា​ផលប្រយោជន៍​ដល់​ពលរដ្ឋ និង​សង្គម។

លោក​ ទឹម ម៉ាឡៃ៖ «គាត់ (ពលរដ្ឋ) អត់​ដឹង​អំពី​ការ​ឆបោក អំពី​ការ​បន្លំ​នៃ​ការ​បង្កើត​ល្បែង​របស់​ក្រុម​ណា​មួយ ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​សេដ្ឋកិច្ច​របស់​គាត់ ខាតបង់​ពេលវេលា​ និង​ធនធាន​របស់​គាត់។ លើស​ពី​នេះ ​វា​អាច​បង្ក​ជា​បទ​ល្មើស​ធុន​មធ្យម​ ឬ​ធ្ងន់​អី​បន្ថែម​ទៀត មាន​ន័យ​ថា​ ពេល​ដែល​គាត់​បាត់បង់ ​ឬ​ក៏​ខាតបង់​ថវិកាកាន់​តែ​ច្រើន​ឡើង ​វា​ធ្វើ​ឲ្យ​អ្នក​លេង​ទៅ​ជា​ប្រព្រឹត្ត​បទល្មើស ជាដើម​»។

បើ​តាម​លោក ម៉ាឡៃ រដ្ឋាភិបាល​គួរ​តែ​មាន​វិធាន​ការ​តាមដាន​ និង​ស្រាវជ្រាវ​ទៅ​លើ​អ្នក​ដែល​បាន​ផ្ញើ​សារ​​ឲ្យ​ពលរដ្ឋ ហើយ​គួរ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ចាញ់​ការ​បោក​បញ្ឆោត​នេះ និង​បង្កើត​លេខ​ពិសេស​ណា​មួយ​សម្រាប់​ពលរដ្ឋ​ទាក់ទង​ ដើម្បី​រាយការណ៍​ពី​ករណី​លេង​​ល្បែងស៊ីសង​អនឡាញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ