លោក​ ហ៊ុន​ សែន​ ព្រមានតំណាងរាស្រ្តសហភាព​អឺរ៉ុប​ដែលចង់​​​អមដំណើរ​លោក​ សម​ រង្ស៊ី​

លោក ហ៊ុន សែន និងលោក សម រង្ស៊ី

នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​ហ៊ុន​ សែន​ ពីទី​ក្រុង​ហ្វ្សឺ​ណែវ​ ប្រទេស​ស្វីស​ ​ព្រមាន​​តំណាងរាស្រ្តសហភាព​អឺរ៉ុប​ដែល​ថា​ ចង់​អម​ដំណើរ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ ចូល​មកប្រទេស​​កម្ពុជា​។

ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​នៅ​ប្រទេស​ស្វីស​ នា​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​ ចំពោះ​ជនជាតិ​កម្ពុជា​ការ​វិល​ចូល​ប្រទេស​របស់​ខ្លួន​គ្មាន​ការ​ហាមឃាត់​ទេ​ ។ ប៉ុន្តែ​ លោកថា​ ចំពោះ​អ្នក​ដែល​មាន​ដីកា​ឱ្យ​ចាប់ខ្លួន​ពី​តុលាការ​ លោ​កចាំ​បាច់​ត្រូវ​នាំទៅ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​។

មេដឹកនាំ​រូប​នេះ​ អះអាង​ទៀត​ថា​ រី​ឯតំណាងរាស្រ្តសហភាព​អឺរ៉ុប​ទាំង៦នាក់​ដែល​ថាអម​ដំណើរ​នោះ​ រដ្ឋាភិបាល​នឹង​មិន​បំពេញ​ឯកសារ​ផ្លូវច្បាប់​ឱ្យ​ចូល​កម្ពុជា​ទេ​។

លោក​ថា​៖ «ចំពោះ​ជនបរទេស​ ជា​ធម្មតា​អ្នកឯង​ត្រូវ​សុំ​វី​សា​ បើ​ខ្ញុំ​មិន​ឱ្យ​អ្នកឯង​ សាក​ចូល​លមើល​។ កម្ពុជា​ជាមួយ​ថៃ​ តំណាងរាស្ត្រ​ថៃ​ចូល​កម្ពុជា​ កម្ពុជា​កាត់ទោស​តំណាងរាស្ត្រ​ថៃ​ សុំ​ចាំ​ឱ្យ​ច្បាស់​»។

អតីត​អនុប្រធាន​គណបក្ស​សង្រ្គោះ​ លោកស្រី​ មូរ​ សុខ​ហួរ​ កាលពី​ចុងខែ​មិថុនា​ បាន​អះអាង​ថា​ ក្រោយ​ជំនួប​ជាមួយ​សមាជិកសភា​អឺរ៉ុប​ និង​គណៈកម្មការ​អឺរ៉ុប​នា​ទី​ក្រុង​ព្រុច​សែល​ ប្រទេស​បែ​លហ្ស៊ិ​ក មាន​សមាជិកសភា​អឺរ៉ុប៦រូប​ នឹង​រួម​ដំណើរ​ជាមួយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ចូល​កម្ពុជា​។

លោកស្រី​ មូរ​ សុខ​ហួរ​ បញ្ជាក់​ថា​ សមាជិកសភា​ទាំងនោះ​មក​ពី​ប្រទេស​ផ្សេង​ៗគ្នា​ដូចជា ​ស៊ុយអែត​ ប៊ុលហ្គារី​ អេស្ប៉ាញ​ អង់គ្លេស​ និង​ប៉​ទុយ​ហ្គាល់​ ។

អតីត​តំណាង​រាស្ត្របក្ស​ប្រឆាំង​រូប​នេះ​ បញ្ជាក់​ថា ​ដំណើរ​វិល​ត្រឡប់​របស់​ក្រុម​អតីត​មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ​នឹង​ធ្វើឡើង​មិន​ឱ្យ​យូរ​ជាងខែ​កញ្ញា​ឡើយ​៕

លោកស្រី មូរ សុខហួរ ឲ្យ VOD ដឹងបន្ថែមតាមសាអេឡិចត្រូនិច នៅថ្ងៃសុក្រនេះថា មន្ត្រីដែលមានគម្រោងអមដំណើរលោក សម រង្ស៊ី និងថ្នាក់ដឹកនាំមកកម្ពុជា ជាប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងជាអ្នកមានឥទ្ធិពលសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។

អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ហៅសារគំរាមរបស់នាយករដ្ឋមន្ត្រីនេះប្រៀបបានរុញកម្ពុជាឲ្យជួបវិបត្តិពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។

លោកស្រី ថា៖ «ដូច្នេះ ការដក EBA នឹងចៀសមិនផុតទេ។ ហើយនេះបង្ហាញឲ្យឃើញថា លោក ហ៊ុន សែន បង្កឲ្យកម្មករយើងជាង៧០ម៉ឺននាក់បាត់បង់ការងារ ឲ្យមានវិបត្តិសង្គមនានា។ ដូច្នេះ ខ្ញុំយល់ឃើញថា បាត់បង់ប្រយោជន៍ប្រទេសជាតិដ៏ធំដែលលោក ហ៊ុន សែន មិនខ្វល់ទាល់តែសោះ»។

អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ និយាយថា បើអ្វីៗវាអាចកើតឡើងដូចការគំរាម​មែន វានឹងរុញវិធានការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ​ពីសហគមន៍អន្តរជាតិ។ កញ្ញាវិភាគថា បើគ្មានអ្វីប្រែប្រួលទេ វាអាចនិយាយបានថា អ្នកនយោបាយខ្មែរ​កំពុងលេងល្បែងដ៏គ្រោះថ្នាក់សម្រាប់ប្រទេសជាតិដូចពីអតីតកាល។

កញ្ញាថា៖ «ការមិនចេះអត់ឱនឲ្យគ្នា ការមិនចេះនិយាយគ្នា មានហ្អែង អត់អញ មានអញ អត់ហ្អែង​អីហ្នឹង ខ្ញុំមើលឃើញថា យើងចូលចិត្តប្រើដដែលៗ។ ខ្ញុំមិនដឹងថា គាត់មានផ្នត់គំនិតអញ្ចឹង ឬក៏យ៉ាងម៉េច ឬក៏គាត់មានឥទ្ធិពលពីប្រវត្តិនយោបាយអាក្រក់ៗពីមុនក្នុងភាពជាអ្នកដឹកនាំ។ អញ្ចឹង គាត់យកបុគ្គលិកលក្ខណៈបែបហ្នឹងមកលេងនៅក្នុងបរិបទបែបនេះ។ ហើយអាការលេងបែបនេះ វាជាការផ្តល់ហានិភ័យសម្រាប់ជាតិរបស់យើង»។

ជម្លោះនយោបាយ កំពុងគំរាមកំហែងកម្ពុជាពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បើរដ្ឋាភិបាលមិនស្តារប្រជាធិបតេយ្យឡើងវិញទាន់ពេល។

ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ ជាផ្នែកមួយដែលប្រទេសលោកសេរី យកធ្វើជាសម្ពាធ ទាមទារទៅរដ្ឋាភិបាលឲ្យស្តារប្រជាធិបតេយ្យ តាមរយៈដោះលែងលោក កឹម សុខា និងឲ្យអតីតគណបក្សប្រឆាំងដែលបានរំលាយទៅហើយនោះ បានដំណើរការឡើងវិញ។

របាយការណ៍របស់ក្រុមអ្នកបញ្ជាទិញបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាបាននាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុប និងអាមេរិក តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធ EBA មានទំហំទឹកប្រាក់សរុប ៨,៥ពាន់លានដុល្លារ ស្មើនឹង ៨៣ភាគរយនៃផលទុនសរុប (GDP) របស់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ