លោក​ នេត​ សាវឿ​ន ចេញ​បញ្ជា​ឱ្យ​កាត់​ផ្តាច់​ឫសគល់​មេ​ខ្លោង​គ្រឿងញៀន​

ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំបើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងទីតាំងកម្សាន្តនានា ដែលមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដើម្បីអនុវត្តស្របតាមផែនការយុទ្ធសាស្រ្តប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤។ រូបភាព៖ វេបសាយ ក្រសួងមហាផ្ទៃ

អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ នេត​ សាវឿ​ន បាន​ចេញ​បទបញ្ជា៥​ចំណុច​ ក្នុង​នោះ​ត្រូវ​ចាប់​មេ​ខ្លោង​គ្រឿងញៀន​មក​ផ្តន្ទា​ទោស​ ​ដើម្បី​សម្រេច​ទិសដៅ​លុបបំបាត់​បញ្ហា​នេះ​ទាំងស្រុង​ ត្រឹម​ឆ្នាំ២០១៩នេះ​ ។

ក្រសួងមហាផ្ទៃ​បាន​ចុះផ្សាយ​លើគេហទំ​​ព័រ​របស់​ខ្លួន​ថា​ ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្រសួង​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ នេត​ សាវឿ​ន រំឭក​ថា​ ដើម្បី​ឈាន​ទៅ​លុបបំបាត់​ការ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ត្រឹម​ឆ្នាំ២០១៩នេះ​ តាម​អនុសាសន៍​របស់​រដ្ឋមន្ត្រី​ លោក​ ស ខេង​ មន្ត្រី​ត្រូវ​ប្តេជ្ញា​រួមគ្នា​អនុវត្ត​នូវ​ការ​ដាក់ចេញ​ទិសដៅ៥ចំណុច​។

បើ​តាម​លោក​ នេត​ សាវឿ​ន ត្រូវ​កំណត់​ទីតាំង​គោលដៅ​ដែល​ងាយ​កើតឡើង​នូវ​បទល្មើស​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​តាម​ក្លឹប​កម្សាន្ត​ និង​ទីតាំង​កម្សាន្ត​នានា​ ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ ត្រូវ​បំផុស​ការ​ផ្សព្វផ្សាយ​ឱ្យ​មានការ​ចូលរួម​ និង​ត្រូវ​ «បន្ត​ខិតខំ​ទប់ស្កាត់​ការនាំចូល​ពីក្រៅ​ប្រទេស​ និង​ស្រាវជ្រាវ​បង្ក្រាប​ឱ្យ​ដល់​ឫសគល់​កាត់​ផ្តាច់​ខ្សែរយៈ​បណ្ដាញ​ និង​តាម​ចាប់​មេ​ខ្លោង​មក​ផ្ដន្ទាទោស​តាម​ច្បាប់​»

បើ​តាម​របាយការណ៍​ចុះ​ថ្ងៃទី១៩ ខែមិថុនា​នេះ ​ក្រសួងមហាផ្ទៃ​អះអាង​ថា​ កម្ពុជា​បច្ចុប្បន្ន​ជា​ប្រទេស​រងគ្រោះ​ពី​ការ​ដឹកជញ្ជូន​ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ ដែល​ថា​មាន​ប្រភព​មក​ពី​តំបន់ត្រីកោណ​មាស​ ពី​តំបន់​អា​ហ្វ្រិច​ អាមេរិក​ខាងត្បូង​ និង​អឺរ៉ុប ​ឆ្លងកាត់​តាម​របៀន​ព្រំដែន​គោក​ទឹក​ និង​ភាគ​ឦសាន​ប្រទេស​ ។

ក្រសួង​ថា​ បញ្ហា​ប្រឈម​មួយទៀត​គឺ​ភូមិសាស្ត្រ​ ដូចជា ​តំបន់​ព្រំដែន​ កត្តា​ជីវភាព​ពលរដ្ឋ​ គួបផ្សំ​នឹង​ការ​ភ្លើតភ្លើន​របស់​យុវជន​មួយចំនួន​។

នាយក​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​ និង​សន្តិភាព​ លោក​ យង់​ គិម​អេង មានប្រសាសន៍ថា​ បញ្ហា​គ្រឿងញៀន​ពេលនេះ​ស្ទើរ​ដល់កម្រិត​ប្រកាស​អាសន្ន​ ដោយ​ថា​ ពេលនេះ​ វា​បាន​រាលដាល​ទៅដល់​ជនបទ​ដាច់ស្រយាល​ហើយ​។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ផ្តល់​ជា​យោ​បល់​ថា​ ជ្រុង​មួយទៀត​នៃ​ការទប់ស្កាត់​បញ្ហា​នេះ​ឱ្យ​មានប្រសិទ្ធភាព​ រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់​អំពើពុករលួយ ​និង​ត្រូវ​នានា​ថា ម​ន្ត្រី​ជំនាញ​មិន​ក្លាយជា​អ្នក​កាង​បទល្មើស​។

លោក ​ថា​៖ «បើកាលណា​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​ហើយ​ ការ​បង្ក្រាប​វា​លំបាក​ណាស់​ បាទ!​ ហើ​យម្យ៉ាង​ទៀត​យើង​ដឹង​ហើយ​ថា​ ឈ្មួញឧក្រិដ្ឋ​កម្ម​ជួញដូរ​គ្រឿងញៀន​ភាគច្រើន​គេ​មាន​លុយ​។ ដូច្នេះហើយ​លុយ​ងាយ​នឹង​ទាក់ទាញ​មនុស្ស​ឱ្យ​ឈ្លុក់វង្វេង​ រួម​ទាំង​មន្ត្រី​អនុវត្ត​ច្បាប់​នោះ​ផង​»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​លោក​ សន​ ជ័យ​ ហាក់​មាន​ជំនឿ​តិចតួច​ថា​ កម្ពុជា​អាច​នឹង​លុបបំបាត់​ទាំងស្រុង​នូវ​បញ្ហា​គ្រឿងញៀន​នេះ​បាន​ត្រឹម​ឆ្នាំ២០១៩នេះ​ បើ​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​អំពើពុករលួយ​បាន​ ដោយ​ថា​ មេ​ខ្លោង​គ្រឿងញៀន​តែងតែ​នៅជា​មួយ​មន្ត្រី​មានអំណាច​។

លោក មានប្រសាសន៍​ថា​៖ «ក្រៅតែ​ពីឥទ្ធិពល​នៃ​មេ​ខ្លោង​ចែកចាយ​គ្រឿងញៀន​នេះ​ យើង​ហាក់​មើលឃើញ​ពី​ទម្រង់​នៃ​ការបែងចែក​នៃ​អំពើពុករលួយ​ យើង​ឃើញ​ហើយ​ដូច​ករណី​នៅ​រ៉ក់​អ៊ីចឹង​ ទំ​ហំ​នៃ​ការ​បង្ក្រាប​វា​គួរតែ​ធំ​ គូ​រតែហ្ម​ត់​ចត់ ​ដើម្បី​ធានា​ថា ​អ្នក​ដែល​មាន​ឥទ្ធិពល​កម្រិត​ណាក៏ដោយ​ ឱ្យ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​គ្រឿងញៀន​ គឺ​ពួកគេ​ត្រូវតែ​ស្ថិតនៅ​ក្រោមអំណាច​នៃ​ច្បាប់​»។

ក្រសួងមហាផ្ទៃ​ឱ្យ​ដឹង​ថា​ គិត​ពី​ចុងឆ្នាំ​២០១៨​ រហូតដល់​ដើមឆ្នាំ២០១៩នេះ​ ​ស្ថានភាព​នៃ​ការ​ជួញ​ដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​រីកសាយ​ភាយ​នៅ​តាម​រង្គសាល​ ក្លឹប​កំ​សាន្ត ខារ៉ាអូខេ​ និង​ក្លឹប​រាត្រី​ ឬបារបារាំង​ ជាដើម​។

តាម​របាយការណ៍៥ខែ​ដើមឆ្នាំ​នេះ​ សមត្ថកិច្ច​បង្ក្រាប​ បទល្មើស​គ្រឿង​ញៀន​បាន​ជាង​បី​ពាន់​ករណី​(៣,៣៣៥​) ឃាត់ខ្លួន​មនុស្ស​បាន​ជាង ៧ពាន់​នាក់ ​(៧,០៩៧​) មេ​ខ្លោង ១២នាក់​ ខ្សែរយៈ​បណ្តាញ ៥២នាក់ ​រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ជាង​បី​រយ​គីឡូក្រាម​ (៣១០.៩៨​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ