អតីតមន្រ្តី CNRP នៅកំពង់ចាម និងបន្ទាយមានជ័យ​ ថា អាជ្ញាធរហាមមិនឲ្យ​ធ្វើ​បុណ្យ​ខួប​​​លោក កែម ឡី

រូបសំណាក់របស់លោក បណ្ឌិត កែម ឡី។ រូបភាព៖ សូត សុខប្រាថ្នា

អតីតសកម្មជន​បក្សសង្រ្គោះជាតិ ខេត្តកំពង់ចាម និងខេត្តបន្ទាយមានជ័យ អះអាងថា អាជ្ញាធរមូលដ្ឋានបានហាមពួកគាត់​មិនឲ្យធ្វើពិធីរំលឹកខួប ៣ឆ្នាំនៃការបាញ់លោកបណ្ឌិត កែម ឡី។

ពលរដ្ឋម្នាក់ដែលជាអតីតសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ នៅភូមិទី១ ឃុំវាលវង្ស ស្រុកកំពង់ចាម អ្នកស្រី ទឹង សុភាព ប្រាប់ វី.អូ.ឌី ថា អ្នកស្រី និងពលរដ្ឋមួយចំនួនក្នុងសហគមន៍គ្រោងនាំគ្នាធ្វើពិធីបែបសាសនា ដើម្បីរំលឹកខួប៣ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅបរិវេណផ្ទះអ្នកស្រីថ្ងៃស្អែកនេះ ប៉ុន្តែ ត្រូវអាជ្ញាធរមូលដ្ឋានហាមមិនឲ្យធ្វើនោះទេ ក្រោមហេតុផលថា ពុំបានសុំច្បាប់អនុញ្ញាត។

ស្រ្តីអតីតសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិរូបនេះ ឲ្យដឹងថា អ្នកស្រីបារម្ភពីសុវត្ថិភាពដែរ​ ប៉ុន្តែ អ្នកស្រីនៅតែធ្វើដោយមិនបោះបង់នោះទេ ដោយថា បានជូនដំណឹងផ្ទាល់មាត់ទៅដល់អាជ្ញាធរមូលដ្ឋានរួចហើយ។

អ្នកស្រី បន្ថែមថា៖ «ខ្ញុំប្រាប់ពូហ្មងទៅ [ប្រាប់​ទៅ​ចៅសង្កាត់វាលវង្ស ក្រុងកំពង់ចាម លោក ម៉ន ហេន ] ថា ថ្ងៃទី១០ហ្នឹង ខ្ញុំធ្វើសង្ឃទានឲ្យម្តាយខ្ញុំ ហើយនិងធ្វើបុណ្យខួបគម្រប់​ ៣ឆ្នាំលោកបណ្ទិត កែម ឡី ផង។ គាត់ថា អត់ឲ្យធ្វើទេ ព្រោះឈ្មោះ កែម ឡី ដាច់ខាតអត់ឲ្យធ្វើទេ ព្រោះអត់មានច្បាប់ឲ្យធ្វើទេ»

ចៅសង្កាត់វាលវង្ស លោក ម៉ន ហេន មានប្រសាសន៍ថា លោកគ្រាន់តែចុះទៅសួរនាំពីគោលបំណងនៃការធ្វើពិធីនេះឲ្យបានច្បាស់លាស់ប៉ុណ្ណោះ ដោយថា ការធ្វើពិធីនេះពុំមានច្បាប់អនុញាតពីអាជ្ញាធរ។

ចៅសង្កាត់រូបនេះបញ្ជាក់ថា ប្រសិនបើពលរដ្ឋបង្ខំធ្វើទាំងពុំមានច្បាប់អនុញ្ញាតនោះ នឹងមានវិធានការយ៉ាងណានោះ វាអាស្រ័យលើថ្នាក់លើសម្រេច។

លោក បន្ថែមថា៖ «ខាងខ្ញុំគ្រាន់តែប្រាប់ឲ្យគាត់ទៅសុំច្បាប់ ព្រោះធ្វើការងារហ្នឹងទាល់តែមានច្បាប់អនុញ្ញាត។ បើគាត់មកសុំច្បាប់ខ្ញុំ ត្រូវឆ្លងយោបល់ទៅថ្នាក់លើថា ត្រូវតម្រូវឲ្យគាត់ទៅធ្វើនៅណា ដោយសារតែគាត់មិនមែនជាសាច់ញាតិលោក កែម ឡី បានជាត្រូវសួរនាំបែបនេះ»

ក្នុងលិខិតមួយចុះថ្ងៃទី៨ ខែកក្កដា ដែល វី.អូ.ឌី ទទួលបានថ្ងៃនេះ ចៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក ធូ ណាគ្រី បានកោះហៅពលរដ្ឋម្នាក់ដែលជាអតីតចៅសង្កាត់អូរអំបិល មកពីកូតាអតីតគណបក្សសង្គ្រោះជាតិ លោក សួន សៀប មកសួរនាំ និងឲ្យបញ្ឈប់ជាបន្ទាន់នូវគម្រោងសកម្មភាពធ្វើពិធីបុណ្យខួប ៣ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ក្រោមហេតុផលថា ពុំមានច្បាប់អនុញ្ញាត។

អតីតចៅសង្កាត់អូរអំបិល លោក សួន សៀប ប្រាប់ វី.អូ.ឌី ថា រូបលោក និងពលរដ្ឋប្រមាណ ២០០នាក់នៅក្នុងសហគមន៍ដែលគោរពស្រលាញ់លោក កែម ឡី គ្រោងធ្វើពិធីសូត្រមន្តនៅថ្ងៃស្អែកនេះ ដើម្បីរំលឹកខួបនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប៉ុន្តែ គម្រោងនេះត្រូវបានលុបចោលវិញ បន្ទាប់ពីអាជ្ញាធរថាគ្មានច្បាប់អនុញ្ញាត។

លោក បន្ថែមថា៖ «គាត់ [ចៅសង្កាត់អូរអំបិល លោក ធូ ណាគ្រី] មិនឲ្យធ្វើទេ ឲ្យយើងសុំច្បាប់ ដល់ថ្ងៃហើយឲ្យសុំច្បាប់ម៉េចកើត បើគាត់មិនទាន់សម្រេចអត់ដដែលហ្នឹង! អញ្ចឹងខ្ញុំសម្រេចអត់ធ្វើតែហ្មងទៅ»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរហាមមិនឲ្យពលរដ្ឋធ្វើពិធីរំលឹកខួបលោកបណ្ឌិត កែម ឡី មែននោះ វាគឺជាការរំលោភសិទ្ធិពលរដ្ឋក្នុងការប្រារព្ធពិធីតាមបែបសាសនា។

លោក បន្ថែមថា៖ «កាលណាអាជ្ញាធរបង្ហាញកាយវិការទៅរារាំង គំរាមកំហែងពលរដ្ឋមិនឲ្យធ្វើការប្រារព្ធពិធីហ្នឹង វាធ្វើប៉ះពាល់ទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ហើយក៏បង្ហាញមកកាន់តែច្បាស់ថា នៅកម្ពុជាយើងហ្នឹងមិនមានសិទ្ធិសេរីភាពគ្រប់គ្រាន់ទេក្នុងការធ្វើការជួបប្រជុំប្រមូលផ្តុំប្រារព្ធពិធីផ្សេងៗ។ ហើយទាំងអស់នេះ វាសុទ្ធតែការបញ្ជាក់ឲ្យអន្តរជាតិកាន់តែឃើញថា កម្ពុជាយើងកំពុងតែដើរផ្ទុយពីគោលការណ៍មូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស»

លោក​ កែម​ ឡី​ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​ នៅក្នុង​ស្តា​ម៉ាត​មួយ​កន្លែង​ ស្ថិត​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ជាប់​នឹង​ស្តុ​បបូ​កគោ​ រាជធានី​ភ្នំពេញ​ កាល​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ ។

ឃាតកម្ម​នេះ​កើតឡើង​ក្រោយពី​លោក​ កែម​ ឡី​ វិភាគ​បន្ថែម​ទៅលើ​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​អន្តរជាតិ​ ​Global​ Witness​ ​ដែល​របាយការណ៍​ស៊ើបអង្កេត​នោះ​ លាតត្រដាង​ពី​ការ​ក្តោប​ក្តាប់​មុខ​ជំនួញ​របស់​គ្រួសារ​«ត្រកូល​ហ៊ុន​»។

ជិត ៣ឆ្នាំក្រោយ​ឃាតកម្ម​ សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ​រួម​ទាំ​ងតុលាការ​ផង​ចាប់ខ្លួន​បុរស​ម្នាក់​ប៉ុណ្ណោះ​មក​ផ្តន្ទា​ទោស​ គឺ​ឈ្មោះ​ អឿ​ត អាង​ ហៅ​ ​«ជួប​ សម្លាប់​» ​ដោយ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​មួយ​ជីវិត។

អង្គការជាតិ​ និង​អន្តរជាតិ​ចំនូន​២៤ នៅថ្ងៃទី​៩ ខែកក្កដានេះ បានចេញ​សេចក្តី​ថ្លែងការណ៍រួមគ្នាមួយ ដោយទាមទារ​ជាថ្មី​ឲ្យរដ្ឋាភិបាល​កម្ពុជា​បង្កើតគណៈកម្មាការ​ឯករាជ្យ​មួយ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ និងមាន​ប្រសិទ្ធភាព​លើ​ឃាតកម្ម​លើ​លោក កែម ឡី។ អង្គការ​ទាំងនោះបានលើកឡើងថា ការបរាជ័យរបស់​រដ្ឋាភិបាលក្នុងការ​ស៊ើបអង្កេតឲ្យបាន​គ្រប់ជ្រុងជ្រោយ​ និង​ដោយឯករាជ្យ​ ជាការ​​រារាំង​ដល់​សិទ្ធិ​នៃគ្រួសារសពលោក កែម ឡី​ និងសាធារណជន​ក្នុងការ​ទទួលបាន​នូវភាពយុត្តិធម៌។ អង្គការ​ទាំង២៤ បាន​អះអាងដែរថា ​បញ្ហានេះ ក៏បរាជ័យក្នុងការ​គោរព​សិទ្ធិ​របស់ ​អឿ​ត អាង ក្នុងការទទួលបាន​ការ​ជំនុំជម្រះដោយយុត្តិធម៌ពីតុលាការមានសមត្ថកិច្ច ឯករាជ្យ និងមិនលំអៀង ហើយ​វា​ក៏ជាការរំលោភកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ