លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា សោកនាដកម្មនៃការរលំអគារនៅខេត្តព្រះសីហនុ ជាមេរៀនសម្រាប់រដ្ឋាភិបាល ឱ្យប្រើវិធានការទប់ស្កាត់ សំណង់អាណាធិបតេយ្យលើទឹកដីកម្ពុជា។
ក្នុងសន្និសិទសារព័ត៌មាននៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមិថុនា ក្រោយកម្លាំងចម្រុះ បិទបញ្ចប់ការសង្គ្រោះកម្មករចេញពីគំនរសំណងបាក់រលំ លោក ហ៊ុន សែន ថ្លែងថា ជាលើកទី១ហើយ ដែលកម្ពុជាជួបសោកនាដកម្ម រលំអគារកម្ពស់៧ជាន់ ស្លាប់កម្មករ២៨នាក់ និង២៦នាក់ទៀតរងរបួស។
លោក ហ៊ុន សែន ថ្លែងទៀតថា សោកនាដកម្មនេះ បានផ្តល់មេរៀនជាច្រើនដល់រដ្ឋាភិបាល។លោកបញ្ជាទៅរដ្ឋមន្ត្រីក្រសួងដែនដី លោក ជាសុផារ៉ា ឱ្យដឹកនាំកម្លាំងជំនាញ ចាត់វិធានការទប់ស្កាត់បញ្ហាដែលកំពុងកើតមាន។
មេដឹកនាំរូបនេះ បញ្ជាក់ទៀតថា រដ្ឋាភិបាលនឹងបន្តស្រាវជ្រាវរកឱ្យឃើញដើមហេតុដួលរលំអគារនេះ ដើម្បីបញ្ចៀសកុំឱ្យមានសោកនាដកម្មទៅថ្ងៃអនាគត។
លោកថា៖ «យើងមិនទាន់បញ្ចប់នូវការស្រាវជ្រាវដើម្បីរកឲ្យឃើញនូវការទទួលខុសត្រូវនោះទេ។សំណង់មានច្បាប់ ឬអត់ច្បាប់ ហើយវានៅក្នុងក្របខណ្ឌបែបណាបានវាកើតរឿងបែបនេះ»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលោក មឿន តុលា បារម្ភថា សោកនាដកម្មនៅថ្ងៃអនាគត អាចនឹងកើតមានធំជាងពេលនេះ បើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល គ្រាន់តែជាសារនយោបាយ ដើម្បីបិទបាំងមន្ត្រីខិលខូច ។
លោកមានប្រសាន៍ថា៖ «បើកាលណាយើង ធ្វើការវាយតម្លៃការស៊ើបអង្កេតដើម្បីលាងស្ថានការណ៍ ដើម្បីយកជ័រលុបទៅលុបអាស្ថានការខ្មៅនឹង អាហ្នឹងយើងនឹងមានវិបត្តិទៅថ្ងៃក្រោយ។ មានន័យថា ធម្មតាអគារកាលណា វាមានគុណភាពអន់ គឺថ្ងៃណាមួយវានឹងបាក់ស្រុត ឬរលំ វាអាចប៉ះពាល់ដល់ជីវិតមនុស្សតទៅទៀត។ ដល់អញ្ចឹងទៅមេដឹកនាំ ឬក៏អ្នកវាយយម្លៃហ្នឹងអាចនឹងជាប់ជាអ្នកទោសប្រវត្តិសាស្ត្រហើយ»។
រដ្ឋបាលសាលាខេត្តព្រះសីហនុ បានចេញលិខិតបំភ្លឺកាលពីថ្ងៃទី២២ ខែមិថុនា ពេលដែលអគារនោះដួលរលំថា សំណង់ដែលបាក់រលំសង្កត់កម្មករនោះ ក្រុមហ៊ុនចិនដែលម៉ៅការសាងសង់ គ្មានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញរបស់កម្ពុជាទេ ហើយថា អាជ្ញាធរខេត្តបានចុះទៅហាមឃាត់ចំនួនពីរដងរួមមកហើយ តែថាក្រុមហ៊ុនមិនសហការ ។
អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមលោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា សោកនាដកម្ម នៅខេត្តព្រះសីហនុ ជាការដាស់សតិស្មារតីទាំងរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋ ឱ្យពិនិត្យឡើងវិញពីផលជះនៃឥទ្ធិពលអ្នកវិនិយោគចិន ទាំងនៅខេត្តនេះ និងខេត្តដទៃទៀត ហើយបង្ហាញពីកម្សោយនៃការគ្រប់គ្រងបច្ចេកទេសសំណង់ ស្តែងចេញពីអំពើពុករលួយជាប្រព័ន្ធផងដែរ។
លោក ប៉ា ច័ន្ទរឿន បារម្ភថា បើរដ្ឋាភិបាលមិនអាចទប់ស្កាត់អំពើពុករលួយបាន លោកថា សក្តានុពលនៃការវិនិយោគរបស់កម្ពុជារដ្ឋាភិបាលធ្លាប់អះអាងនោះវាទទួលផលតែមន្ត្រីខិលខូច តែពលរដ្ឋជាកោសិកាសង្គម ក្លាយជាជនរងគ្រោះគ្មានទីបញ្ចប់។
លោកថា៖ «រដ្ឋាភិបាលគួរតែពិនិត្យមើល និងតាមដានដាក់ពិន័យដល់មន្ត្រីណា ដែលឃុបឃិតទទួលសំណូក ចេះតែបិទភ្នែកស៊ីញ៉េឲ្យគេ ពីព្រោះពេលមានបញ្ហាពេលមានសោកនាដកម្មទាំងនេះទៅមិនមែនមន្ត្រីធំៗទាំងនោះជាអ្នកទទួលខុសត្រូវឬជាអ្នកឈឺចាប់ទេគឺពលរដ្ឋស្លូតត្រង់ទេជាអ្នករងទុក្ខវេទនា»។
យ៉ាងនេះក្តីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបច្ចុប្បន្ន បានសុំលាលែងតំណែង ក្រោយដឹងថា ការដែលខ្លួនមិនប្រើច្បាប់ ដើម្បីបង្ខំឱ្យក្រុមហ៊ុនចិន អនុវត្តនោះជាផ្នែកមួយនៃកំហុស បណ្តាលឲ្យមានសោកនាដកម្មនេះកើតឡើង ។
ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានដកតំណែង ទេសរដ្ឋមន្ត្រីមន្ត្រី និងជាអនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក ញឹម វណ្ណដា ផងដែរ។
ប៉ុន្តែអ្នកឃ្លាំមើល ផ្តល់ជាអនុសាសន៍ថា ប្រសិទ្ធភាពនៃការទប់ស្កាត់សោកនាដកម្មទៅថ្ងៃអនាគត ស្ថិតក្នុងភាពមិនច្បាស់លាស់ បើមន្ត្រីពាក់ព័ន្ធរួចពីសំណាញ់ច្បាប់ ដោយគ្រាន់តែប្រកាសលាលែងតំណែង នៅពេលដែលរកឃើញថាមានកំហុសនោះ៕