ទូតអាមេរិកថា ការដាក់ទោសលោក រ៉ាត់ រ័ត្នមុនី កាន់តែធ្វើឲ្យប្រព័ន្ធយុត្ដិធម៌កម្ពុជាបាត់បង់ជំនឿ

ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសម្ដែងនូវក្ដីព្រួយបារម្ភចំពោះការសម្រេចផ្ដន្ទាទោសអ្នកបកប្រែ និងជាអ្នកសម្របសម្រួលឲ្យទូរទស្សន៍រុស្ស៊ី RT លោក រ៉ាត់ រត្នមុនី ដោយថា លោកមិនទទួលបានការជម្រះក្ដីដោយយុត្តិធម៌នៅក្នុងប្រព័ន្ធតុលាការកម្ពុជានោះទេ។   

ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅ ដែល VOD​ ទើបតែទទួលបាននៅថ្ងៃនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានហៅការសម្រេចផ្ដន្ទាទោសលោក រ៉ាត់ រត្នមុនី ឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញថា មិនបានផ្ដល់យុត្តិធម៌ជូនលោកនោះឡើយ ហើយថា វារឹតតែធ្វើឲ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បាត់បង់ជំនឿចិត្តជាងមុនថែមទៀត។

ក្នុងសេចក្ដីថ្លែងការណ៍នោះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធានានូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដែលត្រូវបានធានាដោយច្បាប់អន្ដរជាតិ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងនោះ។

ក្នុងសេចក្ដីថ្លែងការណ៍ ស្ថានទូតអាមេរិកប្រចាំកម្ពុជាលើកឡើងថា៖ «របាយការណ៍​ពី​សវនាការរបស់លោក មុនី បង្ហាញ​ថា លោកមិនបាន​ទទួលបាន​ការធានា​លើសវនាការប្រកប​ដោយយុត្តិធម៌​ទេ។ ការដាក់ទោសលោក​រឹតតែ​ធ្វើអោយគេបាត់បង់​​ជំនឿលើប្រព័ន្ធតុលាការ​​របស់​ប្រទេសកម្ពុជាថែមទៀត»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក ជិន ម៉ាលីន ច្រានចោលសេចក្ដីថ្លែងការណ៍នេះ ដោយថា ស្ថានទូតអាមេរិកកំពុងជ្រៀតជ្រែកកិច្ចការរបស់តុលាការ និងលើកឡើងខុសពីការពិតទាក់ទងនឹងសេរីភាពសារព័ត៌មាននៅកម្ពុជា។

លោក បន្ដថា៖ «យើងយល់ថា ការថ្លែងសាររបស់អាមេរិកហ្នឹង គឺជាការជ្រៀតជ្រែកទៅនឹងកិច្ចការរបស់តុលាការ។ បានន័យថា ការវាយតម្លៃរបស់គាត់ វាអត់ផ្អែកទៅតាមមូលដ្ឋានច្បាប់ ហើយការលើកឡើងដែលថា ប៉ះពាល់សេរីភាពសារព័ត៌មានក៏មិនត្រឹមត្រូវទៀត។ អ្វីដែលតុលាការផ្ដន្ទាទោសហ្នឹង គឺមិនមែនដោយសារតែអនុវត្តន៍វិជ្ជាជីវៈអ្នកសារព័ត៌មាននោះទេ គឺការប្រព្រឹត្តនូវបទល្មើសបទបញ្ញត្តិច្បាប់ព្រហ្មទណ្ឌ»។

កាលពីថ្ងៃពុធ ទី២៦ខែមិថុនាកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោក រ៉ាត់​ រត្ន​មុនី ឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ពីបទ​ «ញុះញង់ឲ្យមានការរើស​អើង​» ដោយ​ចោទថា ​លោក​បាន​បំពេញការ​ងារ​ជាមួយ​បណ្តាញសារព័ត៌មាន​ RT អំឡុង​ពេល​ផលិត​ភាព​យន្តឯកសាររឿង «ម្តាយ​ខ្ញុំ លក់​ខ្ញុំ»ដែល​និយាយអំពី​រឿង​រ៉ាវ​របស់​ក្មេង​ស្រី​កម្ពុជា​ ដែលបាន​លក់​ខ្លួន ដើម្បី​ជួយ​សម្រាល​ភាព​ក្រីក្រ​ក្នុង​គ្រួសារ​របស់ពួកគេ។

ប៉ុន្ដែ យោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃម្សិលមិញផងដែរ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះរបាយការណ៍របស់អង្គការ Freedom House ដែលនិយាយអំពី “សេរីភាពនៅក្នុងពិភពលោកឆ្នាំ២០១៩” ដែលថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្ដដាំក្បាលចុះ ពោលគឺកម្ពុជាបានធ្លាក់ដល់លេខ ២៦ ក្នុងចំណោមប្រទេសចំនួន ១០០ នៅលើពិភពលោក ជាមួយនឹងប្រទេសអាហ្កានីស្ថាន Djibouti និងប្រទេស Gabon ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ