សភាពាណិជ្ជកម្ម​អឺរ៉ុ​ប ​ស្នើ​កម្ពុជា​​បង្កើត​តុលាការ​រដ្ឋបាល​ដើម្បី​​បង្កើន​ទំនួល​ខុស​ត្រូវរបស់មន្ត្រីសាធារណៈ​

ក្រសួងពាណិជ្ជកម្ម។ រូបភាព៖ បណ្ដាញសង្គម

សភាពាណិជ្ជកម្ម​អឺរ៉ុបប្រចាំ​កម្ពុជា​ ស្នើ​ដល់​កម្ពុជា​ឲ្យ​​បង្កើត​តុលាការ​រដ្ឋបាល​កំពូល​មួយ​ ដើម្បី​ជំរុញ​ឲ្យ​​មាន​ទំនួល​ខុសត្រូវ​របស់​ស្ថាប័ន​រដ្ឋ​​ក្នុង​ការងារ​របស់​ខ្លួន ក្រោយ​ក្រុម​អ្នក​រកស៊ី​អឺរ៉ុប​ទាំង​នេះ​ថា ​ខ្លួន​ជួប​ការ​លំបាក​ជា​មួយការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​សាធារណៈកម្ពុជា ​។

ក្នុង​សៀវភៅ​ស ដែល​ VOD ទើប​ទទួល​បាន​ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​បាន​លើកឡើង​ថា​ មូល​ហេតុ​ធំ​មួយ​ដែល​រារាំង​ដល់​ការ​វិនិយោគ​របស់​អឺរ៉ុប​មក​កាន់​ប្រទេស​កម្ពុជា​នោះ​គឺ​ ដោយ​សារភាព​យឺតយ៉ាវ​​របស់​មន្ត្រី​កម្ពុជា ហើយ​លើស​ពី​នោះ​ទៀតចំពោះ​ការ​ទទួល​សេវា​​រដ្ឋបាល​ក្នុង​ការ​ចុះ​បញ្ជី​វិនិយោគ និង​ការ​ចេញ​អាជ្ញាប័ណ្ណ​របស់​អ្នក​វិនិយោគ​មួយ​ចំនួន ត្រូវ​បាន​បដិសេធ​ក្រោម​ហេតុផល​ផ្សេងៗ​របស់​មន្ត្រីកម្ពុជា បើ​ទោះ​បី​ក្រុមហ៊ុន​អ្នក​វិនិយោគ​ទាំង​នោះ​បាន​បំពេញ​​តាម​លក្ខណៈ​វិនិច្ឆ័យ​នានា​សម្រាប់​ការ​ទទួល​បាន​សេវា​ទាំង​នោះ​ហើយ​ក្ដី ខណៈ​ការ​ចុះ​បញ្ជី​តាម​អនឡាញ​មិន​បំពេញ​មុខងារ​ល្អ​តាម​ការ​គ្រោង​ទុក​នោះ​ទេ។

ក្រុម​ពាណិជ្ជករ​ទាំង​នោះ​លើក​ឡើង​ថា៖ «បច្ចុប្បន្ន​ ពុំ​ទាន់​មាន​យន្តការ​ណា​មួយ​ដែល​ក្រុមហ៊ុន​ធុរកិច្ច​អាច​ស្នើ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​សេចក្តី​សម្រេច ឬ​ចំណាត់ការ​របស់​មន្ត្រី​សាធារណៈ​ ដើម្បី​ធានា​ថា ​ការ​អនុវត្ត​នោះ​ពិត​ជា​ស្រប​ទៅ​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​ប្រទេស​ និង​ដើម្បី​កំណត់​ឲ្យ​បាន​ថា​ តើ​លិខិត​តូបករណ៍​គតិ​យុត្តិ​ទាំង​នោះ​​ត្រូវ​បាន​ប្រើប្រាស់​ប្រកប​ដោយ​សង្គតិភាព​ និង​គ្មាន​ការ​រើស​អើង​ដែរ ឬ​យ៉ាង​ណា​នោះ​ទេ»។

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ​ជំរុញ​ដល់​រដ្ឋាភិបាល​​ក្នុង​ការ​បង្កើត​យន្តការពិនិត្យ​ឡើង​វិញ​ដោយ​ឯករាជ្យ​នៅ​តាម​ក្រសួង​ និង​ស្ថាប័ន​សាធារណៈ​ពាក់ព័ន្ធ​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ចាត់ចែង និង​ធ្វើ​សេចក្តី​សម្រេច​លើ​ពាក្យ​ស្នើ​សុំ​របស់​អង្គភាព ឬ​ក្រុមហ៊ុន​​ឯកជន និង​បង្កើត​តុលាការ​រដ្ឋបាល​កំពួល​មួយ​ផង​ដែរ។

ក្នុង​សៀវភៅ​ស​នោះ​លើក​ឡើង​បន្ថែម​ថា៖ «នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ រួម​ទាំង​ប្រទេស​ជិត​ខាង​របស់​កម្ពុជា​ដែល​នៅ​ក្នុង​តំបន់​តែ​មួយ ​ដូច​ជា ​ប្រទេស​ថៃ និង​វៀតណាម មាន​ប្រព័ន្ធ​តុលាការ​រដ្ឋបាល ​ដែល​អនុញ្ញាត​ឲ្យ​បុគ្គល​ឯកជន ឬ​ក្រុមហ៊ុន​ធុរកិច្ច​ដែល​យល់​ឃើញ​ថា​ ខ្លួន​ទទួល​រង​ចំណាត់​ការ​មិន​ប្រក្រតី​ពី​សំណាក់​មន្ត្រី​សាធារណៈ​ អាច​ធ្វើ​ការ​ប្ដឹង​ជំទាស់​ ឬ​អាច​ស្នើ​សុំ​ឲ្យ​តុលាការ​រដ្ឋបាល​នោះ​ពិនិត្យ​មើល​ករណី​របស់​ខ្លួន​ឡើង​វិញ»។  

ក្រុម​ពាណិជ្ជករ​អឺរ៉ុប​ព្រមាន​ថា ប្រសិន​កម្ពុជា​នៅ​តែ​គ្មាន​យន្តការ​ទាំង​នេះ​បន្ត​ទៀត ​វានឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​លំហូរ​នៃ​ការ​វិនិយោគ។ ជា​ពិសេស​ធនាគារ​អន្តរជាតិ និង​ស្ថាប័ន​ផ្ដល់​ឥណទាន​ រឹតតែ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​មូលនិធិ​សម្រាប់​ការវិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រសិន​បើ​ពួកគេ​យល់​ឃើញ​ថា ​ប្រទេស​នេះ​មាន​ហានិភ័យ​ផ្លូវច្បាប់​ខ្ពស់​ពេក។

​អ្នក​នាំពាក្យ​ក្រសួង​មុខងា​រសាធារណៈ លោក ឈឿន ប៊ុណ្ណារ័ត្ម បាន​ឲ្យ​ដឹង​យ៉ាង​ខ្លីតាម​សារ​អេឡិច​ត្រូនិចថា ​ដោយសារ​ ​បច្ចុប្បន្ន​ កម្ពុជា​នៅ​ពុំ​ទាន់​មាន​តុលាការ​រដ្ឋបាល​ ដូច្នេះ ​គ្រប់​រឿងទាំង​អស់​ត្រូវ​ប្រមូល​មក​នៅ​តុលាការ​ស៊ីវិល ដែល​ច្បាប់​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​បកស្រាយ និង​ដោះស្រាយ​​​។​ ចំពោះ​ដំណើរ​ការ​រៀប​ចំ​តុលាការ​រដ្ឋបាល​ លោក​ជំរុញ​ឲ្យ​ទាក់ទង​ទៅ​កាន់​​ក្រសួង​យុត្តិធម៌​វិញ។

លោកថា៖ «ប្រសិន​បើ​មាន​ទំនាស់​រដ្ឋបាល​ អ្នក​ពាក់ព័ន្ធ​អាច​ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ​បាន។ ចំពោះ​ដំណើរ​ការ​បង្កើត​តុលាការ​រដ្ឋបាល​ សូម​ស្នើ​លោក​ទំនាក់ទំនងបន្ថែម​ទៅ​លេខាធិការ​ដ្ឋាន​កែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ អាច​នឹង​ទទួល​ព័ត៌មាន​ច្បាស់​លាស់​ »។

VOD មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​នៃ​គណៈកម្មាធិការ​ដឹក​នាំ​កែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ លោក ជិន ម៉ាលីន​ បាន​នៅ​ឡើយ​ទេ​។

ប្រធាន​ក្រុមអ្នកច្បាប់​អមរិន្ទ លោកមេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​តែ​តុលាការ​ស៊ីវិល​មួយ​ក្នុង​ការ​សម្រេច​ក្ដី​គ្រប់រឿង​នោះ​ គឺ​វា​បង្ក​ឲ្យ​មាន​ភាព​មិន​ច្បាស់លាស់ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ និងភាគី​បណ្ដឹង​មាន​ភាព​ស្រពេចស្រពិល​ដូចគ្នា ដែល​ធ្វើ​ឲ្យ​គ្មាន​នរណា​ម្នាក់​ដាក់​ប្ដឹង​​​រដ្ឋបាល​ទៅ​តុលាការ​បច្ចុប្បន្ន​នេះ​ទេ​។

លោក​ សុក សំអឿន ថា​៖ «បើ​អត់​មាន​តុលាការ​រដ្ឋបាល ​អញ្វឹង​​ប្រជាជនយើង ក៏ដូចជា ​អ្នក​ពាក់​ព័ន្ធ​គាត់​មិន​ដឹង​ទៅ​ប្ដឹង​អ្នក​ណាទេ! តែ​សព្វថ្ងៃ​ការងារ​រដ្ឋបាល ​ក៏​យើង​ប្ដឹង​ទៅ​តុលាការ​ក្រុង​ដែរ​ ក៏​ប៉ុន្ដែ​គ្រាន់​តែ​វាអញ្ចេះ គឺ​ដោយ​សារ​យើង​អត់​មាន​ក្រុម​ចៅក្រម​ពិសេស​ មាន​តែចៅក្រម​ទូទៅ ​ដូច្នេះ​ ហើយ​រឿង​ក្ដី​ចេះ​តែ​ឆ្លាស់គ្នា ​ដល់​អញ្ចឹង​ទៅ​វា​ធ្វើ​ឲ្យ​សមត្ថភាព​របស់​តុលាការ​វា​មាន​កម្រិត​»។ ​

បើ​តាម​លោក សុក សំអឿន ក្នុង​ពេល​ដែល​​មិន​ទាន់​​​បង្កើត​​​តុលាការ​រដ្ឋបាលនេះ​ តុលាការស៊ីវិល​កម្ពុជាគួរ​តែមាន​​ក្រុម​ចៅ​ក្រម​​ពិសេសលើ​ផ្នែក​រដ្ឋបាល​នេះ ​ដើម្បី​ទទួល​ និង​ចាត់​ការបណ្ដឹង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ខណៈ​រដ្ឋាភិបាល​គួរ​តែ​បង្កើត​ច្បាប់​រដ្ឋបាល​ជាក់​លាក់​មួយ​ផង​ដែរ។

​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​២០១៩​ របស់​កម្ពុជា ​ត្រូវ​បាន​ធនាគារ​ពិភពលោក​ចាត់​ថ្នាក់​១៣៨ លើ​១៩០ ​​ដែល​មាន​លំដាប់​ពិន្ទុ​៥៤,៨០​ លើ​១០០ពិន្ទុ ​ខណៈ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០​របស់​អាស៊ាន ​ប្រទេស​កម្ពុជា​ជាប់​លេខ​៧ ដែល​បង្ហាញ​ថា​ ប្រទេស​នេះនៅ​មាន​ភាពលំបាក​ក្នុង​ការ​​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឡើយ ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ