លោក​ ហ៊ុន​ សែន​ ប្រាប់​ UN​ ថា​ រដ្ឋាភិបាល​លោក​​មិនដែល​បិទ​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​

នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន​ សែន​ ថ្លែងប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ថា​ រដ្ឋាភិបាល​របស់​លោក​មិនដែល​មានបំណង​បំបិទ​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​នោះ​ទេ ​ និង​មានតែ​ខិតខំ​លើកកម្ពស់​សិទ្ធិ​នេះ​ថែមទៀត​។

កិច្ចប្រជុំ​លើក​ទី៤១​ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ នៅ​ថ្ងៃនេះ​ លោក​ ហ៊ុន​ សែន​ ថ្លែង​ថា ​ លោក​មានការ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​របស់​លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​ បាន​បំបិទ​សិទ្ធិ​សេរីភាព​ ​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​  និង​វាយតម្លៃ​មិនល្អ​ពី​ដំណើរការ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​ រដ្ឋាភិបាល​របស់​លោក​បាន​ខិតខំ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ និង​រៀបចំ​ដំណើរការ​បោះឆ្នោត​ថ្នាក់​ជាតិ​ កាលពី​ខែកក្កដា​ ឆ្នាំ២០១៨​ ដែល​ប្រព្រឹត្តទៅ​ដោយ​ «រលូន​» ព្រមទាំង​ធានា​នូវ​សិទ្ធិ​សេរី​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ គណបក្ស​នយោបាយ​ និង​បណ្ដាញ​សារព័ត៌មាន​។

យ៉ាង​ណាក៏ដោយ​ លោក​ ហ៊ុន​ សែន​ ថ្លែង​ទៀត​ថា​ លោក​មានការ​សោកស្ដាយ​ ដែល​ប្រទេស​មួយចំនួន​ក៏បាន​យក​បញ្ហា​សិទ្ធិមនុស្ស​នេះ​ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​ និង​ធ្វើជា​មូលហេតុ​នៃ​ការព្រមាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។

លោកបន្ដថា៖ « ជា​រៀងរាល់ថ្ងៃ​ ខ្ញុំ​តែង​ទទួល​បាន​នូវ​ការ​ផ្ដល់​មតិ​ជាច្រើន​ពី​ប្រជាពលរដ្ឋ​របស់ខ្ញុំ​ ហើយ​រដ្ឋាភិបាល​មិនដែល​មាន​គោលបំណង​បំបិទ​នូវ​សិទ្ធិ​បញ្ចេញមតិ​ពី​ប្រជា​ពលរដ្ឋ​នោះ​ទេ​។ មានតែ​លើកទឹកចិត្ត​ កំណត់​យក​មតិយោបល់​ពី​ប្រជាពលរដ្ឋ​ ជា​កញ្ចក់ឆ្លុះ​ »។ 

កាលពី​ខែកញ្ញា​ ឆ្នាំ២០១៨​ ពោល​គឺ​នៅ​ក្រោយ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ដ៏​ចម្រូងចម្រាស​មួយ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ស្រុក​បាន​បង្ហាញ​របាយការណ៍​រក​ឃើញ​របស់​ខ្លួន​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ ដែល​ថា​ បាន​ជួប​បញ្ហា​ខ្លាំង​ ចាប់តាំងពី​អំឡុង​ពេល​បោះឆ្នោត​ឃុំ​-សង្កាត់​ ឆ្នាំ​២០១៧មក​នោះ​។

ចំណែក​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត កាលពី​ថ្ងៃទី៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ក៏បាន​ដាក់​របាយការណ៍​មួយ​បន្ថែម​ទៀត​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​ និង​ការបោះឆ្នោត​នៅ​កម្ពុជា​ ជូន​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ដែល​បាន​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​អំឡុង​ខែកញ្ញា​នោះ​ផង​ដែរ​។

ក្នុង​របាយការណ៍​បន្ថែម​នោះ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត ក៏បាន​រក​ឃើញ​ផង​ដែរ​ថា​ ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នីតិកាល​ទី៦​ កាលពី​ថ្ងៃទី២៩​ ខែកក្កដា​កន្លងទៅ​ គឺ​ពោរពេញ​ដោយ​រឹតត្បិត​ និង​បង្ខិតបង្ខំ​ពលរដ្ឋ​ឲ្យ​ចេញទៅ​បោះឆ្នោត​ ​ការ​យាយី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​បណ្ដាញ​សារព័ត៌មាន​ និង​ការរារាំង​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ