រដ្ឋាភិបាល ​រំពឹង​ថា​ គោលនយោបាយ​​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យមនឹង​ចេញ​នៅ​ចុង​ឆ្នាំ​នេះ

សិប្បកម្មផលិតទឹកត្រីមួយកន្លែងក្នុងក្រុងភ្នំពេញ។ រូបភាព៖ បណ្ដាញសង្គម

ក្រសួង​ឧស្សាហកម្ម​ គ្រោង​បញ្ចប់​​គោលនយោបាយ​ថ្នាក់​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍវិស័យ​សហគ្រាស​ធុនតូច និង​មធ្យម​ និងសិប្បកម្ម​ មុន​នឹង​ប្រជុំ​អន្តរក្រសួង​នាពេល​ខាង​មុខ ​ហើយ​​រំពឹង​ថា​ គោល​នយោបាយ​នេះ​នឹង​អាច​ចេញ​រូបរាង​នៅ​ចុង​ឆ្នាំ​។

អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ លោក អ៊ុំ សុថា មាន​ប្រសាសន៍​ថា​ សេចក្តីព្រាង​គោល​នយោបាយ​នេះ​បាន​បញ្ចប់​ការ​ពិភាក្សា​ថ្នាក់​ក្រសួង​រួច​ហើយ ដោយ​ថា​ មាន​ចំណុច​មួយ​ចំនួន​ក្រសួង​តម្រូវ​ឲ្យ​អគ្គនាយកជំនាញ​​កែ​សម្រួល​ឡើង​វិញ​ ដើម្បី​កំណត់​ឲ្យ​ច្បាស់​ពី​និយម​ន័យ ដើម្បី​ឲ្យ​រដ្ឋាភិបាល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កំណត់​ផ្ដល់​ការ​លើក​ទឹក​ចិត្ត និង​ជួយ​ ជា​ដើម។

លោក ​អ៊ុំ សុថា៖ «យើង​កំណត់​និយម​ន័យ​ដើម្បី​បែង​ចែក​ប្រភេទ​ខុសៗ​អញ្ចឹង​ នៅពេល​ដែល​យើងដាក់​ចេញ​គោល​នយោបាយ​លើក​ទឹក​ចិត្ត តើ​ប្រភេទ​ SME ណា​ដែល​គួរ​ជាអទិភាព​ខ្ពស់? គាត់​មាន​អទិភាព​ដូច​គ្នា​ តែ​គ្រាន់​តែ​អ្នក​ណា​មាន​អទិភាព​ខ្ពស់​ជាង គាំទ្រ​របៀប​ណា ហើយ​ SME ប្រភេទ​ណា​ដែល​មិន​មាន​ហានិភ័យ​ច្រើន​ជាង ហើយ​ SME ប្រភេទ​ណា​ដែល​មិនមាន។ អញ្ចឹង​ នេះ​ចំណុច​សំខាន់​ដែល​អគ្គនាយកដ្ឋាន​ជំនាញ​គាត់​កែ​លំ​អ​ឡើង​វិញ»។ ​

បើ​តាម​លោក ​អ៊ុំ សុថា ក្នុង​គោលនយោបាយ​ថ្មី​នេះ ​វិស័យ​សហគ្រាស​ធុនតូច និង​មធ្យម រួម​ទាំង​សិប្បកម្ម​ផង​នោះ​ នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​តាម​រយៈ​ការ​សម្រួល​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុងការ​ចុះបញ្ជី ការ​​ការ​ពារ​ដល់​ការ​ប្រកួត​ប្រជែង ការ​ផលិត ​លើកកម្ពស់​ផលិត​ផល និង​រក​ទីផ្សារ​ជូន​ផង​ដែរ។

យោង​តាម​ក្រសួង​ឧស្សាហកម្ម ​វិស័យ​សហគ្រាស​ធុនតូច និង​មធ្យម និង​សិប្បកម្ម​ បច្ចុប្បន្ន​ បាន​ជួយ​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ដល់​ទៅ​ជាង​ ៨០​ភាគរយ និង​ធានា​ដល់​សេដ្ឋកិច្ច​ជាតិ​ក្នុង​អត្រា​ថេរ​ពី ​៦ ទៅ​៧​ភាគរយ ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ។

ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉ ជំរុញ​ដល់​រដ្ឋាភិបាល​បង្កើត​គោលនយោបាយ​នេះ​ឲ្យ​បាន​ឆាប់ ដោយ​ថា ​បច្ចុប្បន្ន​ ដោយ​សា​រគ្មាន​គោល​នយោបាយ​សម្រាប់​ SME នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​វិស័យ​នេះ​នៅ​ជួប​បញ្ហា​ច្រើន​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ការងារ​ និង​ការ​ធ្វើ​ជំនួញ​របស់​សហគ្រាស​ទាំង​នោះ។

​លោកបន្ថែម​ថា ប្រសិន​ជាគោលនយោបាយ​នេះ​ដាក់​ចេញ​មាន​ប្រសិទ្ធភាព​នោះ ​វា​មិន​ត្រឹម​តែ​ជួយ​ដល់​សហគ្រាស​ធុនតូច និង​មធ្យម​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ទប់ស្កាត់​ការធ្វើ​ចំណាក​ស្រុក​របស់​ប្រជាជន​ខ្មែរ​ទៅ​ក្រៅប្រទេស​ផង​ដែរ។

លោក មានប្រសាសន៍ថា៖ «អញ្ចឹង​បាន​ជា​គោលនយោបាយ​ហ្នឹង​ជួយ​ប្រទេស​ជាតិ​បាន​ច្រើ​ន​សម្បើម​ណាស់។ តែ​យើង​ធ្វើ​អាហ្នឹង​មិន​ទាន់​បាន ហើយ​ផលិត​ផល​យើង​មើល​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​គឺ​ជា​ផលិត​ផល​នាំ​ចូល។ អញ្ចឹង​បាន​រដ្ឋាភិបាល​ត្រូវ​ជួយ ​SME តាំង​ពី​ពន្ធ តាំង​ពី​ការ​នាំ​ម៉ាស៊ីន​ចូល​ ដើម្បី​ជួយ​ SME គឺ​គោល​នយោបាយ​ហ្នឹង​ធ្វើ​ជា​ទូទៅ​។ បើ​យើង​ធ្វើ​រឿង​ហ្នឹង​ យើង​(កម្ពុជា)​ចំណេញ​ក្នុង​មួយ​ឆ្នាំ​ៗ​រាប់​ម៉ឺន​ពាន់​លាន​ដុល្លារ»។

ទោះ​ជាយ៉ាង​ណា​ លោក​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​យក​គោលនយោបាយ​នេះ​មក​ពិភាក្សា​ជាមួយ​ SME ទាំង​អស់​ផង​ដែរ​ ដើម្បី​រក​ឲ្យ​​ឃើញ​ពី​បញ្ហា និង​រក​វិធី​ដោះស្រាយ​បាន​ទាំង​អស់​គ្នា។

បើ​តាម​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ​បច្ចុប្បន្ន ​សហគ្រាស​ធុន​តូច និង​មធ្យម មាន​ជា​ង​៥០​ម៉ឺន​សហគ្រាស​ និង​មាន​លក្ខណៈ​ចម្រុះ និង​សម្បូរ​បែប ដែល​ភាគ​ច្រើន​ក្នុង​ផ្នែក​នេះ​រួម​មាន សហគ្រាស​កែច្នៃ​ម្ហូប​អាហារ សហគ្រាស​គាំទ្រ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ កសិ-ឧស្សាហកម្ម និង​សហគ្រាស​កម្មន្តសាល​កែច្នៃ​ផលិតផល​ប្រើប្រាស់​ទូទៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន ។ ប្រភពដដែល​ឲ្យដឹងថា បច្ចុប្បន្ន​ វិស័យសហគ្រាស​ធុន​តូច និង​មធ្យម​នេះ ​​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ពី​៧០ ទៅ​៨០​ភាគរយ និងនាំមកនូវផលទុនជាតិសរុបចំនួន៥៨% ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ