លោក ហ៊ុន សែន៖ យមរាជ​មិន​ត្រូវការជីវិត​ខ្ញុំ​ទេ​ក្នុង​រយ:​ពេល​មិន​តិច​ជាង ៤០ឆ្នាំ​ពេល​ខាង​មុខ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​លោក ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​មួយ ដែល​លោក​ថា ស្ថិត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដើម្បី​ព្យាបាល​បញ្ហា​«គ្រេចស្មា» នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៩។ រូបថត៖ ទំព័រ​ហ្វេសប៊ុក SPM

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ទៅ​មនុស្ស​មួយ​«ក្ដាប់​តូច» ដែល​លោក​ចោទ​ថា បន់​ឲ្យ​លោក​ឆាប់​ស្លាប់ ឬ​ក៏​បាន​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​អំពី​ស្ថានភាព​សុខភាព​របស់​លោក ខណៈ​លោក​កំពុង​សម្រាក​ព្យាបាល​សុខភាព​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​ស្ថិត​ក្នុង​ប្រទេស​សិង្ហបុរី។

លោក ហ៊ុន សែន បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ ដើម្បី​ទៅ​ព្យាបាល​រាង​កាយ​ដែល​លោក​ហៅ​ថា «គ្រេច​ស្មា» នៅ​ឯ​ប្រទេស​សិង្ហបុរី។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​រសៀល​ថ្ងៃ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន រៀបរាប់​ថា លោក​អរគុណ​ទៅ​ដល់​ជន​រួម​ជាតិ ដែល​បាន​ជូន​ពរ​លោក និង​បារម្មណ៍​ពី​សុខភាព​របស់​លោក។

លោក ហ៊ុន សែន បាន​រៀបរាប់​បន្ត​ថា បញ្ហា «គ្រេច​ស្មា» នៅ​លើ​រាង​កាយ​លោក ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល​ពី​ក្រុម​គ្រូ​ពេទ្យ​សិង្ហបុរី​នៅ​ចន្លោះ​ម៉ោង ២ ទៅ​ម៉ោង ៣​ (ម៉ោង ១ ទៅ ២​ម៉ោង​នៅ​កម្ពុជា)ទៀប​ភ្លឺ​ថ្ងៃ​អាទិត្យ​នេះ។

ក្រៅ​ពី​ពាក្យ​អរគុណ​ហើយ​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ចោទ​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ថា បន់​ស្រន់​ឲ្យ​លោក​ឆាប់​ស្លាប់ ឬ​ក៏​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​អំពី​ស្ថានភាព​សុខភាព​របស់​លោក។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ទាំង​នោះ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ចាត់​ទុក​ជា ​«ជន​មួយ​ក្ដាប់​តូច»​ប៉ុណ្ណោះ។

អម​ដោយ​រូប​ថត​២​សន្លឹក​មាន​រូប​លោក​ផ្ទាល់ និង​ភរិយា​ផង​នោះ លោក ហ៊ុន សែន រៀបរាប់ថា៖ «ខ្ញុំ​សូម​ជូន​យោបល់​ទៅ​អ្នក​ទាំង​នោះ​វិញ​ថា (ឈប់​បាន​ឈប់​ទៅ )ព្រោះ​ការ​ធ្វើ​នយោបាយ​រង់ចាំ​ឱ្យ​ខ្ញុំ​ស្លាប់​ដើម្បី​ដណ្តើម​អំណាច សូម​រង់ចាំ​ជាតិ​ក្រោយ​ទៅ​ចុះ ព្រោះ​យមរាជ​មិន​ត្រូវការជីវិត​ខ្ញុំ​ទេ​ក្នុង​រយ:​ពេល​មិន​តិច​ជាង ៤០ឆ្នាំ​ពេល​ខាង​មុខ ព្រោះ​យមរាជ​ត្រូវការ​ឱ្យ​ខ្ញុំ​នៅ​បន្ត​បម្រើ​ប្រជាជន និង​កម្ចាត់​ពួក​ក្បត់​ជាតិ​ដើម្បី​រក្សាសន្តិភាព និង​ការ​អភិវឌ្ឍ​បន្ត​ទៅ​ទៀត»

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នោះ លោក​ ហ៊ុន សែន មិន​សំដៅ​ទៅ​លើ​បុគ្គលក​ ឬ​អ្នក​នយោបាយ​ក្រុម​ណា​មួយ​នោះ​ឡើយ​។

ទោះជាយ៉ាងណា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ថា​បាន​​ «ក្បត់​ជាតិ» ហើយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា ត្រូវ​បាន​តុលាការ​សម្រេច​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​មក នៅ​ក្រោម​ការ​ចោទ​ប្រកាន់​នេះ។

គណបក្ស​ប្រឆាំង​មួយ​នេះ និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ជាង ១០០​រូប ក៏​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ​ ប៉ុន្តែ ក្រោយ​មក​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ