វាសនា​ផ្កា​ប្រជាធិបតេយ្យក្នុង​សួន​កុម្មុយនីស្ត​ចិន

លោកប្រធានាធិបតី ស៊ី ជីនពីង

ប្រវត្តិ

រដ្ឋាភិបាលចិន​បានប្រគល់ដែនដីហុងកុងឱ្យអង់គ្លេសគ្រប់គ្រងកាលពីឆ្នាំ១៨៤២ ក្រោយសង្គ្រាមអាភៀនលើកទី១។ ក្រោយមកប្រជាជនចិនដីគោកបានរត់ឆ្លងដែនទៅរស់នៅលើដែនដីក្រោមអាណានិគមអង់គ្លេសនេះជាបន្តបន្ទាប់ ដោយសារតែបញ្ហាជីវភាព និងសេរីភាពក្នុងការរស់នៅ។​

ស្ថានភាពនយោបាយនៅក្នុងតំបន់ និងពិភពលោកមានការប្រែប្រួលនៅក្នុងខែកក្កដា ឆ្នាំ១៩៩៧ អង់គ្លេសបានប្រគល់ដែនដីឱ្យចិនគ្រប់គ្រងវិញ ក្រោយគ្រប់គ្រងបាន១៥៥ឆ្នាំ។ ការប្រគល់ដែនដីនេះមានកិច្ចព្រមព្រៀងរយៈពេល៥០ឆ្នាំគឺរក្សាដែនដីហុងកុងស្ថិតនៅក្នុងរដ្ឋាភិបាលស្វយ័តមួយដែលមានការដឹកនាំតាមបែបប្រជាធិបតេយ្យ ពលរដ្ឋមានសិទ្ធិសេរីភាពជ្រើសរើសមេដឹកនាំ គោរពសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌ឯករាជ្យមិនស្ថិតនៅក្រោមរដ្ឋអំណាចចិនប៉េកាំងទេ។​

ស្ថានភាពបច្ចុប្បន្ន

ស្ថានភាពប៉ុន្មានឆ្នាំចុងក្រោយពិសេសក្រោយចលនាឆ័ត្រកើតឡើងកាលពីឆ្នាំ២០១៤មក ពលរដ្ឋហុងកុងងើបតវ៉ាជាបន្តបន្ទាប់ដោយចោទថា រដ្ឋាភិបាលស្វយ័តហុងកុងដាក់សម្ពាធរឹតត្បិតសេរីភាពរបស់ពួកគេ ក្រោមការបញ្ជាពីរដ្ឋាភិបាលកណ្តាលចិនដីគោក។​

ចាប់ពីដើមខែមិថុនា ឆ្នាំ២០១៩ ចលនាតវ៉ារបស់ពលរដ្ឋហុងកុងផ្ទុះឡើងជាថ្មីទៀត ប្រឆាំងច្បាប់ធ្វើបត្យាប័នបញ្ជូនពលរដ្ឋហុងកុងទៅកាត់ទោសនៅតុលាការចិន។ អ្នកចូលរួមបាតុកម្មជាទ្រង់ទ្រាយធំគឺនៅថ្ងៃទី៩ ខែមិថុនា មានអ្នកចូលរួមជាង១លាន៣ម៉ឺននាក់ ចំណែកនៅថ្ងៃទី១៦ ខែមិថុនា អ្នកចូលរួមមានជាង២លាននាក់។​

ចលនាតវ៉ារបស់ពលរដ្ឋហុងកុងមិនទាន់បញ្ចប់ទេ គឺពួកគេបញ្ជាក់ថា នឹងមានការប្រមូលផ្តុំជាបន្តបន្ទាប់ទៀត ដើម្បីទាមទារឱ្យទម្លាក់សេចក្តីព្រាងច្បាប់ដែលមានភាពចម្រូងចម្រាសនេះចោល ហើយទាមទារឱ្យលោកស្រី ការី ឡាំ ជាមេដឹកនាំ ចុះចេញពីតំណែងដោយសារតែរងការចោទថា មិនមានសមត្ថភាព។​

គម្រោងបាតុកម្មអាចនឹងផ្ទុះឡើងធំនៅក្នុងខែកក្កដាខាងមុខនេះទៀត ជាខួបដែលអង់គ្លេសប្រគល់ដែនដីនេះឱ្យទៅចិនគ្រប់គ្រង។​ បើទោះជាពេលវេលាចិនគ្រប់គ្រងដោយមិនផ្ទាល់លើដែនដីនេះវិញ២២ឆ្នាំហើយក៏ដោយ ប៉ុន្តែ ពលរដ្ឋនៅតែចង់បានការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជារៀងរហូត ​មិនមែនតែ ៥០ឆ្នាំដូចកិច្ចព្រមព្រៀងរវាងអង់គ្លេស និងចិននោះទេ។​

វាសនាអនាគតរបស់ហុងកុង

បច្ចុប្បន្ន ចិនកំពុងតែប្រណាំងប្រជែងគ្រប់វិស័យជាមួយសហរដ្ឋអាមេរិក ដើម្បីក្លាយជាបងធំរបស់ពិភពលោក។ ដើម្បីក្លាយជាប្រទេសខ្លាំងក្លាបាន គឺការបង្រួបបង្រួមជាតិពង្រឹងអំណាចផ្ទៃក្នុង។

កុំថាឡើយដែនដីហុងកុងចង់ក្លាយជាប្រទេសប្រជាធិបតេយ្យឯករាជ្យពីចិន សូម្បីតែដែនដីតៃវ៉ាន់ដែលមានការគាំទ្រពីមហាអំណាចលោកសេរី ហើយមានប្រទេសតូចៗជិត ២០ទទួលស្គាល់ជារដ្ឋឯករាជ្យ ក៏ចិនគំរាមវាយយកមកគ្រប់គ្រងវិញដែរ។​

បេះដូងអ្នកស្រលាញ់ប្រជាធិបតេយ្យនៅចិនមិនមែនទើបតែបង្ហាញនៅហុងកុងនេះទេ គឺនៅចិនដីគោកប្រជាជនចិនជាង១លាននាក់ក៏ធ្លាប់ប្រមូលផ្តុំនៅទីលាន ធានអានមិន កាលពីឆ្នាំ១៩៨៩ ដើម្បីទាមទារប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងការធ្វើកំណែទម្រង់សេដ្ឋកិច្ច។ លទ្ធផលពេលនោះ រងការបង្ក្រាបយ៉ាងសាហាវ មានការបាញ់សម្លាប់ និងបើករថគ្រោះកិនបាតុករ បណ្តាលឱ្យមានអ្នកស្លាប់ជាង១ម៉ឺននាក់។​

Chai Ling in Tiananmen Square on May 28, 1989 (Chip Hires/Gamma-Rapho via Getty Images)
អ្នកតវ៉ាម្នាក់ឈ្មោះ Chai Ling នៅទីលាន ធានអានមិន នៅថ្ងៃទី 28 ខែឧសភា ឆ្នាំ1989។ រូបភាព៖ Chip Hires/Gamma-Rapho via Getty Images

ចំណែកស្ថានភាពនៅហុងកុងពេលបច្ចុប្បន្នអាចប្រែក្លាយដូចហេតុការណ៍នៅ ធានអានមិន កាលពីឆ្នាំ១៩៨៩ ឬបានប្រសើរឡើងទៅជាប្រទេសឯករាជ្យ ឬឈានដល់ដូចដែនដីតៃវ៉ាន់នោះមិនទាន់ច្បាស់ទេ វាអាស្រ័យលើការប្រឹងប្រែងរបស់ប្រជាពលរដ្ឋហុងកុងខ្លួនឯង បូកផ្សំជាមួយស្ថានភាពនយោបាយពិភពលោក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ