រាជរដ្ឋាភិបាល នឹងកម្ទេចមធ្យោបាយ​ដឹកឈើខុសច្បាប់​នៅនឹង​កន្លែង​

ព្រៃឡង់

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់​ចេញ​នូវវិធានការ​ចំនួនពីរ ដើម្បីការពារព្រៃឈើឲ្យបានគង់វង្ស ដែល​ក្នុងនោះវិធានការមួយ​​គឺបំផ្លាញចោល មធ្យោបាយដែលប្រើក្នុងការ​ប្រព្រឹត្តិបទល្មើសព្រៃឈើនៅនឹងកន្លែងតែម្តង។

នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​នេះ​។ តាមប្រភពដដែល មធ្យោបាយទាំងនោះ ​រួម​មាន ​រថយន្ត គោយន្ត និង​ម៉ូតូ​ ជាដើម។

ស្ថាប័ននេះក៏​អះអាងថា ​នឹង​អនុវត្តវិធានការច្បាប់​តឹងរ៉ឹងលើបុគ្គល ឬក្រុមហ៊ុនដែល​ពាក់​ព័ន្ធនឹង​បទល្មើស​ព្រៃឈើផងដែរ។

អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី មានប្រសាសន៍ប្រាប់ វី.អូ.ឌី បន្ថែម​ថា វិធានការថ្មីនេះដាក់ចេញសំដៅសំអាតបទល្មើសព្រៃឈើតាំងពីបទល្មើសតូចៗ រហូតដល់បទល្មើសទ្រង់ទ្រាយធំៗនៅទូទាំងប្រទេស។ លោកបន្តថា គណៈកម្មការជាតិនឹងសុំគោលការណ៍ពីព្រះរាជអាជ្ញា បំផ្លាញ​ចោល​នូវរាល់មធ្យោបាយ​ទាំងអស់ នៅនឹងកន្លែងតែម្តង ចៀសវាង​ជនខិលខូចយកមធ្យោបាយទាំងនេះ ប្រព្រឹត្តិបទល្មើសព្រៃឈើជាថ្មីទៀត។

លោក អេង ហ៊ី មានប្រសាសន៍​៖​ «កន្លងទៅ យើងចាប់ឈើ​អ្នកដឹកតូចតាច ​រួចធ្វើកិច្ចសន្យាឱ្យធម្យោបាយត្រលប់ទៅវិញ​។​ ឥលូវអត់ទេ ទោះបី​តូច​តាច​​បែបណាក៏ដោយ ត្រូវចាត់វិធានការតឹងរ៉ឹង តូចតាចដូច​ស្រមោច​អ៊ី​ចឹង។ គណៈកម្មការជាតិរកឃើញថា បើមិនទប់ស្កាត់ធ្វើឱ្យយើង​កាន់តែ​លំបាក។ យើងត្រូវបំផ្លាញចោលនូវនឹងកន្លែងតែម្តង​ ព្រោះបើទុកក៏​ប្រើអីមិនកើតដែរ។»

លោក អេង ហ៊ី បន្ថែមថា ប្រជាពលរដ្ឋតូចតាចដែលប្រកបរបរ​ដឹក​ឈើលក់​ ឬ​ស៊ីឈ្នួលដឹកឈើឱ្យគេ ​គួរ​ណាស់​តែដូរមុខរបរជាបន្ទាន់ ព្រោះ​គណៈកម្មការ​ជាតិនឹងមិនមានការយោគយល់ទៀតទេ។

ទាក់ទងនឹងបញ្ហានេះ សកម្មជនការពារបរិស្ថាន លោក ហេង ស្រស់ លើក​ឡើង​ថា​ ការចេញសេចក្ដីប្រកាសរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធានធម្មជាតិនេះ​ ទំនងជាមានប្រសិទ្ធភាពតិចតួចប៉ុណ្ណោះ ខណៈ​ដែលឈ្មួញរកស៊ីឈើធំៗនៅតែមមាញឹកក្នុងជំនួញនេះនៅឡើយ។ លោក​បញ្ជាក់ថា ក្រុមគណៈកម្មការជំនាញនេះ គួរណាស់បើកការស៊ើបអង្កេត​លំអិត​ជាងមុន ជាជាងរឹតបន្តឹងតែលើប្រជាពលរដ្ឋតូចតាច។

លោក លើកឡើងថា​៖ «ចាប់បាននៅនឹងដៃ មើលទៅឃើញ យើងសាទរចំពោះការអនុវត្តច្បាប់ ប៉ុន្តែ​ អនុវត្តច្បាប់ទៅតាមរូបភាពជាក់ស្តែង កុំចាប់បានឧកញ៉ាហើយលែង អាហ្នឹងវាជាការអនុវត្តច្បាប់លំអៀង។ សព្វថ្ងៃ គេកាប់ឈើ​ប្រមូលឈើយក​ទៅលក់​នៅ​វៀតណាម ជាពិសេសដឹកតាមច្រកខេត្តមណ្ឌលគិរី និងខេត្តក្រចេះ»។

ទន្ទឹមនឹងនេះ តំណាងសហគមន៍ព្រៃឡង់ លោក ហឿន​ សុភាព មានប្រ​សាសន៍​ថា លោកគាំទ្រចំពោះការសម្រេចរបស់គណៈកម្មការជាតិ ពិសេសត្រង់ចំណុច​ការណ៍ដែល​សម្រេចដុតកម្ទេចចោលនូវមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់។ លោករំលឹកថា ចំណាត់ការមុនៗមានប្រសិទ្ធភាពតែពេលដំបូង​ លុះយូរបន្តិ​ច​បទល្មើសកើតឡើងដដែលជាដដែល។

លោក ហឿន សុភាព មានប្រសាសន៍ថា​៖ ​«បើសិន​យើង​ដាក់សេចក្តីប្រកាសតែម្តង យើង! យើង​ធ្វើដូចភ្លៀងរលឹម ទាំងអ្នកមាន​ទាំង​អ្នកក្រ​ ប្រជាពលរដ្ឋ​ធម្មតារហូតដល់ឧកញ៉ាអី។បើសិនគាត់ធ្វើមានប្រសិទ្ធភាព យើងសប្បាយចិត្តមែនទែន។»

របាយការណ៍របស់គណៈកម្មាធិការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​បាន​វាយ​តម្លៃ​ជា​រួម​ថា បទល្មើស​ព្រៃឈើ​ក្នុង​ឆ្នាំ​២០១៨កន្លង​ទៅគឺ ​ថយ​ចុះ។ ថយ​ចុះ​តាម​រយៈ​ការ​រឹប​អូស​ទំហំ​ឈើ​ពី​ជាង​ ៧​ម៉ឺនម៉ែត្រ​គូប(គីប)​ ក្នុង​ឆ្នាំ​២០១៦ មក​នៅ​សល់​ប្រមាណ​​ជាង​ ៤ពាន់​ម៉ែត្រ​គូប(គីប)​ ក្នុង​ឆ្នាំ​២០១៨។

ករណី​បង្ក្រាប​ចំពោះបទ​ល្មើស​ព្រៃឈើនៅ៦ខែដើមឆ្នាំ២០១៩វិញ គណៈ​កម្មការ​ជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរកឃើញ​ថា ការបង្ក្រាប​បទ​ល្មើសមានការ​ថយចុះ ប៉ុន្តែ មិនទាន់សរុបតួលេខ​ច្បាស់​លាស់​នៅឡើយទេ។

ទោះជាយ៉ាងណាក្ដី សេចក្ដីថ្លែងការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០​១៩ ឱ្យដឹងថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កំពុងកើតឡើង។ សហគមន៍មូលដ្ឋាននេះបញ្ជាក់ថា កំណើននៃបទល្មើសនេះ​បណ្ដាលមកពី​ភាព​អសកម្មរបស់មន្ត្រីជំនាញ និងថា ករណីផ្សេងទៀតបណ្ដាលមកពី​បញ្ហា​ពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ