សមត្ថកិច្ច ឃាត់​ខ្លួន​​មនុស្ស​៤នាក់​ និង​ត្រៀម​កម្ទេច​រថយន្ត៤០​គ្រឿងករណីបទល្មើសព្រៃឈើ​នៅ​មណ្ឌលគិរី​

កំណាត់ឈើដឹកចេញពីកម្ពុជា នៅបរិវេណរបស់ក្រុមហ៊ុន សឺនដុង (Son Dong) ខេត្តជៀឡៃ (Gia Lai) ប្រទេសវៀតណាម ខែមីនា ឆ្នាំ២០១៧។ (ប្រភព៖ EIA)

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដោយឃាត់​ខ្លួន​មនុស្ស​បាន​៤នាក់​ក្នុង​នោះ​មាន​ឧកញ៉ា​ម្នាក់ និងត្រៀម​កម្ទេច​​រថយន្ត​៤០​គ្រឿង​ផង​ដែរ។

អ្នក​នាំពាក្យ​គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​ លោក អេង ហ៊ី មាន​ប្រសាសន៍​ប្រាប់ ​VOD ថាកម្លាំង​កង​រាជអាវុធហត្ថ​បាន​ឃាត់​ខ្លួន​លោក​ឧកញ៉ា ស៊ឹង សំអុល និង​បុគ្គលិក​របស់​គាត់​៣​នាក់​ផ្សេង​ទៀត​ ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​នៅ​ថ្ងៃ​នេះ។

លោក​បន្ថែម​ថា ក្នុង​យុទ្ធនាការ​នោះ​ កង​កម្លាំង​បាន​ដក​ហូត​រថយន្ត​ធុនធ្ងន់ប្រភេទ V1 និង​ប្រភេទ​បង្គុង ចំនួន​៤០​គ្រឿង ​ដើម្បី​បំផ្លាញ​ចោល​ផង​ដែរ។

លោក​ថា៖ «យើងឃើញ​ថា​ ឡាន​ជាង​៤០​គ្រឿង តែ​ឡាន​ខ្លះ​យក​ទៅ​លាក់​ក្នុង​ព្រៃ ដូច្នេះ​ឡាន​ដែល​លាក់​ក្នុង​ព្រៃ​យើង​មិន​មាន​លទ្ធភាព​យក​ចេញ​ក្រៅ​ទេ​ដោយ​សារ​អត់​មាន​អ្នក​បើក​បរ។ អញ្ចឹង​យើង​បំផ្លាញ​ដោយ​បំផ្ទុះ​ចោល​ក្នុង​ព្រៃ​នោះ​តែ​ម្ដង។ ចំពោះ​ឡាន​ផ្សេង​ទៀត ដែល​យក​ចេញ​មក​ក្រៅ​គឺ​យើង​នឹង​រក​វិធី​ស្នើសុំ​អាជ្ញាធរ​កាត់​ចោល​ កាត់​ជា​កង់ៗ​កម្ទេច​កុំ​ឲ្យ​ធ្វើ​ការ​ចរាចរណ៍​បាន​ទៀត»។

ទោះ​ជាយ៉ាង​ណា​ លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ពី​ទំហំ​ឈើ​ដែល​ចាប់​បាន ខណៈ​នៅ​ពេល​នេះ​មនុស្ស​ចំនួន​៤​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាក​សួរ​នៅ​បញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្ត​ហើយ។

វិធានការ​របស់​រដ្ឋាភិបាល​នេះ​គឺ​ធ្វើ​ឡើង​ចំ​ទិវា​រុក្ខទិវា​ជាតិ និង​ក្រោយ​មួយ​ថ្ងៃ​ ដែល​គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់​ចេញ​នូវវិធានការ​ចំនួនពីរ ដែលក្នុង​នោះ​​​គឺមាន​ការ​បំផ្លាញចោលមធ្យោបាយដែលប្រើក្នុងការ​ប្រព្រឹត្តិបទល្មើសព្រៃឈើរបស់​ជន​ល្មើស​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ