អ្នក​តាម​ដាន​៖ ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​រវាង​វៀតណាម និង​អឺរ៉ុប​ជាហានិភ័យ​ពាណិជ្ជកម្ម​​កម្ពុជា​បន្ថែម​ទៀត

លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហគ្រិនវៀតណាម លោក Tran Tuan Anh បានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU -Vietnam នៅទីក្រុងហាណូយ នាថ្ងៃទី 30 ខែមិថុនា ឆ្នាំ2019 ។ រូបភាព៖ AFP

អ្នក​តាម​ដាន​លើក​ឡើង​ថា ​ការ​ចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​អឺរ៉ុប និង​វៀតណាម ​វា​កាន់​តែ​ធ្វើ​ឲ្យ​​កម្ពុជា​ខាតបង់​បន្ថែម​ទៀត​​ក្នុង​ទំនាក់​ទំនង និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​អឺរ៉ុប។​

វៀតណាម​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​សហភាព​អឺរ៉ុប​កាល​ពី​ម្សិល​មិញ ដែល​កិច្ច​ព្រមព្រៀង​នេះ​នឹង​បើក​ផ្លូវ​ដល់​ប្រទេស​ជាប់​កម្ពុជា​មួយ​នេះ​អាច​នាំ​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ស្ទើ​រតែ​គ្រប់មុខដោយ​​មិន​ជាប់​​ពន្ធ។

អ្នក​ជំនាញ​គោល​នយោបាយ​ និង​ជា​សាស្ត្រាចារ្យរង​​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ Occidental សហ​រដ្ឋ​អាមេរិក លោក អៀ សុផល បាន​លើក​ឡើង​ថា វា​ជា​ដំណឹង​អាក្រក់មួយ​​សម្រាប់​កម្ពុជា ខណៈប្រទេស​នេះ​កំពុង​ត្រូវ​បាន​អឺរ៉ុប​ពិចារណា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ។

លោក​ថា៖ «ខ្ញុំ​ស្រមៃ​ថា​ ប្រសិន​កម្ពុជា​អាចផលិត​ទំនិញ ​ហើយ​ដាក់​ឈ្មោះ​ថា​ «ផលិត​នៅ​វៀតណាម» បន្ទាប់​មក​បញ្ជូន​ទៅ​វៀតណាម​ កន្លែងនេះ​វា​អាច​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា​ដែរ។ តែការ​ពិត​នោះ​គឺ​កម្ពុជា​មិន​ដូច​ចិន​ទេ ​ដែល​ចិន​គឺ​ជា​រោងចក្រ​នៃ​ពិភពលោក​នោះ។ ប្រទេស​វៀតណាម​តែ​ឯង ​គេ​មាន​សមត្ថភាព​ផលិត​ និង​នាំ​ចេញ​ដោយ​ខ្លួនគេ​បាត់​ទៅ​ហើយ​ដោយ​មិន​ត្រូវ​ការ​កម្ពុជា​នោះ​ទេ»។

ទីប្រឹក្សា​នៃ​អង្គការ​កសិកម្ម​សេដាក​ លោក សម វិទូ យល់​ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​កម្ពុជា​អាច​ទាញ​យក​ផល​ចំណេញពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​វៀតណាម និង​អឺរ៉ុបនេះ​​នោះ​ទេ។ លោកថា លើស​ពី​នេះ​ វា​រឹត​តែ​ធ្វើ​ឲ្យ​កម្ពុជា​ជួប​ការ​លំបាក​លើ​ទីផ្សារ​បន្ថែម​ទៀត​ ប្រសិន​ជា​អឺរ៉ុប​ផ្ដាច់ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​កម្ពុជា​។

លោក សម វិទូ៖ «ចង់​ ឬ​មិន​ចង់​ ក៏​វៀតណាម​អាច​នឹង​ជំនួស​តំណែង​របស់​យើង​ហើយ​ក្នុង​ការ​នាំ​ចេញ​ទៅ​អឺរ៉ុប ព្រោះ​យើង​ត្រូវ​បង់ពន្ធ​បន្ថែម ​តែ​សម្រាប់​គេ​គឺ​អត់​បង់ពន្ធ​ដែល​ធ្វើ​ឲ្យ​​គេ​ចំណេញ​ជាង​យើង​។ ហើយ​លើក​លែង​តែ​មួយ​ទេ ​ស្រូវ​សរីរាង្គ​ដែល​ខ្មែរ​យើង​អាច​នាំ​ចេញ​បាន​ច្រើន​ជាង។ ក្រៅ​ពី​នោះ​បើ​មាន​ផល​ប៉ះពាល់​អី​ទាក់ទង​នឹង​ EBA មែន​ កម្ពុជា​យើង​នឹង​ពិបាក​ក្នុង​ការ​រក​ទីផ្សារ​ដែល​មិន​ជាប់​ពន្ធ​នោះ»។

សហភាព​អឺរ៉ុប​ កាលពី​ខែ​កុម្ភៈ ​ឆ្នាំ២០១៩នេះ​ បាន​ប្រកាស​រាប់​ថយ​ក្រោយ​អំពី​ដំណើរការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ ពី​កម្ពុជា ​ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​រក​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជាបាន​បរាជ័យ​ក្នុង​ការ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ាង ថៃ មាន​ប្រសាសន៍ទទួល​ស្គាល់​ថា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មរបស់​អឺរ៉ុប និង​វៀតណាម​​​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនិញ​កម្ពុជា​ទៅ​កាន់​សហគមន៍​នេះ​។ ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា ​​ដោយ​សារ​ទីផ្សា​អឺរ៉ុប​ធំ​ ដូច្នេះ ​ប្រទេស​វៀតណាមមិន​អាច​កាន់កាប់​ទីផ្សារ​នេះ​បាន​ទាំង​ស្រុង​នោះ​ទេ​។ លោក​បន្ថែម​ថា​​ បើ​ទោះ​បីកម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ក្ដី ​តែ​កម្ពុជា​មិន​មែន​ពឹង​ផ្អែកតែ​​លើ​ទីផ្សារ​របស់​សហគមន៍​នេះ​តែ​មួយ​នោះ​ទេ ដែល​នៅ​តែ​ធ្វើ​ឲ្យ​ទំនិញ​កម្ពុជាមាន​ទីផ្សារ​ដដែល​​។

លោកបញ្ជាក់ថា៖ «យើងទទួលស្គាល់ថា EBA មានប្រយោជន៍ដល់កម្ពុជា យើងមិនចង់ឱ្យបាត់បង់ទេ។ […] តែឧទាហរណ៍​ថា ​វាបាត់​ទៅ​ ប្រយោជន៍វាមានបាត់ខ្លះ គ្រាន់តែបញ្ជាក់បន្ថែមថា កម្ពុជាមិនមែនធ្វើពាណិជ្ជកម្មជាមួយតែ EU ទេ! យើងមាន​ផ្លូវ​ច្រើន​ យើង​ធ្វើទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ច្រើន​នៅលើពិភពលោក ​អត់​មាន​រើសអើង​ទេ។ អ៊ីចឹង​ប្រសិន​ជា​ទំនិញ​ដែល​យើង​ធ្លាប់នាំទៅគាត់ ហើយវាមានការលំបាក វាបង់ពន្ធអ៊ីចឹង ប្រសិនជាបង់ពន្ធហើយនៅតែចំណេញ យើងនៅតែទៅ តែ​បើសិនបង់ពន្ធហើយ វាមិនសូវចំណេញយើងបង្វែរទៅប្រទេសផ្សេងទៀតដែលជាទីផ្សាររបស់យើងដែលបើកបានច្រើនកាល​ពីកន្លងមក»។

បើតាមលោក ស៊ាង ថៃ បច្ចុប្បន្ន ក្រៅពីសហគមន៍អឺរ៉ុប កម្ពុជា​មានទំនាក់ទំនង​ពាណិជ្ជកម្មសេរី​ជាមួយប្រទេស​ក្នុង​តំបន់​អាស៊ាន និងប្រទេសជាដៃគូរអាស៊ាន ក្រៅពីនោះក៏មានទំនាក់ទំនងទ្វេរភាគីជាមួយជប៉ុនចិន កូរ៉េ និងអាមេរិក​ ជាដើម​ ដែលសុទ្ធ​តែជាទីផ្សាររបស់កម្ពុជា។

ទោះជាយ៉ាងណា ក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបផ្ដល់​ឲ្យកម្ពុជា​មិនត្រឹមតែ​ចំណេញ​លើការលក់ទំនិញ​ទៅកាន់​សហគមន៍​​នេះនោះទេ ថែមទាំងចំណេញលើកាតព្វកិច្ចពន្ធទៀតផងដែលមានតម្លៃជិត ៧០០លានដុល្លារក្នុងមួយឆ្នាំ ដែល​ធ្វើ​អ្នកតាមដានយល់ថា រដ្ឋាភិបាលក្រៅពីមាន​នាទី​បង្កើតទីផ្សារថ្មី គឺត្រូវតែធ្វើ​យ៉ាង​ណារក្សាការអនុគ្រោះពន្ធនេះឲ្យខានតែ​​បានផង​ដែរ ដើម្បី​រក្សា​ប្រយោជន៍​ជាតិ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ