បទយកការណ៍៖ អ្នកធ្វើនំបញ្ចុកចង់បានការគាំទ្រពិតប្រាកដ ជាជាងការអំពាវនាវម្ដងម្កាលពីអ្នកនយោបាយ

ស្ដ្រីម្នាក់កំពុងធ្វើនំបញ្ចុកសម្រាប់យកទៅលក់អោយម៉ូយផ្សេងៗក្នុងភូមិ។ រូបភាព៖ សូត សុខប្រាថ្នា

​នំបញ្ចុក ជាប្រភេទ​អាហារម្យ៉ាងរបស់ខ្មែរដែលនិយមបរិភោគ ពិសេស​នៅ​ពេល​ដែល​ជួបជុំបងប្អូនសាច់​ញាតិក្នុងកម្មវិធីបុណ្យទាន​ផ្សេងៗ។​

ប៉ុន្តែ នៅដើមខែមិថុនានេះ នំបញ្ចុកត្រូវបាន​មហាជនខ្មែរលើកឈ្មោះ​យក​មកនិយាយ​ និង​នាំគ្នា​ទទួលទាន​ច្រើន​ជាង​ពេល​ធម្មតា។ និន្នាការនេះ បានកើតឡើងដោយសារតែ​អ្នកនយោបាយខ្មែរបានប្រកាសឱ្យអ្នកគាំទ្ររបស់ខ្លួន និងពលរដ្ឋទូទៅចូលរួមបរិភោគនំបញ្ចុក ដែលពួកគេឱ្យឈ្មោះថា ជានំបញ្ចុកសាមគ្គីជាតិ និងឯកភាពជាតិ។

ក្រោយពេលមានការណែនាំឱ្យចូលរួមហូបនំបញ្ចុកពីអ្នកនយោបាយ​ តម្រូវការនំបញ្ចុកក៏បានកើនឡើងគួរឲ្យ​កត់សម្គាល់ ហើយតម្លៃក៏កើនឡើងដែរ កាលពីថ្ងៃទី៩ ខែមិថុនានោះ។

សម្រាប់អ្នកធ្វើនំបញ្ចុកនៅខេត្តបាត់ដំបងមួយចំនួន បានលើកឡើងស្រដៀងគ្នាថា​ ពួកគេចង់ឱ្យពលរដ្ឋខ្មែរទាំងឡាយបង្ហាញការគាំទ្រពិតប្រាកដតាមរយៈការបរិភោគឱ្យបានញឹកញាប់ ដោយពុំចាំបាច់ទាល់តែមានការណែនាំពីអ្នកនយោបាយនោះឡើយ ត្បិតនំបញ្ចុកជាអត្តសញ្ញាណមួយរបស់ខ្មែរ ។

រស់នៅភូមិអូរតាគាំពីរ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង អ្នកស្រី ហង់ ច្រិប មានវ័យ៥២ឆ្នាំនិយាយបណ្តើរ​ដៃ និងភ្នែកកំពុងរវល់សម្លឹងមើលទៅនំបញ្ចុកក្នុង​ចានដែក ព្រមទាំងចាប់ជាចង្វាយដាក់ល្អីបណ្តើរផងនោះ រៀបរាប់ថា គ្រួសារអ្នកស្រីបានចាប់យកមុខរបរធ្វើនំបញ្ចុកនេះ ជិត ២០ឆ្នាំមកហើយ។

អ្នកស្រីថា មុខរបរនេះជាផ្នែកមួយជួយដល់គ្រួសារគាត់ឱ្យមានជីវភាពប្រសើរ និងមានការងារធ្វើជាប្រចាំ ដោយពុំចាំបាច់ឱ្យកូនៗចំណាកស្រុក។

អ្នកស្រី ប្រាប់ពីរបៀបធ្វើនំបញ្ចុកដូច្នេះថា៖ «មុនដំបូង ត្រាំអង្ករ ត្រាំអង្ករហើយ យើងលាងទឹក ហើយកិន។ កិនហើយយកទៅសង្កត់ សង្កត់ហើយយកទៅស្ងោរ ស្ងោរហើយបានយកទៅវ៉ៃ ក្នុងម៉ាស៊ីន វ៉ៃហើយបានយកមករោយ រោយហើយបានយកមកចាប់។ អានេះ (នំបញ្ចុក) បើគ្មានទឹកពុះ ដឹងតែខូចអស់ហើយ ទាល់តែទឹកពុះរំងាប់មេរោគទាំងអស់ អានេះអត់មានប៉ះពាល់អីទេ ហើយនំនេះទុកបានតែមួយថ្ងៃទេ  »។

ពលរដ្ឋដដែល លើកឡើងថា ថ្ងៃធម្មតា គ្រួសារគាត់ផលិតនំបញ្ចុកគិតជាអង្ករមួយថ្ងៃ ប្រមាណ ១រយគីឡូគ្រាម ដើម្បីបោះឱ្យម៉ូយមួយចំនួនយកទៅស្លលក់នៅតាមផ្សារឱ្យភ្ញៀវ។ អ្នកស្រីថា មួយគីឡូអង្ករបានជានំបញ្ចុកប្រមាណ ១គីឡូក្រាម ឬលើសពីនេះតិចតួច ហើយនំបញ្ចុកមួយគីឡូលក់បានតម្លៃ ២៥០០រៀលនាថ្ងៃធម្មតា។

អ្នកស្រីរំលឹកថា នៅពេលមានការអំពាវនាវ​ពីអ្នកនយោបាយឱ្យអ្នកគាំទ្រខ្លួននាំគ្នាហូបនំបញ្ចុកសាមគ្គីកាលពីថ្ងៃទី៩ ខែមិថុនា​ តម្រូវការបញ្ជាទិញនំបញ្ចុកឡើងដល់ជាង ៦រយគីឡូក្រាមនៅថ្ងៃនោះ ហើយតម្លៃក៏ឡើង ៥០០រៀលដែរ ពោលគឺតម្លៃ ៣០០០រៀលក្នុងមួយគីឡូក្រាម។ 

អ្នកផលិតនំបញ្ចុករូបនេះ បង្ហាញភាពរីករាយនៅពេលឃើញមានការគាំទ្រច្រើននៅថ្ងៃនោះ ប៉ុន្តែចង់ឱ្យពលរដ្ឋខ្មែរនាំគ្នាបន្តគាំទ្រនំញ្ចុករបស់គាត់ឱ្យបានពិតប្រាកដ ឬបង្កើនការគាំទ្របន្ថែមទៀត ជាជាងមានការអំពាវនាវពីអ្នកនយោបាយម្តងម្កាលនោះ។

លោកបន្តថា៖ «ឱ្យប្រជាពលរដ្ឋជួយគាំទ្រនំបញ្ចុកខ្មែរយើងផង អត់មានប្រើថ្នាំ ប្រើអីទេ»។

ចុះពីក្រុងបាត់ដំបងបន្តិច ពលរដ្ឋនៅឃុំអន្លង់វិល ស្រុកអន្លង់វិល អ្នកធ្វើនំបញ្ចុកមួយរូបទៀតមានវ័យ៦០ឆ្នាំ លោក ស៊ិន សឿង មានប្រសាសន៍ថា លោកបានចាប់យកមុខរបរនេះ តាំងពីក្រោយសម័យខ្មែរក្រហមឆ្នាំ១៩៧៩មក ដោយចាប់ផ្តើមពីរបៀបធ្វើ​តាមរយៈឧបករណ៍បុរាណខ្មែរម្យ៉ាង ហៅថា «ខ្តឿង»«ជាន់ខ្តឿង»

លោកថា បច្ចុប្បន្ន ការធ្វើនំបញ្ចុក គេមានម៉ាស៊ីនជំនួយ ជាប្រភេទម៉ាស៊ីនធន់តូច ឬធន់ធំផងដែរ។ ដោយសារមុខរបរនេះជាអត្តសញ្ញាណជាតិខ្មែរ ​ទើបលោកចង់ឱ្យពលរដ្ឋខ្មែរទូទាំងប្រទេសបន្តគាំទ្រឱ្យបានច្រើន។

លោក មានប្រសាសន៍ថា៖ «អាហ្នឹង (នំបញ្ចុក) ពីកេរដំណែលរបស់ដូនតាយើង ពីសម័យណា តាំងសម័យធនញ្ជ័យ តាមខ្ញុំដឹង»។

លោកថា ការបញ្ជាទិញដែលមានច្រើនជាងគេ គឺនៅរដូវបុណ្យចូលឆ្នាំខ្មែរ ក្រៅពីនេះគឺមានការបញ្ជាទិញពីម៉ូយក្នុងភូមិ ​មួយថ្ងៃប្រមាណ៥០គីឡូក្រាមនំ ហើយតម្លៃ ២៥០០រៀល ប៉ុន្តែ លោកក៏ត្រូវចំណាយដើមទុនទៅវិញ ដូចជា ថ្លៃអង្ករ ទឹក ភ្លើង អង្កាម ប្រេង និងឧស ជាដើម។

អ្នកប្រកបមុខរបរលក់នំបញ្ចុកនៅផ្សាររោងល្ខោន ក្រុងបាត់ដំបងម្នាក់ អ្នកស្រី ង៉ែត សុខុម មានវ័យ៥១ឆ្នាំ រៀបរាប់ថា អ្នកស្រីជាម៉ូយយកនំបញ្ចុក​ជាប្រចាំពីអ្នកស្រី ហង់ ច្រិប។ អ្នកស្រីថា ការស្លនំបញ្ចុកលក់ជាង១០ឆ្នាំមកនេះ គ្មានបញ្ហានោះឡើយ​ ដោយលក់​ក្នុងមួយព្រឹកបានជាង ២០ម៉ឺនរៀល ហើយទូទាត់ទៅសល់ប្រមាណ ៥ម៉ឺនរៀលដែរ។

អ្នកស្រីថា ម៉ូយដែលមកហូបនំបញ្ចុករបស់អ្នកស្រីជាប្រចាំ គេតែងសរសើរអំពីរសជាតិនំ និងសម្លរ ហើយក៏មិនធ្លាប់មានបញ្ហាសុខភាពនោះដែរ។

អ្នកស្រីបន្ថែម៖ «ខ្ញុំលក់អីចឹងទៅ ម៉ូយធ្លាប់ហូប ដឹងតែព្រលឹមឡើងដឹងតែគេមកប្រឹបៗអីចឹងទៅប៉ារោយ។ ចាស៎! គ្រាន់តែសុំឱ្យបងប្អូនប្រជាពលរដ្ឋមកជួយទិញនំបញ្ចុកខ្ញុំ»។

នំបញ្ចុកបានក្លាយជាទីចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយពេលការហូបនំបញ្ចុកបានក្លាយជារឿងនយោបាយ ត្បិតអតីតសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិនៅខេត្តបាត់ដំបងប្រមាណ ៣០នាក់ ត្រូវបានតុលាការកោះហៅចូលបំភ្លឺជាបន្តបន្ទាប់កាលពីខែមុន ដោយពួកគេមួយចំនួនអះអាងថា ការកោះហៅនោះពាក់ព័ន្ធនឹងការហូបនំបញ្ចុករួមគ្នារបស់ពួកគាត់កន្លងមកតែម្តង។

ក្រៅពីនេះ អតីតសកម្មជន និងមន្ត្រីបក្សប្រឆាំងនៅខេត្តកំពង់ធំជាង ៣០នាក់ទៀត ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានកោះហៅសាកសួរ ពាក់ព័ន្ធការបរិភោគនំបញ្ចុកជុំគ្នានេះដែរ។

អតីតមេបក្សប្រឆាំងដែលនៅខាងក្រៅប្រទេស គឺលោក សម រង្ស៊ី ធ្លាប់បានអំពាវនាវឱ្យអាជ្ញាធរលោក ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើអ្នកគាំទ្ររបស់ខ្លួន ដោយគ្រាន់តែពួកគេហូបនំបញ្ចុកជុំគ្នានោះ។ លោកក៏បានណែនាំឱ្យពលរដ្ឋចូលរួមហូបនំបញ្ចុក ដោយ​ថា ជាការហូបនំបញ្ចុកភាតរភាព ឬជាបងប្អូន គ្មានប្រកាន់បក្ខពួក ជាដើម។

កាលពីថ្ងៃទី៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នំបញ្ចុកជាអត្តសញ្ញាណជាតិខ្មែរ ដោយមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់គណបក្សនយោបាយណាមួយនោះឡើយ។ លោកបញ្ជាក់ថា នំបញ្ចុកមិនមែនជាបញ្ហាធ្វើឱ្យបែកបាក់ជាតិនោះទេ ប៉ុន្តែ នំបញ្ចុកជាការបង្ហាញឯកភាពជាតិ សាមគ្គីជាតិខ្មែរ​។ 

លោកក៏បានអំពាវនាវឱ្យគាំទ្រនំខ្មែរនេះឱ្យបានច្រើន ដោយថា ជាផ្នែកនៃការលើកកម្ពស់ផលិតផលក្នុងស្រុកផងដែរ។

លោកមានប្រសាសន៍ថា៖ «ដូច្នេះ នំបញ្ចុកកុំក្លាយទៅជាបញ្ហានយោបាយឱ្យសោះ។ អីចឹងទេ ការទទួលទាននំបញ្ចុកនៅថ្ងៃទី៩ មិថុនា និងនៅថ្ងៃបន្តបន្ទាប់ទៀត មិនមែនស៊ីតែអាថ្ងៃទី៩ ទេ។ នរណាឃ្លានថ្ងៃហ្នឹង ទៅស៊ីថ្ងៃហ្នឹងទៅ កុំឆ្ងល់ពេក។ ថ្ងៃហ្នឹងទី៦ ហ្អេ ទី៦ ឃ្លានក៏ទៅស៊ី ទី៧ឃ្លាន ក៏ទៅស៊ី ទី៨ឃ្លាន ក៏ទៅស៊ី ហើយអាទី៩ឃ្លាន ក៏ទៅស៊ី ដល់អាទី១០ ទី២០ ក៏ចេះតែស៊ីទៅ។ វា (នំបញ្ចុក) ជាអត្តសញ្ញាណជាតិរបស់យើង ហើយយើងកំពុងតែជំរុញការប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុក »។

យ៉ាងនេះក្តី លោក ហ៊ុន សែន បានបញ្ជាក់ថា ទោះបីមានព្រឹត្តិការណ៍ហូបនំបញ្ចុកសាមគ្គីជាតិក្តី ប៉ុន្តែ គ្មានការចរចានយោបាយណាមួយនៅក្រោយព្រឹត្តិការណ៍នេះឡើយ។

ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ លោក វន់ ពៅ ក៏ជំរុញឱ្យពលរដ្ឋគាំទ្រនំបញ្ចុកខ្មែរដោយឆន្ទៈពិតប្រាកដ និងជារៀងរហូត ជាជាងគាំទ្រតាមទំនោររបស់អ្នកនយោបាយ។

លោកថា ការគាំទ្រនំបញ្ចុកខ្មែរបានផ្តល់ប្រយោជន៍ជូនជាតិច្រើន ដូចជា ការរក្សាអត្តសញ្ញាណជាតិមួយនេះបានយូរអង្វែង ការបង្កើតការងារ​ដល់អ្នកផលិត និងអ្នកលក់ផងដែរ។

លោក វន់ ពៅ ក៏ចង់ឱ្យអ្នកផលិត និងអ្នកលក់បង្កើនគុណភាព និងអនាម័យ ចៀសវាងមានបញ្ហាប្រឈមនឹងការពុលណាមួយកើតឡើង។

លោកបន្តថា៖ «អីចឹង ខ្ញុំសុំឱ្យអ្នកធ្វើនំបញ្ចុករក្សាគុណភាព និងអនាម័យឱ្យបានល្អ ចៀសវាងនូវការពុល ដែលធ្វើឱ្យខូចក្រេឌីត ឬខូចឈ្មោះនំបញ្ចុកខ្មែរ។ សំខាន់មួយទៀត ក្រសួងពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងផ្នែកពិនិត្យគុណភាពចំណីអាហារ ត្រូវពិនិត្យមើលឱ្យបានមែនទែន ទៅលើការផលិតនំបញ្ចុក។ ត្រូវណែនាំពលរដ្ឋរបស់ខ្លួនឱ្យផលិតទៅតាមស្តង់ដារជាតិមួយជាក់លាក់ ដើម្បីធានានូវការប្រើប្រាស់នំបញ្ចុកខ្មែរពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា បងប្អូនអន្តរជាតិមួយចំនួនដែលគាត់និយមចូលចិត្ត»។

កាលពីថ្ងៃទី៨ ខែមិថុនា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា ក្រោយពិធីពិសានំបញ្ចុកសន្តិភាព សាមគ្គីភាព ឯកភាពជាតិទូទាំងប្រទេសរួច លោកនឹងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីស្នើសុំទៅអង្គការយូណេស្កូ ដើម្បីចុះបញ្ជីនំបញ្ចុកជាម្ហូបតំណាងអត្តសញ្ញាណជាតិខ្មែរ ជាសម្បត្តិបេតិកភណ្ឌអរូបិយពិភពលោក​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ