ព្រះរាជអាជ្ញាចោទប្រកាន់លោក សុខ ប៊ុន ករណីរំលោភ​ដី​រដ្ឋនៅ​​ខេត្តព្រះសីហនុ

លោក សុខ ប៊ុន កាលពីពេលកន្លងទៅ។ (រូបថត៖ ភ្នំពេញប៉ុស្តិ៍)

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរចំនួន៥នាក់ទៀត ពាក់ព័នឹងករណីរំលោភដីរដ្ឋ​នៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង ប្រាប់វីអូឌីនៅថ្ងៃនេះថា ឧកញ៉ា សុខ ប៊ុន ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ​ប្រើប្រាស់ឯកសារសាធារណៈ និងផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃ​បំបាត់ដោយទុច្ចរិត តាម​ក្រមព្រហ្មទណ្ឌ។

ចំណែកអាជ្ញាធរចំនួន៥នាក់ទៀតលោក គុជ គឹមឡុង ថា ត្រូវចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃ​បំបាត់ដោយទុច្ចរិត, ពុករលួយ​, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅខេត្តព្រះសីហនុ។

លោក គុជ គឹមឡុង ថា៖ «ការចោទប្រកាន់ហ្នឹង មានបទ ឯកសារក្លែង ស្អីៗហូហែរជាមួយហ្នឹង ការធ្វើគៃ​បំបាត់ដោយទុច្ចរិក ហើយធ្វើអីឱ្យខូចខាតអីអ៊ីចឹង។ នៅមិនទាន់បញ្ជូនទៅណាទេ ចៅក្រមកំពុងសាកសួរ។ [បញ្ជូនណា] អាហ្នឹងលើការសម្រេចរបស់ចៅក្រម ខ្ញុំអត់ដឹង»។

អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរ៥នាក់ ករណីប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរ ជាការបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ការរំលោភអំណាច ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ២០១៦-២០១៩ ក្រោយពីស្ថាប័ននេះ បានសាកសួរអ្នកទាំង៦ នាក់ចំនួន៧២ម៉ោង។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង បានទេ នៅថ្ងៃនេះ។

កាលពីឆ្នាំ២០១៥ លោក សុខ ប៊ុន ​ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងរួចទៅហើយ ករណីដែលលោកបានប្រើប្រាស់ហិង្សា​លើអតីត​ពិធីការិនី​ទូរ​ទស្សន៍​ ឯក សុជាតា ហៅ សាសា ហើយករណីនេះ តុលាការបានកាត់ទោសឧកញ៉ា សុខ ប៊ុន ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ប៉ុន្តែបង្គាប់ឱ្យអនុវត្ត​​​ទោសក្នុងពន្ធនាគារ​​​តែ១០ខែ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ