មេដឹកនាំហុងកុងព្រមលុបចោលច្បាប់ធ្វើបត្យាប័ន

លោកស្រី ការី ឡាំ មេដឹកនាំហុងកុង។ រូបភាព៖ វេបសាយបរទេស

មេដឹកនាំហុងកុងនៅថ្ងៃអង្គារនេះ ប្រកាសលុបចោលសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័ន ព្រមទាំងសន្យាដូរទម្រង់ថ្មីនៃការដឹកនាំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបតាមការទាមទាររបស់ប្រជាពលរដ្ឋ។

នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ លោកស្រី ការី ឡាំ បញ្ជាក់ថា សេចក្តីព្រាងច្បាប់ធ្វើបត្យា​ប័នត្រូវបានលុបចោលហើយ។​ ជាការឆ្លើយតបទៅនឹងចម្ងល់ថា តើការលុបចោលនេះធ្វើឡើងដោយស្មោះត្រង់ឬអត់? មានការរៀបចំឡើងវិញទេ?​ លោកស្រីបញ្ជាក់ថា ក្នុងតំណែងរបស់លោកស្រី មិនមានផែនការរៀបចំឡើងវិញទេ ហើយថា សេចក្តីព្រាងនេះបានស្លាប់ទៅហើយ។​

ស្រ្តីមេដឹកនាំហុងកុងរូបនេះលើកឡើងថា សេចក្តីព្រាងច្បាប់ធ្វើបត្យាប័នបរាជ័យទាំងស្រុង ហើយលោកស្រីក៏ស្នើសុំឱ្យពលរដ្ឋទុកឱកាសដល់រដ្ឋាភិបាលកែទម្រង់ និងដោះស្រាយបញ្ហាទាំងនេះ។​

រយៈពេលជាង១ខែមកនេះ ដែលពលរដ្ឋហុងកុងផ្ទុះការតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារឱ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់ធ្វើបត្យាប័ន ដែលច្បាប់នេះអាចបើកផ្លូវឱ្យចាប់បញ្ជូនពលរដ្ឋហុងកុងទៅកាត់ទោសនៅតុលាការចិនដីគោក។​ ពលរដ្ឋហុងកុងចោទថា ប្រព័ន្ធតុលាការនៅចិនមិនមានយុត្តិធម៌ទេ ហើយច្បាប់នេះកំពុងបើកផ្លូវឱ្យចិនគាបសង្កត់ហុងកុងកាន់តែខ្លាំង។​

នៅពេលដែលមានបាតុកម្មភ្លាមៗ លោកស្រី ការី ឡាំ បញ្ជាក់ថា ទោះយ៉ាងណា ច្បាប់នេះនៅតែដំណើរការដដែលមិនអាចបោះបង់បានទេ។ នៅពេលដែលបាតុកម្មកាន់តែខ្លាំងក្លាឡើង លោកស្រី បានប្រកាសសុំទោសពលរដ្ឋ ហើយផ្អាកដំណើរការលើសេចក្តីព្រាងច្បាប់នេះ។​

បាតុកម្មនៅតែបន្តរហូតមានការសម្រុកចូលក្នុងរដ្ឋសភា និងការឡោមព័ទ្ធអគ្គស្នងការដ្ឋាននគរបាលជាតិហុងកុង និងមានហិង្សាផ្ទុះឡើងកាន់តែខ្លាំង។​

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកស្រី ការី ឡាំ ក៏បានស្នើសុំជួបតំណាងក្រុមតវ៉ានៅតាមសាកលវិទ្យាល័យនានា ប៉ុន្តែ ត្រូវនិស្សិតទាំងនោះបដិសេធ ព្រោះថា ការជួបជុំនោះធ្វើឡើងដោយបិទទ្វារ។ ក្រុមយុវជនចង់ឱ្យមានការជួបជុំជាលក្ខណៈបើកចំហផ្សាយផ្ទាល់តាមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗទៀត​។

លោកស្រី ការី ឡាំ បញ្ជាក់ថា ភាពចម្រូងចម្រាសច្បាប់ធ្វើបត្យាប័ននេះ បានក្លាយជាបញ្ហាធ្ងន់ធ្ងរនៅលើដែនដីហុងកុង។ លោកស្រីប្តេជ្ញាប្រឈមមុខ និងដោះស្រាយបញ្ហាទាំងនេះ។​

បញ្ហាដែលលោកស្រី ការី ឡាំ មើលឃើញនោះ គឺការធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប៉ះពាល់ដល់ការរស់នៅ និងបែកបាក់សង្គមនយោបាយ។​ លោកស្រីថ្លែងថា អ្វីដែលត្រូវចាប់ផ្តើមធ្វើពេលនេះ គឺការកំណត់មូលហេតុនៃបញ្ហា ហើយប្រឹងប្រែងដោះស្រាយ។​

បើទោះជាមេដឹកនាំហុងកុងរូបនេះ សម្រេចលុបចោលច្បាប់ធ្វើបត្យាប័ន ហើយសុំទោសពលរដ្ឋ និងសន្យាដឹកនាំតាមទម្រង់ថ្មីបំពេញចិត្តពលរដ្ឋក៏ដោយ ក៏មេដឹកនាំរូបនេះបញ្ជាក់ថា ហិង្សាដែលកើតមានជាបន្តបន្ទាប់នេះ ត្រូវតែមានការស៊ើបអង្កេត ព្រោះនេះជាសង្គមដែលគ្រប់គ្រងទៅដោយច្បាប់។​

ប៉ុន្តែ សម្រាប់ក្រុមបាតុករទាមទារឱ្យរដ្ឋាភិបាលទម្លាក់ចោលការស៊ើបអង្កេត និងចោទប្រកាន់ទាំងអស់ពាក់ព័ន្ធបាតុកម្មទាមទារឱ្យលុបចោលច្បាប់ធ្វើបត្យាប័ន បើមិនដូច្នោះទេ ពួកគេនឹងបន្តបាតុកម្មទៀត។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ