សមត្ថកិច្ច រារាំងក្បួនបក្ស ​GDP​ ដែលធ្វើដំណើរ​ចូលរួម​បុណ្យខួបលោក​ កែម ឡី នៅតាកែវ

សមត្ថកិច្ចរារាំងមន្ត្រីគណបក្សប្រជាធិបតេយ្យមូលដ្ឋានមិនឱ្យចូលរួមបុណ្យខួបលោក កែម ឡី នៅក្បែរស្នាក់ការបក្ស ក្នុងរាជធានីភ្នំពេញ។ រូបភាព៖ ផ្ដល់ឱ្យ

មន្ត្រីបក្សប្រជាធិបតេយ្យមូលដ្ឋាន ​អះអាងថា សមត្ថកិច្ច​រាជធានីភ្នំពេញ​​រារាំង​ក្បួនរបស់​បក្សលោកដែល​ធ្វើដំណើរ​ចូលរួម​បុណ្យខួបគម្រប់​៣ឆ្នាំនៃ​ការបាញ់​សម្លាប់លោក កែម ឡី​។

ប្រធាន​ប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រចាំរាជធានីភ្នំពេញ លោក ខាត់ សុធី អះអាងថា គិតត្រឹម​ម៉ោង​៩:២០ នាទីព្រឹកនេះ ក្បួនបក្សរបស់លោកត្រូវ​បាន​ឃាត់មិនឲ្យទៅចូល​រួម​បុណ្យខួបលោក កែម ឡី​ ដោយសមត្ថកិច្ចដែល​មាន​ទាំងស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋានប្រមាណ​ជាជាង៤០​នាក់​។ លោក ខាត់ សុធី ថា​សមត្ថកិច្ច​ទាំងនោះ​អះអាងថា ពួកគេធ្វើ​តាម​ការ​បញ្ជារបស់​ថ្នាក់​លើ​គឺអភិបាល​រាជធានី​ភ្នំពេញ​ លោក ឃួង ស្រេង។

លោក មានប្រសាសន៍ថា៖ «តាមការបញ្ជាក់​អំបាញ់មិញ ឯកឧត្តម​ ឃួង ស្រេង អភិបាលបញ្ជាឲ្យ​ឃាត់។»

ទោះ​យ៉ាងណាក៏ដោយ បើ​តា​ម​លោក ខាត់ សុធី សមត្ថកិច្ចមិនបាន​បញ្ជាក់​ពីមូលហេតុនៃ​ការ​ឃាត់​ដំណើរនេះទេ។ ប្រធាន​ប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រចាំរាជធានីភ្នំពេញរូបនេះ បញ្ជាក់​​ថា ​ក្បួនបក្សរបស់លោក មិន​ធ្វើ​ពិធី​អ្វី​ធំដុំ​នៅស្តុបបូកគោ​ដែល​ជាកន្លែង​លោក កែម​ ឡី ត្រូវ បាន​គេ​សម្លាប់​នោះទេ គ្រាន់​តែ​យក​កម្រង​ផ្កាទៅដាក់​ប្រហែល​៥នាទី​តែប៉ុណ្ណោះ។ លោកថា​ បំណង​របស់​ក្រុម​លោកជាង​២០នាក់​គឺនឹង​ធ្វើដំណើរទៅចូលរួម​បុណ្យ​ខួបរបស់​លោក​ កែម ឡី​ នៅ​ខេត្តតាកែវឯណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ