លោក ស ខេង ថាគណៈកម្មការរកឃើញសំណង់​៥កន្លែងនៅព្រះសីហនុ សាងសង់គ្មានច្បាប់​

បុរសម្នាក់កំពុងឈរសំឡឹងមើលអគារដែលបាក់រំលំនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។​ (រូបថត៖ ជន ចាន់រ៉ែន)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹង​ថា​គិតត្រឹម​យប់ម្សិលមិញ គណៈកម្មការ​ត្រួតពិនិត្យ​គុណភាពសំណង់នៅ​ខេត្តព្រះសីហនុ បាន​រក​ឃើញសំណង់​ចំនួន​៥កន្លែង​ ​កំពុងសាងសង់ដោយគ្មានច្បាប់អនុញ្ញាត។

លោក ស ខេង បាន​ថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ ​ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០១៩។

លោកមានប្រសាសន៍​ថា៖ «គណៈកម្មការពិសេសមួយ ដើម្បីទៅត្រួតពិនិត្យសំណង់ទាំងអស់ ទាំងសំណង់ដែលបានធ្វើហើយ កំពុងដំណើរការអាជីវកម្មក៏យើងត្រូវពិនិត្យទាំងអស់ដែរ ហើយនឹងសំណង់កំពុងដំណើរការសាងសង់ ពិនិត្យឡើងវិញទាំងអស់។ គ្រាន់តែយប់មិញយើងទទួលព័ត៌មានពីឯកឧត្ដម ជា សុផារ៉ា មកថា ជាបឋមមានដូច ៥សំណង់ ៥កន្លែង ដែលថា កំពុងសាងសង់ តែអត់មានច្បាប់ទាំងអស់។​ ដូច្នេះ នេះជាហានិភ័យមួយធំ ហើយយើងត្រូវធ្វើអាហ្នឹងទាំងអស់ឡើងវិញ»។

ការចុះទៅត្រួតពិនិត្យនេះ ធ្វើឡើង ក្រោយហេតុការណ៍បាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ដែលបានបណ្ដាលឲ្យកម្មករខ្មែរ ២៨នាក់ស្លាប់ និង ២៦នាក់ទៀតរងរបួស។

ក្រោយមានហេតុការណ៍នោះ លោក ហ៊ុន សែន ក៏បានបញ្ជាដោយផ្ទាល់ឲ្យរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ពិនិត្យមើលឡើងវិញ និងចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះសំណង់អគារទាំងឡាយនៅខេត្តព្រះសីហនុ ដែលមិនមានច្បាប់អនុញ្ញាត និងមិនត្រូវតាមស្ដង់ការនៃការសាងសង់ ដើម្បីទប់ស្កាត់កុំឲ្យកើតមានសោដនាដកម្មបែបនេះសារជាថ្មី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ