ក្រុម​អ្នក​រក​ស៊ី​អឺរ៉ុប ទទូច​ដល់​រដ្ឋាភិបាល​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​ដើម្បី​បង់ថ្លៃ​សេវា​គយ

កំពង់ផែ ប្រព័ន្ធអនុគ្រោះពន្ធ (រូបភាព៖ បណ្ដាញសង្គម)

ក្រុមអ្នក​រក​ស៊ី​អឺរ៉ុប​នៅ​កម្ពុជា បាន​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​ដើម្បី​រៀបចំ​ឯកសារ និងបង់ថ្លៃ​សេវា​គយ ដោយ​ថា ​ដើម្បី​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​នៃ​ការ​រត់​ឯកសារ និង​បង្កើន​តម្លាភាព​នៃ​ការ​បង់​ប្រាក់។

ក្នុង​សៀវភៅ​ស ដែល​ចេញ​ក្នុង​ខែ​កក្កដា​នេះ ក្រុម​ពាណិជ្ជករ​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ការ​វិវត្ត​ជា​បន្តបន្ទាប់​នៃ​ការ​ធ្វើ​ទំនើប​កម្ម​គយ​ និង​រដ្ឋករ​របស់​កម្ពុជា​ ទោះ​ជា​យ៉ាង​ណា ​ក្រុម​ពាណិជ្ជករ​ទាំង​នេះ​នៅ​តែ​មាន​បញ្ហា​ជា​មួយនីតិវិធី​ដ៏​ស្មុគស្មាញ​នៃ​ការ​ផ្ដល់​ឯកសារ​ជា​ក្រដាសទៅ​ឲ្យ​មន្ត្រី​គយ​នៅ​ពេល​ដែល​ទំនិញ​មក​ដល់​កម្ពុជា ហើយ​ការបង់​ថ្លៃ​សេវា​​គយ​នៅ​កម្ពុជា​មិន​មាន​ប្រព័ន្ធ​​ណា​មួយ​ដែល​អាច​ធ្វើ​ការ​បង់តាម​ប្រព័ន្ធ​អេឡិចត្រូនិច​នៅ​ឡើយ​ទេ។

ពួកគេ ​លើក​ឡើង​ថា៖ «អាស្រ័យ​ហេតុ​នេះ​ ប្រសិន​បើ​មិន​មាន​ប្រព័ន្ធ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រួល​ដល់​ការ​ផ្លាស់ប្ដូរឯកសារ និង​ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិចទេ នោះ​សមត្ថភាព​ប្រកួត​ប្រជែង​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​របស់​កម្ពុជា​អាច​នឹង​ធ្លាក់​ចុះ​ដោយសារ​តែ ក្រុមហ៊ុន​ធុរកិច្ច​សកល​មិន​អាច​បន្តទទួល​យក​ហានិភ័យ​និយ័តកម្ម​ ដែល​កើត​ចេញ​ពី​ការ​អនុវត្ត​មិន​មាន​តម្លាភាព​បាន​ទៀតឡើយ»។

VOD មិន​អាច​ទាក់ទង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ លោក គន់ ញឹម និងអ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ លោក មាស សុខសេនសាន បាន​នៅ​ឡើយ​ទេ​។

នាយកប្រតិបត្តិសម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​​ លោក សន ជ័យ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​នៃ​ការ​បង់លុយ និង​ការ​រៀប​ឯកសារ​ផ្សេង​ៗ​មាន​ភាព​ស្មុគ​ស្មាញ​នោះ​ វា​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​បន្ទុចបង្អាក់​ដល់​ដំណើរ​ការ​ និង​ពេល​វេលា​របស់​អ្នក​ដែល​ត្រូវការ​សេវា លើស​ពី​នោះ​ទៀត​ វា​បង្ក​ឲ្យ​មានអំពើពុករលួយ​តាម​រយៈរូបភាព​នេះ​ផង​ដែរ។

លោក​ជំរុញ​ដល់​រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​ការ​ស្នើសុំ​នេះ​មក​ពិភាក្សា​ ជាពិសេស​ពិភាក្សា​ជា​មួយ​អ្នក​ពាក់ព័ន្ធ​ទាំង​នោះ​ដើម្បី​រៀប​ចំ​ប្រព័ន្ធ​មួយ​ដែល​អាច​ទទួល​យក​បាន​ និង​អាច​ធ្វើ​ទៅ​បាន​ទាំង​អស់​គ្នា​។

លោកថា៖ «ការ​បន្ទុច​បង្អាក់​នេះ វា​ជា​រូបភាព​មួយ​ដែល​នៅ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​មួយ​ដែល​ស្មុគស្មាញ។ អញ្ចឹង​ ដំណោះ​ស្រាយ​បញ្ហា​នេះ​ អន​ឡាញ​គឺ​ជា​ជម្រើសមួយ​ដែល​អាច​នាំ​ឲ្យ​សេវា​ហ្នឹង​លឿន និង​កាត់​បន្ថយ​នូវ​ភាព​ស្មុគស្មាញ»។

បើ​តាម​លោក​ សន ជ័យ ប្រសិន​ជា​រដ្ឋាភិបាល​អាច​បង្វែរ​បែបបទ​រដ្ឋបាល​ដែល​ស្មុគស្មាញ និង​រៀប​ចំការ​បង់សេវា​គយ​តាម​ប្រព័ន្ធ​អនឡាញ​វិញ​នេះ ​វា​នឹង​ជួយ​ដល់ការ​បង្កើន​ទំនុក​ចិត្ត​អ្នក​វិនិយោគ បង្កើន​ប្រសិទ្ធភាព​ការងារមន្ត្រី​ ពន្លឿន​ការនាំ​​ចេញនាំចូល​ទំនិញ​ កាត់​បញ្ហា​អំពើ​ពុក​រលួយ ដែល​ជា​ការ​រួម​ចំណែក​មួយជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​ច្រើន​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ