អ្នកសារព័ត៌មានដែលសរសេររឿង​ពីគម្រោង «ខ្សែក្រវ៉ាត់ និងផ្លូវ» ថា​មិនសូវ​បាន​ការឆ្លើយតបពីភាគីចិន​

ស្ថានទូចិននៅកម្ពុជា (រូបភាព៖ ហេង វិចិត្រ)

ខ្សែក្រវ៉ាត់ និងផ្លូវ ជាគំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងឆ្នាំ២០១៣។ គម្រោងនេះ មានប្រទេសជាដៃគូជាង ១០០ ដែលមកពីទ្វីបអាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងប្រទេសមួយចំនួន​នៅអឺរ៉ុបផងដែរ​។ តាម​រយៈគំនិត​ផ្ដួចផ្ដើម​ ខ្សែក្រវ៉ាត់ និងផ្លូវ​ ​ចិន​ ​ផ្ដល់​ជាកម្ចីដល់ប្រទេសទាំងនោះក្នុងការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវដែកកំពង់ផែ ផ្លូវល្បឿនលឿន និង​បង្កើតច្រក​សេដ្ឋកិច្ចសម្រាប់​តភ្ជាប់ប្រទេសចិនជាមួយពិភពលោកទាំងមូលទៀតផង។ ប៉ុន្តែ​គម្រោង​ដែល​ស្ថិត​ក្នុងគំនិត​ផ្ដួចផ្ដើម​ ខ្សែក្រវ៉ាត់ និងផ្លូវនេះ មិនបាន​ផ្ដល់​ឲ្យ​អ្នកសារព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយនោះទេ​។

សម្រាប់​ប្រទេសកម្ពុជា​  ​គម្រោង​អភិវឌ្ឍន៍មួយចំនួនត្រូវបានគេជឿ​ថា​អាចស្ថិតនៅ​ក្នុង​​គំនិតផ្ដួចផ្តើម​ខ្សែក្រវ៉ាត់ និងផ្លូវរបស់​ចិន។ គម្រោង​ទាំងនេះ​ ​រួមមាន​គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន ស្ពានដែល​ភ្ជាប់​ពីស្រុកស្ទឹងត្រង់​ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មា ខេត្តត្បួងឃ្មុំ និង ផ្លូវល្បឿន​លឿនប្រវែង១៩០គីឡូម៉ែត្រពីភ្នំពេញទៅខេត្តព្រះ​សីហនុ។ ក្រៅពីនេះ ក៏មាន​គម្រោងព្រលានយន្តហោះនៅខេត្ត​សៀមរាប ការ​ជួសជុលន​ិង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវរថភ្លើង​ ទំនប់​វារីអគ្គិសនីកំចាយនិងសេសានក្រោម​ពីរ តំបន់​សេដ្ឋកិច្ច​ពិសេសនិងកំពង់​ផែទឹកជ្រៅ​នៅខេត្តព្រះសីហនុ​ ភូមិវប្បធម៌កម្ពុជា-ចិន នៅប៉េកាំង និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅតាម​បណ្ដាខេត្តមួយចំនួន​របស់ចិន​ជាដើម។

ដោយឡែក​កំណើនវិនិយោគ​របស​់ចិននៅកម្ពុជាមាន​ការ​កើនឡើងជាលំដាប់​ពី​មួយឆ្នាំទៅមួយឆ្នាំ។  ទំហំ​វិនិយោគចិនមកកម្ពុជានៅឆ្នាំ២០១៧ មានចំនួន ១,៤៣ ពាន់​លានដុល្លារអាមេរិក ឬស្មើ២៧ភាគរយ នៃវិនិយោគបរទេសសរុប ដែលចំនួននេះ គឺកើនឡើងស្ទើរពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០១៦ ទំហំវិនិយោគរបស់ចិន មានចំនួន៧៤៨លានដុល្លារអាមេរិក។ តាម​របាយការណ៍​របស់​រដ្ឋាភិបាលកម្ពុជា​​ ឆ្នាំ២០១៨កន្លងទៅ គម្រោងវិនិយោគរបស់​បរទេស​នៅកម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​៦,៨ពាន់លានដុល្លា ក្នុងនោះចិននាំមុខគេ។ ទំហំ​វិនិយោគ​របស់ចិនមាន​រហូតដល់​៥៣ភាគរយ​ស្មើ​នឹង​៣,៦ពាន់លានដុល្លា ដែល​កើនឡើងជាង៥០ភាគរយ​ ប្រៀបធៀបនឹងឆ្នាំ២០១៧។

ដោយសារតែវត្តមាន​នៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ​ និងកំណើន​វិនិយោគ​របស់​ចិន​ ​អ្នកសារព័ត៌មាន​ដែល​កំពុងធ្វើការ​នៅប្រទេសកម្ពុជា​ជាច្រើន​បានចាប់​អារម្មណ៍​សរសេររឿងនេះ​។ ប៉ុន្តែក្រុម​អ្នកសារព័ត៌មាននៅកម្ពុជា​​មួយចំនួន​​​ ត្អូញត្អែរថាពួកមិនសូវ​​ទទួលបាន​ការឆ្លើយតប ពី​ភាគីចិន​នោះទេ  នៅពេល​ដែល​ពួកគេ​សុំការ​បកស្រាយ​ និងពន្យល់​បន្ថែម​។

អ្នករាយការណ៍ព័ត៌មានវិទ្យុសម្លេងសហរដ្ឋអាមេរិក លោក ស៊ុន ណារិន បាន​អះអាងថា​លោកធ្លាប់​សរសេររឿង​​ទាក់​ទង​នឹងការវិនិយោគរបស់​ចិន ក៏ដូចជា​គម្រោង​មួយចំនួន​ក្នុងគំនិតផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និងផ្លូវ។ លោក ឲ្យ​ដឹង​ថាដើម្បី​ឲ្យ​បាន​ព័ត៌មាន​ និងផ្ដល់ឱកាសឲ្យគ្រប់​ភាគី​ពាក់​ព័ន្ធ​ លោក​តែងតែ​ព្យាយាម​ទាក់​ទង​ទៅភាគីចិន ប៉ុន្តែ​ពុំ​កម្រ​ទទួលបាន​ការឆ្លើយណាស់​។

លោក មានប្រសាសន៍ថា៖​ «អ្វីដែល​យើងធ្វើ យើងចង់​ឲ្យមាន​តុល្យភាព​។ អ៊ីចឹងកន្លងទៅ​ ពួកខ្ញុំមិនដែល​បាន​ការឆ្លើយតប​ពី​ខាងស្ថានទូតចិន​ទេ​ ពួកខ្ញុំ​ព្យាយាម​ខល បានផ្ញើអ៊ីមែល​ទៅ​ ។ ប៉ុន្តែមិន​ដែលមានការ​ឆ្លើយណាមួយទេ។ មិនមែនតែរឿងផ្លូវ​មួយខ្សែក្រវ៉ាត់​មួយ​ទេ រឿងអីផ្សេងៗទាំងអស់​។ កាល​ណាយើងសរសេរឿងអីមានការចោទប្រកាន់ភាគីណាមួយ យើងតែងតែព្យាយាម​ទាក់​ទងទៅ។​»

អ្នកសារព័ត៌មាន​ម្នាក់​ទៀតគឺ​វណ្ណ វិចារ​ ដែល​សរសេរ​ពី​ការវិនិយោគ និងជំនួយ​របស់ចិន​នៅកម្ពុជា ក៏ជួបប្រទះបញ្ហា​ស្រដៀងនឹង​បុគ្គលិកវិទ្យុសម្លេងសហរដ្ឋអាមេរិក​ លោក ស៊ុន ណារិន ដែរ។ លោកថា កាលពីខែឧសភាកន្លងទៅ លោកបាន​សរសេរពី​គម្រោង​វិនិយោគរបស់​ចិន ថា​តើ​វាបាន​ផ្ដល់​ប្រយោជន៍អ្វីខ្លះ​ដល់​ពលរដ្ឋ​កម្ពុជា។ លោក ឱ្យដឹង​​ថា​លោក​បានព្យាយាម​សុំការពន្យល់បន្ថែម​ពីភាគីចិនប៉ុន្តែពុំទទួលបានការឆ្លើយទេ​ ទើបលោកសម្រេចចិត្ត​ប្រើ​ព័ត៌មានក្នុងឯកសារជំនួសវិញ។​

លោក មានប្រសាសន៍ថា៖«ទាក់ទងទៅនឹងរឿងហ្នឹង​ ខ្ញុំ​បានសាកល្បង និងស្កាត់ជួប​ សម្ភាសន៍គាត់ដែរ(ភាគីចិន)។ ប៉ុន្តែ​ពិបាកទាក់​ទង​គាត់ ហើយខ្ញុំ​ក៏យក​របាយការណ៍​វិនិយោគ(របស់​ចិន)​មកជំនួសវិញ។»

ទោះយ៉ាងណាក៏ដោយ អ្នកសារព័ត៌មាន​សេរីរូបនេះ យល់​ថា​ប៉ុន្មានខែចុងក្រោយ​នេះភាគីចិន បាន​ផ្លាស់ប្តូរ​ច្រើន​ ដោយ​ពេលនេះស្ថានទូត​ចិន​មាន​ទំព័រហ្វេសប៊ុកផ្ទាល់​ខ្លួន ហើយ​ជាញឹកញាប់​បានឆ្លើយតប​ពេលបាន​ការចោទប្រកាន់នានា។

កញ្ញា Danielle Keeton-Olsen អ្នកសារព័ត៌មា​នជនជាតិអាមេរិក​ ដែលធ្វើការនៅប្រទេស​កម្ពុជាតាំងពីឆ្នាំ២០១៧។ កញ្ញា ក៏ធ្លាប់បានរាយការណ៍រឿង​ទាក់ទងនឹង​ការរកស៊ី ការវិនិយោគ​ និង​កម្មករចិន​នៅប្រទេសកម្ពុជាផង​ដែរ។ អ្នកសារព័ត៌មានជនជាតិសញ្ជាតិ​អាមេរិក រូបនេះ  លើកឡើងស្រដៀងគ្នានឹង​អ្នកសារព័ត៌មានកម្ពុជា​ដែរ ដោយថាក្រុមហ៊ុន​ចិន​ជាពិសេសរបស់រដ្ឋ ហាក់​មិនចង់​និយាយជាមួយប្រព័ន្ធផ្សព្វផ្សាយនោះទេ។ កញ្ញា Danielle Keeton-Olsen បន្ថែម​ថា​គាត់​ពិបាកក្នុងការស្វែងរក​ទិន្នន័យមួយចំនួន ព្រោះ​ថា​​ទាំង​រដ្ឋាភិបាលចិន និងកម្ពុជា មិនបាន​បើកចំហនោះទេ។​

ទោះ​យ៉ាងណាក៏ដោយ អ្នកសារព័ត៌មាន​រូបនេះអះអាងថា​គាត់​នៅតែអាចនិយាយ​ជាមួយក្រុមហ៊ុនចិន​​មួយចំនួនបាន​​ នៅពេល​ដែល​គាត់​សហការ​​ជាមួយ​អ្នកការសែតដែល​ចេះភាសាចិន។

យ៉ាងណាក្តី អតីត​អ្នកសារព័ត៌មានចិនម្នាក់ដែលធ្លាប់​បំពេញការងារនៅកម្ពុជា​បាន​ច្រានចោល​ការលើកឡើង​ទាំងនេះ។ អ្នកសារព័ត៌មាន​ចិន​ដែល​សុំ​មិនបញ្ចេញ​ឈ្មោះម្នាក់​នេះ អះអាងថា​អ្នកសារព័ត៌មានកម្ពុជាមួយចំនួន បាន​គិតទុក​ជាមុន​ថា​វាពិបាក​ណាស់​ក្នុងការ​ទទួលបាន​ការឆ្លើយតបភាគីចិន តែពួកគេមិនបាន​ព្យាយាម​ទាក់ទងឲ្យអស់លទ្ធភាព​ទៅភាគីចិននោះទេ។

អ្នកសារព័ត៌មានចិន​រូបនេះ បន្ថែម​ថា​អ្នកសារព័ត៌មានកម្ពុជា​​គួរតែមានការតាំងចិត្តនិងប្តេជ្ញាខ្ពស់​ក្នុងការ​ទាក់​ទងទៅភាគី​ចិន ព្រោះនេះជាអ្វី​ដែល​អ្នកសារព័ត៌មានត្រូវធ្វើ។

វីអូឌី បាន​ព្យាយាម​ទាក់​ទងទៅកាន់​ស្ថានទូតចិន​តាម​សារអេឡិចត្រួនិកអ៊ីមែលដើម្បី​សុំការបកស្រាយ​​ ប៉ុន្តែមិន​មាន​ការឆ្លើយតបណាមួយនោះទេ។

សហប្រធាន​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន លោក សយ សុភាព អះអាង​ថា​លោក នឹង​សម្របសម្រួល​ប្រាប់ទៅភាគី​ចិនជុំវិញ​បញ្ហា​ដែល​អ្នកសារព័ត៌មានកម្ពុជាបាន​លើកឡើងនេះ។

លោក មាន​ប្រសាសន៍ថា​៖«ឧបមាថា​​ជួបបញ្ហាអ៊ីចឹង(មិនមានការឆ្លើយតបពីភាគី​ចិន) យើងខ្ញុំ​​នឹងខិតខំទទួល​យកគំនិតទាំង​អស់​ដើម្បី​ជម្រាបជូន​ទៅ​ខាងភាគីចិនដែល​ជាសហប្រធានជាមួយខ្ញុំ​ដើម្បីគាត់បាន​ជាព័ត៌មានដើម្បី​ឲ្យ​ខាងភាគីចិនដឹង ហើយធ្វើការបើកទូលាយ។ ប៉ុន្តែខ្ញុំគិតថា​ដូចជា​មិនមាន​ជាឧបសគ្គ​អីទេ គ្រាន់​តែយើងសួរព័ត៌មាន​ពីគម្រោង​ការ​អភិវឌ្ឍន៍ល្អចឹងនោះ។»

បញ្ហាដែល​អ្នកសារព័ត៌មាននៅ​កម្ពុជា​ពិបាក​ក្នុងការ​ស្វែងរក​ការឆ្លើយតប​ពីភាគីចិន ​មិន​មែន​ជារឿងដាច់​ដោយឡែកនោះទេ។

កាលពីថ្ងៃ​ទី​២៨ និង២៩ ខែឧសភា ឆ្នាំ២០១៩ កម្មវិធី Earth Journalism Network របស់​អង្គការ ​Internews  សហការជាមួយ​អង្គការ China Dialogue បានរៀបចំ​សិក្ខាសាលាមួយនៅប្រទេសភូមា​ក្រោមប្រធានបទការធ្វើ​សេចក្តីរាយការណ៍ពី​ផលប៉ះពាល់​សង្គម​ បរិស្ថាន​នៃគំនិតផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និងផ្លូវ។ ក្នុងសិក្ខា​សាលា​នោះ​អ្នកសារព័ត៌មានមក​ពីប្រទេសមួយចំនួន​ក្នុងតំបន់​អាស៊ានដូចជាថៃ ឡាវ វៀតណាម និងម៉ាឡេស៊ី ជាដើម​ ក៏បាន​លើកឡើងពី​បញ្ហាប្រហាក់​​ប្រហែល​គ្នានឹង​អ្នកសារព័ត៌មានកម្ពុជាដែរ។

អ្នកសារព័ត៌មាន​ទាំងនោះ ថាវាពិតជាមាន​ការលំបាកណាស់ក្នុងការទទួលបាន​ការឆ្លើយតបពីក្រុមហ៊ុន ឬភាគី​ចិនដែល​ពាក់​ព័ន្ធ។ ពួកគេថា​ ព័ត៌មានដែល​ទាក់​ទង​នឹងគម្រោង​ខ្សែក្រវ៉ាត់ និងផ្លូវ ក៏មិនសូវបើកចំហប៉ុន្មាន​ដែរ។ លើសពីនេះទៅទៀតអ្នកសារព័ត៌មានចិនមួយចំនួន​ដែល​ធ្វើការឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ​ដែលមិនមែន​ជារបស់​រដ្ឋចិន ក៏អះអាងភាគីចិនពេល​ខ្លះបដិសេធ ឬក៏មិន​ឆ្លើយជាមួយ​ពួកគេដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ