Smart គ្រោងបំពាក់ប្រព័ន្ធអ៊ិនធឺណិតជំនាន់ទី៥ (5G) របស់ Huawei នៅឆ្នាំនេះ

នាយកប្រតិបត្តិក្រុមហ៊ុនស្មាត (Smart Axiata) លោក Thomas Hundt ថ្លែងក្នុងពិធីការដាក់បង្ហាញជាលក្ខណៈសាកល្បងនូវប្រព័ន្ធបច្ចេកវិទ្យា 5G នេះ ដែលមានឈ្មោះថា «ជំរុញការអភិវឌ្ឍកម្ពុជាសម្រាប់អនាគតនៃការតភ្ជាប់ និងការរស់នៅបែបឌីជីថល»។ រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍

ក្រុមហ៊ុនស្មាត (Smart) នៅថ្ងៃនេះ បានដាក់បង្ហាញជាលក្ខណៈសាកល្បងដោយផ្ទាល់ពីការនាំចូលបច្ចេកវិទ្យា 5G ជាលើកដំបូងនៅកម្ពុជា ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Hauwie ផងដែរ។ ការសាកល្បងដោយផ្ទាល់ពេលនេះ ក្រោយពេលកម្ពុជាបានចុះហត្ថលេខាសហការជាមួយប្រព័ន្ធបច្ចេកវិទ្យា 5G ​កាលពីខែមេសាកន្លងទៅ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Smart នៅថ្ងៃនេះ បានឱ្យដឹងថា ការដាក់បង្ហាញជាលក្ខណៈសាកល្បងនូវប្រព័ន្ធបច្ចេកវិទ្យា 5G នេះ ដែលមានឈ្មោះថា «ជំរុញការអភិវឌ្ឍកម្ពុជាសម្រាប់អនាគតនៃការតភ្ជាប់ និងការរស់នៅបែបឌីជីថល»។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានដកស្រង់សម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Thomas Hundt  ដោយបានលើកឡើងពីអត្ថប្រយោជន៍នៃការតភ្ជាប់បច្ចេកវិទ្យាចុងក្រោយ 5G នេះ ថាមានទិសដៅសំខាន់គឺធ្វើឱ្យកាន់តែប្រសើរឡើងសម្រាប់ការរស់នៅរបស់ពលរដ្ឋកម្ពុជារាប់លាននាក់។

លោកថា ភាពប្រសើរទាំងនោះ តាមរយៈការតភ្ជាប់បណ្តាញបច្ចេកវិទ្យាលំដាប់ពិភពលោក និងបច្ចេកវិទ្យាបែបឌីជីថលចុងក្រោយ គឺសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ដើម្បីនាំមកនូវសេវាអ៊ីនធឺណិតកាន់តែមានល្បឿនលឿន និងជាទីទុកចិត្តនៅកម្ពុជា។

លោកបន្តក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «នេះជាមូលហេតុដែលយើងខ្ញុំបាននឹងកំពុងបន្តវិនិយោគជាមធ្យមទំហំទឹកប្រាក់ចំនួន៧០ ទៅ៨០លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ដើម្បីនាំមកនូវសេវាអ៊ីនធឺណិតចល័តកាន់តែមានល្បឿនលឿននៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ទៅ​ប្រទេស​ចិន​ កាល​ពី​ចុង​ខែ​មេសា​ ​​ ​​​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​មួយ​ចំនួន​ នៅ​ក្នុង​នោះ​ក៏​មាន​ការ​អភិវឌ្ឍ​រួម​គ្នា​រវាង​កម្ពុជា និង​ Huawei ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនាន់​ទី​៥​នេះ​ ដោយ​កម្ពុជា​ជា​ប្រទេស​ទី​១​ នៅ​តំបន់​អាស៊ាន​ដែល​បាន​ចុះ​ហត្ថលេខា​​។

កិច្ចសហការរវាងក្រុមហ៊ុន Smart និង ក្រុមហ៊ុនទូរសព្ទរបស់ចិន Huawei ​​លើ​ការសាកល្បងប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត​ជំនាន់​ទី​៥ ឬ​ 5G នៅកម្ពុជានេះ ខណៈបណ្តាក្រុមហ៊ុនធំៗ ចំនួន៤ របស់អង់គ្លេស ​និង​ជប៉ុន​ កាល​ពី​ខែឧសភា បាន​សម្រេច​ពន្យារ​ពេល​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​អ៊ីនធឺណិត​ជំនាន់ទី៥ ឬ 5G របស់​ក្រុមហ៊ុន Huawei។

ការពន្យារពេល​នេះ  ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ថា​ Huawei បាន​យក​ការ​សម្ងាត់​របស់​អាមេរិក ដែលបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិខ្លួន និង​បាន​ដាក់​ក្រុមហ៊ុន​នេះ​ចូល​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្មរបស់អាមេរិកទៀតផង។

ដោយឡែក ក្រុមហ៊ុនអ៊ីនធឺណិតលំដាប់ពិភពលោករបស់អាមេរិក Google និងក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុន​ Panasonic បានផ្អាកការធ្វើពាណិជ្ជកម្មជាមួយ Huawei បន្តបន្ទាប់ផងដែរ។​

យ៉ាងណា កាលពីថ្ងៃទី២៤ ខែឧសភា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អះអាងថា កម្ពុជានៅតែបន្តការ​អភិវឌ្ឍ​រួម​គ្នា​ជាមួយក្រុមហ៊ុនទូរសព្ទរបស់ចិន Huawei ទៅ​លើ​អ៊ីនធឺណិត​ជំនាន់​ទី​៥ ឬ ​5G ដោយមិនបារម្ភពីការលួចព័ត៌មានសម្ងាត់របស់ជាតិនោះទេ ព្រោះថា កម្ពុជាមានប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពដែលអាចទុកចិត្តបាន៕


រាយការណ៍បន្ថែមដោយ លោក ហ៊ុន សិរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ