យុគ ចិន្តា អំពាវនាវដល់សិល្បៈករខ្មែរចូមរួមបំផុស​និងអភិរក្សស៊ីក្លូ

អ្នកនាង យុគ ចិន្តា (រូបថត៖ សហការី)

ក្នុងពិធីបើកព្រឹត្តិការណ៍ប្រណាំងស៊ីក្លូកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ពិធីការិនី អ្នកនាង យុគ ចិន្តា បានអំពាវនាវដល់សិល្បករខ្មែរ យុវជន និងស្រទាប់មហាជនគ្រប់រូប ឲ្យងាកមកជួយអភិរក្សស៊ីក្លូខ្មែរ ដែលប្រឈមបាត់បង់នៅក្នុងពេលខាងមុខនេះ។

អ្នកនាង យុគ ចិន្តាបានគៀរគរតារាសិល្បៈច្រើននាក់ពីសមាគមសិល្បករខ្មែរ និងពីគ្រួសារតារាកម្ពុជា ឲ្យចូលរួមព្រឹត្តិការណ៍ប្រណាំងស៊ីក្លូកាលពីថ្ងៃទី២២ ខែមិថុនា ដើម្បីបំផុសពីការអភិរក្សស៊ីក្លូ ដោយអ្នកនាងប្រកាសថានឹងជួយផ្សព្វផ្សាយគ្រប់សកម្មភាពរបស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលធ្វើសកម្មភាពលើការអភិរក្សស៊ីក្លូ ដើម្បីជួយដល់វិស័យនេះផងដែរ។ 

អ្នកនាង យុគ ចិន្តា បាននិយាយថា កន្លងមកសារធារណជនតិចណាស់ ដែលចាប់អារម្មណ៍និយាយពីស៊ីក្លូ ដោយស៊ីក្លូមានប៉ុន្មាន មានស្ថានភាពអាជីវកម្មយ៉ាងណា ហើយមានសកម្មភាព ឬ គ្មានសកម្មភាពយ៉ាងណានោះទេ។ អ្នកនាងថា សប្បាយចិត្តយ៉ាងខ្លាំងដែលបានទទួលសំណើរពីប្រធានសមាគមទីភ្នាក់ទេសចរណ៍ឲ្យចួកជួយដល់សកម្មភាពស៊ីក្លូ ហើយអ្នកនាងក៍ទទួលជួយបំផុសដោយពេញចិត្តតែម្ដង។ អ្នកនាងបានប្រកាសស្នើសុំតារាៗពីសមាគមសិល្បករខ្មែរ និងពីគ្រួសារតារាកម្ពុជាជាច្រើនរូប ឲ្យចូលរួមស្លៀកឈុតក្នុងទសវត្សរ៍ទី៦០ ហើយមកចូលរួមដង្ហែរស៊ីក្លូ នៅថ្ងៃបើកព្រឹត្តិការណ៍រួមគ្នា ដោយអ្នកនាងថា វត្តមានចូលរួមរបស់តារាទាំងអស់នោះហើយ ដែលរួមចំណែកជួយឲ្យសកម្មភាព និងមុខរបរធាក់ស៊ីក្លូ ដែលប្រឈមបាត់បង់ត្រូវគេចាប់អារម្មណ៍ឡើងវិញ។

អ្នកនាងនិយាយថា៖ «ខ្ញុំគិតថា ស៊ីក្លូយើងលែងសូវចាប់អារម្មណ៍រឿងជួលមកជិះដឹកទំនិញ ឬ ធ្វើដំណើរទៅណាមកណាដូចក្នុងសម័យក្រោយបែកប៉ុលពតអីទៀតហើយ។ ប៉ុន្តែខ្ញុំថា បើតារាសិល្បៈ បើយុវវ័យ និងអ្នកជំនាន់ក្រោយ មិនរួមគ្នាបំផុសអោយបរទេសបានឃើញ សូម្បីតែភ្ញៀវបរទេសក៍មិនចាប់អារម្មណ៍ដែរ។ ចឹងពូៗបងៗ អ្នករករបរស៊ីក្លូទៅណា មិនសម្រេចចិត្តបោះបង់»។

អ្នកនាងបន្តថា៖ «ខ្ញុំសុំឲ្យបងប្អូនយើងទាំងអស់ ជួយបំផុសឲ្យស្រលាញ់ស៊ីក្លូម្នាក់បន្តិចៗ យ៉ាងហោចណាស់ក៍បងប្អូនជនជាតិបរទេសមកលេងស្រុកយើង គេប្រឹងរកស៊ីក្លួជិះលេង ទុកជាអនុស្សាវរីយ៍ ដើម្បីជួយចំណូលដល់ក្រុមអ្នកប្រកបរបរស៊ីក្លូនោះដែរ»។

ក្រៅពីប្រកាសចូលរួមសកម្មភាពទាក់ទងនឹងស៊ីក្លូ អមដោយការជួយបំផុស អ្នកនាង យុគ ចិន្តា ក៍សន្យានឹងរំលេចកម្មវិធីនៅលើកញ្ចក់ទូរទស្សន៍ ដើម្បីអោយស៊ីក្លូដែលសេសសល់មានការចាប់អារម្មណ៍ក្នុងក្រសែភ្នែកអ្នកទេសចរណ៍បរទេសក្នុងស្រុកផង។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សម្តែងការសម្បាយចិត្តយ៉ាងខ្លាំង ដែលព្រឹត្តិការណ៍ប្រណាំងស៊ីក្លូ មានតារាចាស់ថ្មីចូលរួមផ្សព្វផ្សាយ ដោយលោកស្រីថ្លែងថា នឹងបានលទ្ធផលទៅកាន់មហាជនច្រើនណាស់សម្រាប់ការចូលរួមនេះ។

លោកស្រី បាននិយាយថា៖ «ទាំងតារាសិល្បៈ និងយុវវ័យ បើចំណាយពេលបំផុសពីស៊ីក្លូតែម្នាក់បន្តិចៗ មិនថាអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ពិតជាចង់ជិះស៊ីនៅតាមតំបន់ទេសចរណ៍ក្នុងក្រុង ជាពិសេសតែកាលណាស៊ីក្លូយើងល្បី ជនបរទេសណាមកដល់ភ្នំពេញ ក៍ពិតជាចង់ស្គាល់ស៊ីក្លូដែរ»។

 លោកស្រីបញ្ជាក់ថា ស៊ីក្លូទាំង១៣៦ ដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងនោះ មួយស៊ីក្លូទទួលបាន១០ម៉ឺនរៀល ដោយអ្នកលេខ១ បាន៤០ម៉ឺនរៀល និង លេខ២លេខ៣ ខុសៗគ្នាបន្តិចបន្តួច។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ