អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ផ្អាក​សំណង់​ចិន​៣​កន្លែង ក្រោយ​រក​ឃើញ​ខុស​ប្រក្រតី

ការដ្ឋានសំណង់នៅព្រះសីហនុ ដែលត្រូវបានផ្អាកបណ្ដោះអាសន្ន ក្រោយពេលលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យមើលការដ្ឋានសំណង់សង់ពីគ្រោងដែកនៅក្នុងមូលដ្ឋានសង្កាត់លេខ ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុបានផ្អាកជាបណ្ដោះអាសន្ននូវសំណង់អគារចំនួន ៣កន្លែង ដែលសាងសង់ឡើងដោយជនជាតិចិន ជុំវិញមានភាពមិនប្រក្រតីផ្នែកបច្ចេកទេស និងគុណភាពសំណង់។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា កាលពីថ្ងៃម្សិលមិញ អភិបាលខេត្តព្រះសីហនុថ្មី គឺលោក គួច ចំរើន បានដឹកនាំកម្លាំងចុះត្រួតពិនិត្យសំណង់អគារ និងការដ្ឋានមួយចំនួន ដោយថា លោកបានសម្រេចផ្អាកសំណង់គ្រោងឆ្អឹងដែកចំនួន ៣កន្លែង ស្ថិតក្នុងមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ។     

លោក ឃាង ភារម្យ ឲ្យ VOD ដឹងបន្ថែមថា អាជ្ញាធរក៏បានណែនាំដល់ម្ចាស់ការដ្ឋានសំណង់ដែលជាជនជាតិចិន ហើយទុកពេលឲ្យក្រុមជំនាញត្រួតពិនិត្យបច្ចេកទេស និងគុណភាព មុននឹងអាជ្ញាធរមានវិធានការជាក់ស្ដែង។

លោកបន្ដថា៖ «សំណង់អគារនេះជាសំណង់អគារ៣ ដែលយើងស្នើសុំឲ្យផ្អាកជាបណ្ដោះអាសន្ន ទុកលទ្ធភាពឲ្យក្រសួងដែនដីសិក្សាទៅលើលក្ខណៈបច្ចេកទេសសិន។ នៅក្នុងនោះ មានច្បាប់ ឬមិនមានច្បាប់ យើងអត់ទាន់អាចនិយាយបានទេ ជំនាញលោកកំពុងធ្វើការ។ លក្ខណៈបច្ចេកទេសហ្នឹងត្រូវ ឬខុស យើងរង់ចាំរបាយការណ៍របស់ជំនាញសិន»។   

បើតាមលោក ឃាង ភារម្យ ការផ្អាកសំណង់ចិន ៣កន្លែងជាបណ្ដោះអាសន្ននេះ គឺជាការរកឃើញបន្ថែមទៀត ក្រោយពីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាក់ កាលពីថ្ងៃទី២៦ ខែមិថុនា ថា ក្រុមការងារ​ត្រួតពិនិត្យ​គុណភាព និងសំណង់​ខេត្តព្រះសីហនុ បាន​រក​ឃើញសំណង់ចំនួន​​៥កន្លែង​ ដែល​កំពុងសាងសង់ដោយគ្មានច្បាប់អនុញ្ញាត។

យុវជនស្រឡាញ់បរិស្ថាន លោក លី ចាន់ដារ៉ាវុធ សាទរចំពោះការខិតខំរបស់អាជ្ញាធរខេត្តព្រះសីហនុនេះ។ ប៉ុន្ដែ លោកជំរុញបន្ថែមទៀតឲ្យពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងមានតម្លាភាពចំពោះជនបរទេស ដែលកំពុងរស់នៅ និងបណ្ដាក់ទុនរកស៊ីក្នុងខេត្តជាប់ដែនសមុទ្រមួយនេះ ដើម្បីកុំឲ្យកើតមានសោកនាដកម្មស្លាប់ពលរដ្ឋ ដូចកាលពីពេលកន្លងទៅ។

លោកបន្ដថា៖ «ការរកឃើញហ្នឹង វាល្អហើយ ខ្ញុំជំរុញឲ្យគេគោរពច្បាប់ច្រើនជាង។ ខ្ញុំស្នើសុំថា បើសិនជាគេរកឃើញអគារខុសច្បាប់អញ្ចឹង គេគួរតែផ្អាកការសាងសង់ ឬធ្វើបច្ចេកទេសយ៉ាងម៉េចឲ្យបានត្រឹមត្រូវវិញ។ ហើយចំពោះអគារណាដែលបំពាននូវច្បាប់ភូមិបាល ដែលសាងសង់លើដីខុសច្បាប់អីហ្នឹង គួរតែបញ្ឈប់»។   

កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅ សំណង់អគារចិនមួយកម្ពស់៧ជាន់ ស្ថិតនៅកណ្ដាលក្រុងព្រះសីហនុ បានបាក់រលំ និងសង្កត់កម្មករចំនួន ២៨នាក់ស្លាប់ និង២៦នាក់ទៀតរងរបួស។

អតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បញ្ជាក់ថា អគារដែលបាក់នេះធ្វើឡើងដោយខុសច្បាប់ ហើយលោកបានហាមឃាត់ពីរលើកដែរ តែក្រុមហ៊ុនចិននេះមិនព្រមស្តាប់។​

ក្រោយករណីបាក់អគារនេះ រដ្ឋាភិបាលបានបង្កើត​គណៈកម្មការ​មួយ ដើម្បីឲ្យត្រួតពិនិត្យ​សំណង់អគារទាំងអស់​នៅក្នុង​ខេត្ត​ព្រះសីហនុ ​ដោយក្រុមការងារនេះ​មាន​សមាសភាព​មន្ដ្រីចំនួន​១៥នាក់ មកពី​ក្រសួង​ដែនដី ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រសួងបរិស្ថាន និង​អាជ្ញាធរខេត្ត​ព្រះសីហនុ។

ប៉ុន្ដែ ជាង១០ថ្ងៃមកហើយចាប់តាំងពីព្រឹត្តិការណ៍បាក់រលំអគារកម្ពស់៧ជាន់នេះ ក្រុមជំនាញនៅមិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេតរបស់ខ្លួនអំពីករណីបាក់អគារ៧ជាន់នេះនោះទេ ក្រៅតែពីចំណាត់ការរបស់តុលាការខេត្តព្រះសីហនុ ដែលបានសម្រេចឃុំខ្លួនជនជាតិចិនប្រុសស្រី៤នាក់ ពីបទ «មនុស្សឃាតដោយអចេតនា» និងបទ «សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា»នោះ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ