អ្នកឃ្លាំមើល ​ហៅ​ការ​ផ្លាស់​ប្តូរ​ចៅក្រម​មាន​ប្រសិទ្ធភាព​តិចតួច​ដល់​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​

ក្រសួងយុត្តិធម៌។ រូបភាព៖ ជន ចាន់រ៉ែន

អ្នកឃ្លាំមើល​ ហៅ​ការ​ផ្លាស់​ប្តូរ​មន្ត្រី​តុលាការ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​ មាន​ប្រសិទ្ធភាព​តិចតួច​ដល់​យន្តការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌នៅ​កម្ពុជា​។

តាម​សំណើ​របស់ក្រ​សួង​យុត្តិធម៌​ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ចុះ​ថ្ងៃទី១២ ខែមិថុនា​ ស្នើ​ទៅ​ព្រះមហាក្សត្រ​បានសម្រេច​ដំឡើង​ឋានៈ​ព្រះរាជអាជ្ញា ​ព្រះរាជអាជ្ញា​រង​ ប្តូរ​ប្រធាន​តុលាការ​សាលាដំបូង​ និង​ចៅក្រម​ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​តាមកាល​កំណត់៤ឆ្នាំ​ម្តង​។

ប្រធាន​គ្រប់គ្រងផ្នែក​អង្កេត​នៅ​អង្គការ​លី​កាដូ​ លោក ​អំ​ សំអាត​ ហៅ​ការ​ចល័ត​មន្ត្រី​តុលាការ​នេះ​ថា​ មិនបាន​ជំរុញ​ដល់​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​តាម​យន្តការ​ប្រជាធិបតេយ្យ​ទេ​ បើ​ស្មារតី​ច្បាប់​នៅតែ​តាក់តែង​ឡើង​ដើម្បី​ដាក់ទោស​តែ​មនុស្ស​មួយ​ក្រុម​ ហើយ​ទុកចន្លោះ​ឱ្យ​អ្នកនយោបាយ​ប្រើ​ឥទ្ធិពល​គ្រប​ដណ្តប់​នោះ​។

លោក ថា៖ «ជួនកាលក៏ជាការលើកទឹកចិត្តដល់ព្រះរាជអាជ្ញា និងចៅក្រមមួយចំនួនដែលធ្វើការល្អសម្រាប់រដ្ឋាភិបាល ធ្លាប់ការពាររដ្ឋាភិបាលកន្លងមកហ្នឹង»។

អ្នកជំនាញ​ផ្នែក​ច្បាប់​ លោក​មេធាវី​ សុក​ សំ​អឿ​ន មានប្រសាសន៍​ថា​ វិធី​ចល័ត​មន្ត្រី​តុលាការ​ជា​ការកាត់បន្ថយការកាត់ក្តីដោយលំអៀង ​ប៉ុន្តែ​ ថា​ បើ​ចង់​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ត្រូវ​ធ្វើ​ឱ្យ​ស្ថាប័ន​តុលា​ការ ​និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ផង​ ជា​ស្ថាប័ន​ឯករាជ្យ​។

លោក បន្តថា៖ «ដើម្បីឲ្យប្រព័ន្ធយុត្តិធម៌ឯករាជ្យ ទី១ យើងត្រូវមើលទៅលើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សំខាន់ឲ្យពួកគាត់ឯករាជ្យ។ អាពាក្យ «ឯករាជ្យ» មិនប៉ះពាល់ដល់ការតែងតាំង ការដាក់ទណ្ឌកម្ម និងសុវត្ថិភាពការងាររបស់គាត់។ បន្ទាប់មកទៀត ពាក់ព័ន្ធនឹងតុលាការបើស្ថាប័នគេត្រូវមើលពីហិរញ្ញវត្ថុ»។

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោកស្រី​ មូរ​ សុខ​ហួរ​ មានប្រសាសន៍​ថា​ ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​កើត​ចេញ​ពី​ឆន្ទៈ​នយោបាយ​ មិនកើត​ចេញពី​ការ​ចល័ត​មន្ត្រី​តុលាការ​ទេ​ ដោយ​ថា ​បច្ចុប្បន្ន​ មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​កាន់អំណាច​ជាច្រើន​ កំពុង​កាន់​តួនាទី​សំ​ខាន់​ៗនៅ​ស្ថាប័ន​យុត្តិធម៌​។

លោកស្រី ថា៖ «ដូចជា ឯកឧត្តម ឌិត មន្ទី ជាប្រធានតុលាការកំពូល តូនាទីរបស់គាត់នៅក្នុងគណបក្សប្រជាជនកម្ពុជាខ្ពស់។ ចៅក្រមមួយចំនួនដែលបានចូលរួមកាត់សេចក្តីក្នុងរឿងនយោបាយ ហើយបានឡើងតួនាទី មិនអាចហៅថា ជាការកែទម្រង់ទេ»។

ក្រុម​យុវជន១០០រាត្រី​ អះអាង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ម​ន្ត្រី​ជាន់ខ្ពស់​នៅ​គណៈកម្មាធិការ​កណ្តាល ​និង​គណៈ​អចិន្ត្រៃយ៍​របស់​គណបក្សប្រជាជន​កម្ពុជា​ យ៉ាងតិច១០នាក់​កាន់​តួនាទី​សំ​ខាន់​ៗនៅ​ប្រព័ន្ធ​យុត្តិធម៌​នេះ​។ ក្នុង​នោះ​មាន​ លោក​ ឌិត​ មន្ទី​ ជា​ប្រធាន​តុលាការ​កំពូល​ លោក​ អ៊ុំ​ សា​រិទ្ធិ​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​លោក​ អង្គ​វង្ស​ វឌ្ឍា​នា​ ជារ​ដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ជាដើម​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន​ បាន​ច្រានចោល​ការ​លើកឡើង​នេះ​ ដោយ​អះអាង​ថា​ សមាជិក​បក្ស​មកកាន់​តួនាទី​នៅ​ស្ថាប័ន​យុត្តិធម៌​ មិនមែន​ជា​កត្តា​រារាំង​ដល់​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌​ និង​រារាំង​ដល់​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ទេ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​ហៅ​ការ​ផ្លាស់​ប្តូរ​មន្ត្រី​តុលាការ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​រយៈពេល៤ឆ្នាំ​ម្តងនេះ​ បាន​ចូលរួម​ចំណែក​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​ទប់ស្កាត់​អំពើពុករលួយ​។

លោក មានប្រសាសន៍ថា៖ «យន្តការបក្សហ្នឹង វាមិនជាមានឥទ្ធិពលអីប៉ុន្មានទេ ព្រោះអីប្រទេសខ្លះក៏គេអនុញ្ញាតឲ្យចៅក្រមខ្លះជាសមាជិកនយោបាយរបស់បក្សដែរ ព្រោះនេះជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ។ មិនមែនគេមកបំពេញការងារសាធារណៈ គេត្រូវបាត់បង់សិទ្ធិនយោបាយទេ»។

តំណាង​អ្នកមាន​ជម្លោះដីធ្លី​នៅ​ឃុំ​តាជេស ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​ អ្នកស្រី​ អ៊ុំ​ សុភី​ អះអាង​ថា​ អ្នកស្រី​មានការ​ភ្ញាក់ផ្អើល​ពី​ដំណឹង​ចល័ត​មន្ត្រី​តុលាការ​បែបនេះ​។

ស្ត្រី​មាន​ជម្លោះដីធ្លី​រូប​នេះ​ បញ្ជាក់​ថា​ ពួកគាត់​នឹង​ទៅ​រំឭក​​តុលា​កា​រម្តងទៀត​ ដើម្បី​ឱ្យ​ដំណើរការ​សំណុំរឿង​ប្តឹង​ ក្រុមហ៊ុន​ KDC ​របស់​លោកស្រី​ ជា​ ខេង​ ភរិយា​លោក​ ស៊ុយ​ សែន​ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ លើ​ទំហំដី១១៨ហិ​កតា​ ប៉ះពាល់​ពលរដ្ឋ៤៩គ្រួសារ​ ដែល​ថា​បាន​អូស​បន្លាយ​ជាង១៣ឆ្នាំ​មកនេះ​។

កាលពីខែកុម្ភៈឆ្នាំនេះ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍មួយបន្ដចាត់ថ្នាក់កម្ពុជា ជាប្រទេសមានប្រព័ន្ធយុត្ដិធម៌ទន់ខ្សោយបំផុត ក្នុងចំណោមប្រទេស១២៦ កម្ពុជាមានពិន្ទុលើតែប្រទេសវេណេស៊ុយអេឡាមួយប៉ុណ្ណោះ។

អង្គការអន្ដរជាតិមួយនេះ បញ្ជាក់ថា ការផ្ដល់ពិន្ទុទាបដល់កម្ពុជាបែបនេះ តាមសូចនាករមួយចំនួន ដូចជា អំពើពុករលួយ តម្លាភាពរបស់រដ្ឋាភិបាល សិទ្ធិសេរីភាពមូលដ្ឋាន ការអនុវត្តច្បាប់ យុត្តិធម៌សង្គម និងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ