លោក ស ខេង ថាការលុបបំបាត់បញ្ហាគ្រឿងញៀននឹងបរាជ័យបើមន្ត្រីនៅពីក្រោយបទល្មើស

គ្រឿងញៀ ដែលរឹបអូសបាន កាលពីពេលកន្លងទៅ។ រូបភាព៖ ហ៊ី ឆាយ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការព្រួយបារម្ភថា ទិសដៅលុបបំបាត់គ្រឿងញៀននឹងបរាជ័យ បើសិនមន្ត្រីជំនាញនៅតែជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

ថ្លែងក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លុបបំបាត់បញ្ហាគ្រឿងញៀនឱ្យបានទាំងស្រុង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមុនដំណាច់ឆ្នាំ២០១៩នេះ។

ទោះជាយ៉ាងណាលោកបង្ហាញការព្រួយបារម្ភពីយុទ្ធនាការបង្រា្កបគ្រឿងញៀន ដោយថា បើសិនជាមន្ត្រីជំនាញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននោះ លោកថា ការបង្រ្កាបបទល្មើសនេះ នឹងបរាជ័យ។

លោកថា៖ «បើមន្ត្រីអនុវត្តគ្រឿងញៀនយើងពាក់ព័ន្ធ មន្ត្រីសមត្ថកិច្ចយើងពាក់ព័ន្ធ​ វារឹតតែធ្វើឱ្យការបង្ក្រាបគ្រឿងញៀន វាអត់មានផល វាអត់បានជោគជ័យ ឬមួយក៏មិនពាក់ព័ន្ធផ្ទាល់ ក៏ប៉ុន្តែធ្វើជាបង្អែក ធ្វើជាខ្នង ឱ្យអ្នករកស៊ីគ្រឿងញៀន នោះក៏ធ្វើ​ឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនបរាជ័យដែរ ហើយករណីនេះ មានរួចទៅហើយ ទាំងអ្នកចូលរួមដែលជាសមត្ថកិច្ច ហើយនឹងអ្នកដែលនៅពីក្រោយ»។

លោក ស ខេង បន្តថា ការចរាចគ្រឿងញៀន តាមព្រំដែននៅតែជាបញ្ហាប្រឈម ករណីកង កម្លាំងដែលឈរនៅតាមព្រំដែននីមួយៗ ត្រូវបញ្ចូលសមាជិកនៃគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយថា ដើម្បីទប់ស្កាត់ការ ចរាចរគ្រឿងញៀនចូលមកក្នុងប្រទេសមានប្រសិទ្ធភាព។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​លោក​ សន​ ជ័យ​ មានប្រសាសន៍ថា ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យមានប្រសិទ្ធភាពនោះ លោកថា  រដ្ឋាភិបាលត្រូវបំបាត់អំពើពុករលួយ ដោយចាប់មេ​ខ្លោង​គ្រឿងញៀន​ដែលជា​មន្ត្រី​មានអំណាចមកដាក់ទោសតាមច្បាប់​។

លោកថា៖ «វិធានការដែលធ្វើឱ្យមន្ត្រី ណាពុករលួយ និងធ្វើឱ្យមន្ត្រី ខិលខូចខ្លាច គឺមានតែមួយទេ ​បើមន្ត្រីណាពាក់ព័ន្ធ បើមន្ត្រីមានអំណាច មានឥទ្ធិពល ហើយកេងសំណុំគ្រឿងញៀន ឬក៏នាំ ឱ្យមានការចែកចាយ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវចាត់ការមន្ត្រីនោះនៅក្នុងទម្រង់ជាបទល្មើសប្រឆាំងអំពើពុករលួយ។ អ៊ីចឹងបទល្មើសពុករលួយអាចប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិ និងការដាក់ពន្ធនាគារធ្ងន់ធ្ងរ»​។

ក្រសួងមហាផ្ទៃ ​ឱ្យ​ដឹង​ថា​ គិត​ពី​ចុងឆ្នាំ​២០១៨​ រហូតដល់​ដើមឆ្នាំ២០១៩នេះ​ ​ស្ថានភាព​នៃ​ការ​ជួញ​ដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​រីកសាយ​ភាយ​នៅ​តាម​រង្គសាល​ ក្លឹប​កំ​សាន្ត ខារ៉ាអូខេ​ និង​ក្លឹប​រាត្រី​ ឬបារបារាំង​ ជាដើម​។

តាម​របាយការណ៍៥ខែ​ដើមឆ្នាំ​នេះ​ សមត្ថកិច្ច​បង្ក្រាប​ បទល្មើស​គ្រឿង​ញៀន​បាន​ជាង​បី​ពាន់​ករណី​(៣,៣៣៥​) ឃាត់ខ្លួន​មនុស្ស​បាន​ជាង ៧ពាន់​នាក់ ​(៧,០៩៧​) មេ​ខ្លោង ១២នាក់​ តាមខ្សែរយៈ​បណ្តាញ ៥២នាក់ ​រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ជាង​បី​រយ​គីឡូក្រាម​ (៣១០.៩៨​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ