សមត្ថកិច្ចហុងកុង ចាប់ខ្លួនពលរដ្ឋ​៦នាក់ពេល​ធ្វើបាតុកម្ម​តវ៉ាច្បាប់ធ្វើ​​បត្យា​ប័ន

សមត្ថកិច្ចហុងកុងឃាត់ខ្លួនអ្នកតវ៉ាដែលបានធ្វើបាតុកម្មប្រឆាំងច្បាប់បត្យាប័ន កាលពីថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ AP

អាជ្ញាធរហុងកុង កាល​ពីម្សិលមិញ​ បាន​ចាប់​ខ្លួន​បាតុករ​៦នាក់​ដែល​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់ធ្វើ​បត្យាប័នអ្នកទោស​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ហុងកុងដែលចេញផ្សាយនៅថ្ងៃនេះ​ មនុស្ស៥នាក់ត្រូវបានឃាត់ខ្លួននៅក្នុងពេល​ធ្វើបាតុកម្ម​ ដោយសារតែពួកគេបាន​វាយប្រហារ និង​រារាំងមន្រ្តី​នគរបាល​ក្នុងការ​បំពេញ​ភារកិច្ច។ ប្រភពដដែល​ឲ្យ​ដឹងថា បាតុករ​ម្នាក់​ទៀតត្រូវបាន​ចាប់​ខ្លួន​ដែរ ដោយសារតែរូបគេមិនបាន​បង្ហាញអត្តសញ្ញាណបណ្ណនៅពេល​ដែល​សមត្ថកិច្ចសួររក។

រដ្ឋាភិបាល​ហុងកុង អះអាងថា នគរបាលបង្ខំចិត្តបំបែក​ដោយ​សារ​តែក្រុមបាតុករ​ទាំងនោះរឹងទទឹងមិនព្រម​ស្តាប់តាម​ការណែនាំរបស់​សមត្ថកិច្ច។ រដ្ឋាភិបាល​ស្វយ័តមួយនេះ លើកឡើងថា ​តាម​គោលការណ៍នគរបាល​ជា​អ្នកជួយសម្រួល​ដល់​ការ​ជួប​ជុំ​ដោយសន្តិវិធី ប៉ុន្តែ ក្នុងពេល​ជាមួយគ្នានេះ ពួកគេក៏ជាអ្នកដែល​ធានាសន្តិសុខ និងសណ្ដាប់​ធ្នាប់​សាធារណៈ​។ សេចក្តីប្រកាស​ព័ត៌មានដដែល​ ក៏បាន​បញ្ជាក់ផងដែរថា ​ការបិទផ្លូវរបស់​ក្រុមបាតុករ​ហុងកុង​ជា​សកម្មភាព​ខុសច្បាប់។

ទោះយ៉ាងណាដ៏ដោយ នគរបាល​ហុងហុងថា ​ពួកគេ​នៅតែ​គោរពបញ្ចេញ​មតិ​ និងការប្រមូលផ្តុំ។​

តាមការចុះផ្សាយរបស់​សារព័ត៌មាន Hong Kong Free Press ក្រុម​អ្នករៀបចំបាតុកម្មថា កាល​ពីម្សិលមិញ​ មាន​បាតុករចូល​រួម​ជាង ២៣ម៉ឺន​នាក់ តែ​សមត្ថកិច្ចអះអាងថា មាន​បាតុករ​តែ​ជាង​៥ម៉ឺន​នាក់ប៉ុណ្ណោះ។

ក្នុងបាតុកម្ម​កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមបាតុករ​ក៏​បាន​ទាមទារមិន​ខុសពីលើកមុនប៉ុន្មាន​ទេ។ ពួកគេបានទាមទារ​ឲ្យ​​រដ្ឋាភិបាលហុងកុងទម្លាក់ចោល​ទាំងស្រុងនូវច្បាប់ធ្វើបត្យាប័នអ្នកទោស​ ស្នើឲ្យ​ប្រមុខ​ក្រុងហុងកុង លោកស្រី Carrie Lam ត្រូវចុះ​ចេញ​ពីតំណែង ​ស៊ើបអង្កេត​ការប្រើ​ប្រាស់​អំពើហិង្សា​របស់​ប៉ូលី​សទៅលើ​ក្រុមបាតុករ និងទម្លាក់​ចោលការ​ចោទប្រកាន់​ទៅលើ​ក្រុម​បាតុករ។​

កាលពីថ្ងៃ​ទី​១ ខែកក្កដា ក្នុងពេល​ដែល​រដ្ឋាភិបាល​ប្រារព្ធខួប​២២ឆ្នាំដែល​អង់គ្លេស​ប្រគល់​ទឹក​ដី​ហុងកុងឲ្យ​ចិន ក្រុមបាតុករ​បាន​ប៉ះទង្គិច​គ្នាម្តង​រួច​ទៅហើយ​ជាមួយសមត្ថកិច្ច ដោយសារតែពួកគេបាន​សម្រុកចូល​ទៅក្នុងអគាររដ្ឋសភា។ ក្រោយហេតុការណ៍នោះ អាជ្ញាធរហុងកុង បាន​ចាប់​ខ្លួន​បាតុករ​១២នាក់។

ការតវ៉ា​របស់ពលរដ្ឋ​ហុងកុងក្នុងរយៈពេលប៉ុន្មាន​សប្តាហ៍មកនេះ បាន​ជំរុញ​ឲ្យមាន​មានល្អក់កករ​ផ្នែក​ការទូតរវាងរដ្ឋាភិបាល​ក្រុងឡុង​ និង​រដ្ឋាភិបាលក្រុងប៉េកាំង។ ប្រមុខ​ការ​ទូតអង់គ្លេស​ លោក លោក Jeremy Hunt ថា ខ្លួនគាំទ្រការប្រើប្រាស់​សិទ្ធិសេរីភាព និង​ការតវ៉ា​ដោយ​អហិង្សា​របស់​ពលរដ្ឋហុងកុង ហើយព្រមាន​ទណ្ឌកម្មប្រឆាំ​ង​នឹង​រដ្ឋាភិបាល​ក្រុងប៉េកាំងផងដែរ។ ប៉ុន្តែ​ រដ្ឋាភិបាល​ក្រុងប៉េកាំង ហៅ​ការលើកឡើង​នេះថា​ ជាការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ហើយ​ថា អង់គ្លេស​គ្មាន​សិទ្ធិណាមួយលើដែន​កោះនេះទៀតទេ ចាប់តាំងពីថ្ងៃទី​១ ខែកក្កដា ឆ្នាំ១៩៩៧ មកម្ល៉េះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ