នាយករដ្ឋមន្ដ្រី បន្ដថ្លែងការពារការវិនិយោគរបស់ចិននៅកម្ពុជា

ការស្វែងរកជនរងគ្រោះរបស់ក្រុមអាជ្ញាធរ។ រូបថត៖ ជន ចាន់រ៉ែន

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបន្ដថ្លែងការពារការវិនិយោគរបស់ចិននៅកម្ពុជា ក្រោយពីមាន​ការរិះគន់​ពី​វត្តមាន​របស់​ចិន​ នៅខេត្ត​ព្រះសីហនុក្រោយពីមាន​ហេតុការណ៍បាក់​អគារ​កម្ពស់​៧ជាន់​របស់​ចិន​ និងក្រោយមានការ​ចោទប្រកាន់​ថា​ «កម្ពុជា​កំពុងធ្លាក់​ចូល​ក្នុងអន្ទាក់​បំណុល​របស់​ប្រទេសកុម្មុស្តនីស្ត​មួយនេះ»។

ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា គឺធ្វើឡើងក្រោយពីលោកបានចូលរួមប្រតិការរុករកអ្នកស្លាប់ និងអ្នករស់រានមានជីវិតនៅក្នុងព្រឹត្តិការណ៍បាក់អគាររបស់ចិនមួយកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ដែលបានបណ្ដាលឲ្យកម្មករខ្មែរយ៉ាងតិច ២៨នាក់ស្លាប់ និង ២៦នាក់ទៀតរងរបួស។

ក្រោយបិទបញ្ចប់ដំណើរការរុករកអ្នកស្លាប់ និងអ្នករស់រានមានជីវិត ដែលកប់នៅក្រោមគំនរបាក់បែកនៃសំណង់អគារ កាលពីម្សិលមិញនេះ លោក ហ៊ុន សែន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយលោកបន្ទោសបញ្ហានេះ ទៅលើកម្សោយនៃការអនុវត្តច្បាប់របស់អាជ្ញាធរកម្ពុជា។ លោក ហ៊ុន សែន ក៏បានបញ្ជាដោយផ្ទាល់ឲ្យរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ពិនិត្យមើលឡើងវិញ និងចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះសំណង់អគារទាំងឡាយនៅខេត្តព្រះសីហនុ ដែលមិនមានច្បាប់អនុញ្ញាត និងមិនត្រូវតាមស្ដង់ការនៃការសាងសង់ ដើម្បីទប់ស្កាត់កុំឲ្យកើតមានសោដនាដកម្មបែបនេះសារជាថ្មី។

លោក ហ៊ុន សែន ចាត់ទុកករណីបាក់អគារនេះថា ជា «ឧបទ្ទវហេតុ» មួយប៉ុណ្ណោះ និងមិនដូចនឹងការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ។ លោកអះអាងថា កម្ពុជាមានភ័ព្វសំណាងបំផុត ដែលទទួលបានអ្នកវិនិយោគរបស់ចិនដ៏ច្រើនលើសលប់ ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា និងការរីកចម្រើនទៅអនាគតខេត្តជាប់សមុទ្រមួយនេះ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងបេសកម្មត្រួតពិនិត្យការជួយសង្គ្រោះជនរងគ្រោះកាលពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៩។ រូបថត៖ ជន ចាន់រ៉ែន

លោក ហ៊ុន សែន ថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «នោះជាការអភិវឌ្ឍរបស់យើង មិនត្រូវមើលឃើញតែមួយដុំ ឥឡូវបើសិនជាក្រុងព្រះសីហនុគ្មានអ្នកវិនិយោគចិនទេ សួរថា តើយើងមានសំណង់អគារធំៗខ្ពស់ៗ យ៉ាងដូច្នេះទេ ចំណុចនេះ កុំយកបញ្ហាតូចមួយឲ្យកម្ទេចភ្លើង ក្លាយទៅជាភ្លើងអគ្គិភ័យ បំផ្លាញនូវទំនាក់ទំនង បំផ្លាញនូវបរិយាកាសវិនិយោគ ដែលយើងខិតខំទាក់ទាញយកមក។ អ្នកណាទទួល អ្នកណាខុសត្រូវចាត់ការតាមផ្លូវច្បាប់»។

ករណីបាក់អគារនេះ ស្ថានទូតចិន​នៅ​កម្ពុជាកាលពីថ្ងៃទី២៣ ខែមិថុនា ក៏បានផ្ញើសារចូលរួមរំលែកទុក្ខជាមួយកម្ពុជា និងគ្រួសារនៃជនរងគ្រោះផងដែរ។ ភាគីចិន ក៏បាន​ប្រកាស​គាំទ្រដល់ការអនុវត្តន៍ច្បាប់នានារបស់​កម្ពុជា​លើ​ជន​ជាតិ​ចិន​ដែល​ទទួលខុសត្រូវលើ​បញ្ហានេះផងដែរ។

ស្ថានទូតចិន បាន​សរសេរនៅលើទំព័រហ្វេសប៊ុក​ថា៖ «ភាគីចិនគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងគាំទ្រទាំងស្រុងចំពោះភាគីកម្ពុជាដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុលើកនេះ។»

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ដ្រីនេះ គឺជាភាសាការទូត និងចង់រក្សាទំនាក់ទំនងល្អជាមួយចិន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន និងម្យ៉ាង ដើម្បីធានាការទុកចិត្តជូនអ្នកវិនិយោគបរទេស ដែលចង់មកបណ្ដាក់ទុករកស៊ីក្នុងប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ លោកថា ហេតុការណ៍បាក់អគារនេះ គឺជាមេរៀនមួយដល់មន្ដ្រីអនុវត្តច្បាប់នៅកម្ពុជា ដែលលោកថា នៅមានភាពចន្លោះប្រហោងច្រើន និងតែងមានវិធានការយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ។

លោក បន្ដថា៖ «កត្តាសំខាន់គឺជាកត្តាកម្ពុជាខ្លួនឯងដែលតែងត្រូវពង្រឹងច្បាប់ និងការត្រួតពិនិត្យទេ មិនបន្ទោសទៅវិនិយោគទេ។ បើលោកនាយករដ្ឋមន្ដ្រីមិនស្រែកបែបនេះ ធ្វើឲ្យអ្នកវិនិយោគិនបរទេសមានការបារម្ភ ឬអត់មានការធានា។ […] ការផ្លាស់ប្ដូរថ្នាក់ដឹកនាំខេត្តព្រះសីហនុនេះ ជាទូទៅកម្ពុជាគួរតែមានវិធានការមុន មិនគួរថា មានហេតុការណ៍ ហើយបានយើងចាត់ការទេ យើងគួរតែព្យាយាមគិតអ្វីដែលមុននឹងកើតឡើង យើងព្យាយាមគិតឲ្យអស់លទ្ធភាព»

អ្នកវិភាគផ្នែកសេដ្ឋកិច្ច លោក យ៉ង បាក់ យល់ឃើញប្រហាក់ប្រហែលគ្នានេះ ដោយថា៖ «មិនថាគម្រោងរបស់ចិន ឬអាមេរិកាំង ឬរបស់ពីណាក៏ដោយ តែយើងអនុវត្តផ្ទៃក្នុងមិនបានតឹងរ៉ឹង យើងមានបញ្ហាតែអញ្ចឹងហើយ។ មិនមែនត្រឹមតែរឿងបាក់អគារអីមួយទេ មានរឿងផ្សេងៗទៀត ដូចជាជម្លោះដីធ្លីអស់ទាំងនោះ កើតឡើងពីអនុវត្តច្បាប់មិនបានតឹងរ៉ឹង មិនបានហ្មត់ចត់»។  

មន្ដ្រីផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត រិះគន់ការអនវុត្តច្បាប់របស់អាជ្ញាធរកម្ពុជា ដែលមិនហ៊ានចាត់វិធានការលើជនបរទេស ដែលប្រព្រឹត្តខុស និងបណ្ដាលឲ្យកើតគ្រោះថ្នាក់លើពលរដ្ឋរបស់ខ្លួន។

លោកថា រដ្ឋាភិបាលត្រូវបើកការស៊ើបអង្កេតករណីបាក់អគារបណ្ដាលមនុស្សស្លាប់នេះ ឲ្យច្បាស់លាស់ និងឥតលម្អៀង ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងដាក់ទោសអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត។

លោកបន្ដថា៖ «រឿងវិនិយោគ ជារឿងវិនិយោគ ប៉ុន្ដែ ស្រុកយើងមានច្បាប់។ អញ្ចឹងអ្នកវិនិយោគទាំងឡាយត្រូវតែគោរពច្បាប់កម្ពុជា អ្នកដែលមិនគោរពច្បាប់ត្រូវតែចាត់វិធានការ។ យើងធ្វើម៉េចកុំឲ្យខ្លាច […] ហើយទី២ រកឃើញថា អ្នកណាពាក់ព័ន្ធនឹងបញ្ហាហ្នឹងខ្លះ តើអាចមានអំពើពុករលួយទេ តើអាចមានជាការឃុបឃិតទេ ហើយបើរកឃើញ ត្រូវតែយកមកផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីជាគំរូមួយជាការទប់ស្កាត់»។

អ្នក​ជំនាញគោល​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ Occidental សហ​រដ្ឋ​អាមេរិក លោក អៀ សុផល មានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅតែបង្ហាញការដឹងគុណចិន បើទោះបីពលរដ្ឋរបស់ខ្លួនបានស្លាប់ និងរងរបួសនៅក្នុងហេតុការណ៍បាក់អគារនេះក៏ដោយ។

លោក អៀ សុផល ជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការលើមន្ដ្រីរបស់ខ្លួន ដែលទទួលបានប្រយោជន៍ ឬជាប់ពាក់ព័ន្ធនៅក្នុងការសាងសង់អគារនេះ ដោយថា ដើម្បីកុំឲ្យពលរដ្ឋបន្ដបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាលបច្ចុប្បន្ន។

ក្នុងសេចក្ដីសម្រេចមួយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋាភិបាលក៏បានសម្រេចបង្កើតគណៈកម្មាការថ្មីមួយ ដែលមានសមាសភាពមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលចំនួន១៥រូប ឲ្យទទួលភារកិច្ច​ត្រួត​ពិនិត្យ​​បទដ្ឋាន​បច្ចេកទេស ផ្លូវ​ច្បាប់ ស្តង់ដារ​សំណង់ ស្តង់ដារ​សុវត្ថិភាព និង​គុណភាព​សំណង់​នៅ​តាម​ការដ្ឋានទាំងអស់នៅក្នុង​ខេត្ត​ព្រះសីហនុ។

ក្រុម​មន្ត្រី​ចម្រុះ​ទាំង​នេះ ក៏​នឹង​ត្រួត​ពិនិត្យ​មើលផង​ដែរ​លើ​ក្រុម​ហ៊ុន​ម៉ៅការ​សំណង់​នៅ​តាម​ការដ្ឋាន​​នានា មុន​នឹង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ជាង​នេះ​ទៅ​ទៀត ក្រោយកើតហេតុការណ៍ដួលរំលំអគារនេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានផ្ញើសាររំលែកទុក្ខមួយដល់គ្រួសារនៃជនរងគ្រោះ និងអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់នេះផងដែរ។

ក្នុងសាររំលែកទុក្ខនោះ លោក ស ខេង ឲ្យដឹងថា លោកនឹងចាត់វិធានការជាក់ស្ដែងមួយចំនួន និងចាត់វិធានការច្បាប់ចំពោះអ្នកជាប់ពាក់ព័ន្ធក្នុងករណីនេះ។

សមកម្មភាពជួយសង្គ្រោះរបស់ក្រុមអាជ្ញាធរ។ រូបថត៖ ជន ចាន់រ៉ែន

ក្រោយមានអន្ដរាគមន៍ដោយផ្ទាល់ពីប្រមុខរដ្ឋាភិបាល នៅថ្ងៃអង្គារនេះ តុលាការខេត្តព្រះសីហនុបានសម្រេចឃុំខ្លួន និងចោទប្រកាន់ជនជាតិចិនទាំង ៤នាក់ ក្នុងនោះរួមមាន ម្ចាស់ការដ្ឋានសំណង់ម្នាក់ ជាងសំណង់ និងអ្នក​មើលការងារក្នុងការដ្ឋាន ដូចជាពីការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា និងបទសមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា និងបង្កឱ្យមានរបួស ស្របតាមមាត្រា២៩ ,២០៧, ២៣៦ និងមាត្រា៤១៤នៃក្រមព្រហ្មទណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ