ពលរដ្ឋតៃវ៉ាន់តវ៉ាទាំងភ្លៀងប្រឆាំងប្រព័ន្ធផ្សព្វផ្សាយចិនដីគោក

ប្រជាពលរដ្ឋនៅតៃវ៉ាន់រាប់ពាន់នាក់បានប្រមូលផ្តុំតវ៉ាទាំងមេញភ្លៀងខ្លាំងកាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឱ្យប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការគាំទ្ររដ្ឋអំណាចចិនទីក្រុងប៉េកាំងចេញពីប្រទេស ដោយចោទថា បានផ្សាយព័ត៌មានមិនពិតធ្វើឱ្យបែកបាក់ជាតិ។​

អ្នកសម្របសម្រួលការតវ៉ានេះ លោក Holger Chen ម្ចាស់ក្រុមហ៊ុនអ៊ិនធើណែតល្បីល្បាញមួយ និងលោក Huang Kuo-chang តំណាងរាស្ត្រគណបក្សអំណាចថ្មី បានលើកឡើងថា ការតវ៉ានេះ ប្រឆាំងសារព័ត៌មានចិនដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បម្រើនយោបាយតាមការចង់បានរបស់ចិនប៉េកាំង។​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Focus Taiwan។

បាតុករនាំគ្នាដើរលើផ្លូវកាលពីថ្ងៃអាទិត្យ បើទោះជាមេឃភ្លៀងខ្លាំង និង ស្ថិតនៅក្នុងអាកាសធាតុត្រជាក់ក៏ដោយ។ អ្នកខ្លះប្រើប្រាស់ឆ័ត្រ និងអ្នកខ្លះបានពាក់អាវភ្លៀងដើម្បីកាត់បន្ថយការរងារ។​

អ្នកតវ៉ាចោទថា សារព័ត៌មានដែលគាំទ្រចិនថា កំពុងតែផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបង្កឱ្យមានការបែកបាក់តៃវ៉ាន់ នាំឱ្យមានការមិនទុកចិត្តគ្នា ប៉ះពាល់ដល់សេរីភាពសារព័ត៌មាន និង ប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យលើដែនដីមួយនេះ។​

លោក Chenថ្លែងថា ចិនអាចទិញរបស់ខ្លះបានដោយការប្រើប្រាស់លុយ ប៉ុន្តែមនុស្សគ្រប់គ្នាមិនលក់កិត្តិយស និងឧត្តមគតិរបស់គេឡើយ។​លោក បន្តថា ប្រជាជនសុខចិត្តឈរតវ៉ាក្រោមមេឃភ្លៀងខ្លាំងច្រើនម៉ោងគឺបង្ហាញថា មនុស្សនៅទីនេះ សុខចិត្តលះបង់ដើម្បីការពារដែនដី ក៏ដូចជាការពារលទ្ធិប្រជាធិបតេយ្យនៅតៃវ៉ាន់។​

ពលរដ្ឋតៃវ៉ាន់តវ៉ាកាលពីថ្ងៃអាទិត្យទី២៣ខែមិថុនាឆ្នាំ២០១៩(រូបពី Focus Taiwan)

លោក Chen បញ្ជាក់ថា សកម្មភាពពេលនេះ បង្ហាញថា គោលបំណងរបស់ចិនចង់ឈ្លានពានតៃវ៉ាន់គឺមិនអាចទៅរួចនោះទេ។​

សារព័ត៌មានដែលពលរដ្ឋនៅតៃវ៉ាន់តវ៉ាប្រឆាំងដេញចេញពីប្រទេសនេះឈ្មោះApple Daily របស់ក្រុមហ៊ុន Want Want China Holdings Ltd ជាក្រុមហ៊ុននៅក្នុងប្រទេសចិន ហើយបានសហការបើកសាខានៅដែនដីតៃវ៉ាន់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ