ព័ត៌មានថ្មី៖ លោក ហ៊ុន សែន ថាយល់ព្រមឲ្យលោក យន្ត មីន លាលែងពីតំណែង ក្រោយបាក់អគារនៅខេត្តព្រះសីហនុ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នៅក្នុងពេលចុះពិនិត្យកន្លៃងកើតហេតុនៃការបាក់អគារកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។​ (រូបថត៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុននេះបន្តិច បានសរសេរនៅលើទំព័រហ្វេសប៊ុកថា លោកយល់ព្រមឲ្យលោក យន្ត មីន ដែលបច្ចុប្បន្នជាអភិបាលខេត្តព្រះសីហនុ លាលែងពីតំណែងក្រោយពីមានគ្រោះថ្នាក់បាក់អគារនៅខេត្តនេះ។

បើតាមទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី សរសេរថា៖ «ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។»

លោក គួច ចំរើន ដែលបច្ចុប្បន្នជាអភិបាលខេត្តកំពង់ចាម នឹងមកធ្វើជាអភិបាលខេត្តព្រះសីហនុជំនួសវិញនៅពេលខាងមុខ។ នេះបើតាមសំណេររបស់លោក ហ៊ុន សែន។

បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីថា លោកបានសម្រេចចិត្តដក លោក ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដោយមូហេតុខ្វះការទទួលខុសត្រូវ និងភូតភរ។

កាលពីចុងសប្តាហ៍ សំណង់អគារ៧ជាន់របស់ជនជាតិចិនមួយនៅក្នុងខេត្តព្រះសីហុន បានរលំបាក់ ដោយគិត​មកដល់ម៉ោង១០ព្រឹកថ្ងៃទី២៤ ខែមិថុនានេះ សមត្ថកិច្ចរកឃើញកម្មករស្លាប់២៥នាក់ ខណៈរងរបួស២៤នាក់។

ករណីបាក់អគារ៧ជាន់នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន៣នាក់ ដោយថា សំណង់អគារនេះ គឺគ្មានច្បាប់អនុញ្ញាតនោះទេ ហើយអាជ្ញាធរបានចុះហាមឃាត់ចំនួន២ដងរួចហើយ ប៉ុន្ដែ ម្ចាស់ការដ្ឋានមិនស្ដាប់។

ជនជាតិ៣នាក់នោះរួមមានឈ្មោះ Chen Kun ជាម្ចាស់ការដ្ឋានសំណង់ ឈ្មោះ Deng Xing Gul ជាម្ចាស់ក្រុមហ៊ុនទទួលសាងសង់ និង ឈ្មោះ​ Gao Yu ជាអ្នកម៉ៅការបូកជញ្ជាំងអគារ។

ក្រៅពីជនជាតិចិនទាំង៣នាក់នេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិខ្មែរម្នាក់ផងដែរ ដែលមានឈ្មោះ ញឹក ហ៊ុយ ​បន្ទាប់ពីបានជួលដីឱ្យជនជាតិចិនសាងសង់អគារសម្រាប់ធ្វើសណ្ឋាគារនេះ៕

https://www.facebook.com/hunsencambodia/posts/2294668847248266
បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ
ទិដ្ឋភាពគំនរបាក់បែកនៃសំណង់អគារចិន ដែលបានបាក់រលំកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ (រូបថត៖ ជន ចាន់រ៉ែន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ