ក្រសួងមហាផ្ទៃរំលឹក​ឲ្យក្រុមប្រឹក្សាប្រកាសទ្រព្យសម្បត្តិមុនចូល និងមុនចេញពីតំណែង

ពលរដ្ឋធ្វើដំណើរពីមុខក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ (រូបថត៖ ហួត វុទ្ធី)

ក្រសួងមហាផ្ទៃ បានរំលឹក​ទៅក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង រាជធានី ខេត្តទាំងអស់ ត្រូវប្រកាសទ្រព្យយ៉ាងយូរ៣០ថ្ងៃ បន្ទាប់ពីប្រកាសចូលកាន់តំណែង និងចេញពីតំណែង។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមិថុនា ផ្ញើទៅអភិបាល នៃគណៈអភិបាលរាជធានីខេត្ត ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌអាណត្តិទី៣មានចំនួន៤ ១១៤រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្តមានចំនួន៥៥៩រូប និងក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌមានចំនួន៣ ៥៥៥រូប បានជាប់ឆ្នោតអាណត្តិទី៣ ដែលត្រូវប្រកាសឲ្យចូលកាន់តំណែងតាំងពាក់កណ្តាលខែមិថុនានេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងមហាផ្ទៃបញ្ជាក់ថា អ្នកដែលជាប់ឆ្នោតថ្មីហើយមិនធ្លាប់ស្ថិតក្នុងតំណែងដែលមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុលពីមុនមក គឺត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុលយ៉ាងយូរបំផុត៣០ថ្ងៃក្រោយប្រកាសចូលកាន់តំណែង។ ចំណែក​អ្នកជាប់ឆ្នោតជាសមាសភាពចាស់ដដែល មិនត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ។

ក្រសួងមហាផ្ទៃឲ្យដឹងទៀតថា ចំពោះសមាជិកក្រុមប្រឹក្សាដែលលាលែងពីតំណែងឬមិនបានជាប់ឆ្នោតហើយមិនស្ថិតក្នុងមុខតំណែង ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុលត្រូវប្រកាសទ្រព្យ និងបំណុលរបស់ខ្លួនចុងក្រោយយ៉ាងយូរ ៣០ថ្ងៃក្រោយប្រកាសបញ្ចប់តំណែង។

ក្រសួងមហាផ្ទៃបញ្ជាក់ថា ការរំលឹក​ទៅក្រុមប្រឹក្សារាជធានីខេត្តឲ្យប្រកាសទ្រព្យសម្បត្តិ គឺដើម្បីអនុវត្តទៅតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ