សមត្ថកិច្ច​ នឹងបញ្ជូនខ្លួនយុវជន៤នាក់ដែល​ផ្សាយ​​លក់អាវមាន​រូបលោក កែម ឡី ទៅតុលាការ​

លោក គង់ រ៉ៃយ៉ា ពាក់អាវដែលមានរូបលោក កែម ឡី។ រូបភាព៖ ហ្វេសប៊ុក Kung Raiya

ស្នងការរាជធានីភ្នំពេញ ថា នឹងបញ្ជូនខ្លួនយុវជន៤នាក់ទៅតុលាការនៅថ្ងៃនេះ ក្រោយ​យុវជនទាំងនោះ ​បានសរសេរលើទំព័រហ្វេសប៊ុកលក់អាវគូរស្នេហ៍ដែលមានឈ្មោះលោក កែម ឡី។

ស្នងការរាជធានីភ្នំពេញ លោក ស ថេត បញ្ជាក់ប្រាប់ វី.អូ.ឌី ថា សមត្ថកិច្ចនឹងបញ្ជូនយុវជន៤នាក់ទៅតុលាការនៅថ្ងៃនេះ។  លោកបន្តថា ការចាប់ខ្លួននេះ ធ្វើឡើង​បន្ទាប់ពីយុវជន​ទាំងនោះ​បាន​បង្ហោះ​លក់អាវរូបលោក កែម ឡី ដោយមានសរសេរជាពាក្យស្លោកនៅលើអាវនោះ។

លោកមានប្រសាសន៍ថា៖ «ឃាត់៤នាក់ បញ្ជូនទៅតុលាការថ្ងៃហ្នឹង ករណីអី យើងមើលខ្លឹមសារអាវទៅ សរសេរថាម៉េច»។

យុវជនទាំង៤នាក់ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​រួមមាន ​អតីតសកម្ម​ជនបក្សប្រឆាំង លោក គង់ រ៉ៃយ៉ា និងភរិយា សុខ ស្រីណុច រួម​ទាំងប្អូនបង្កើត​របស់​លោកឈ្មោះ​ គង់ លក្ខិណា​ និងប្អូន​ថ្លៃ​ឈ្មោះ សុខ ឌីណា។

កាលពីថ្ងៃទី៨ ខែកក្កដា លោក គង់ រ៉ៃយ៉ា បានបង្ហោះលក់អាវដែល​រូបលោកបណ្ឌិត កែម ឡី នៅលើ​ទំព័រហ្វេសប៊ុករបស់លោក ដោយអាវមួយលក់​ក្នុងតម្លៃ​ជាង៥ដុល្លារ។

បើតាមការសរសេរលើទំព័រហ្វេសប៊ុក Kung Raiya៖ «ប្ដីប្រពន្ធខ្ញុំបានយកអាវរូបលោកបណ្ឌិត កែម ឡី ជាអាវគូស្នេហ៍។ បងប្អូនដែលចង់ពាក់អាវរូបលោកបណ្ឌិត កែម ឡី អាចកម្មង់ខ្ញុំបាន ព្រោះខ្ញុំមានអាវរូបលោកបណ្ឌិត កែម ឡី លក់ មានពណ៌ស និងខ្មៅ។ តម្លៃអាវមួយ៥.៥$ (សាច់ក្រណាត់ថៃ)។ »។

ខ្លឹម​សារ​ដែល​មាន​នៅ​លើអាវនោះ សរសេរថា «បើអ្នកមិនធ្វើអ្វីសោះ គង់តែនឹងរងគ្រោះដែរ  គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកការចាប់ខ្លួននេះថា ជាការគំរាមកំហែងចំពោះយុវជនណាដែលព្យាយាមជំរុញឱ្យមានយុត្តិធម៌នៅក្នុងសង្គម។

លោក មានប្រសាសន៍ថា៖ «ខ្ញុំថានេះ ការជាការគំរាមកំហែង បំភិតបំភ័យ ព្រោះម្សិលមិញ ​មុនពេលមួយថ្ងៃនៃការគោរពវិញ្ញាណក្ខន្ធ​លោក​ កែម​ ឡី​។ អ៊ីចឹង រូបនេះគ្រាន់តែជាការគំរាមកំហែងទៅដល់អ្នកដែលនិយម ហើយគាំទ្រ​​លោក​ កែម​ ឡី ដើម្បីបន្ទុចបង្អាក់ មិនឱ្យធ្វើដំណើរគោរពវិញ្ញាណក្ខន្ធ​លោក​ កែម​ ឡី ខួប​៣ឆ្នាំ លោកបណ្ឌិត កែម ឡី»។

ទោះបីជាមានការចាប់ខ្លួនយុវជន៤នាក់នោះក៏ដោយ នៅថ្ងៃទី១០ ខែកក្កដានេះ សង្គមស៊ីវិល យុវជន និងប្រជាពលរដ្ឋ បាននាំគ្នាទៅដាក់កម្រងផ្កានៅក្នុងស្តាម៉ាត ស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជាប់នឹងស្តុបបូកគោ ដើម្បីគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ប៉ុន្តែ សមត្ថកិច្ចរារាំង។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលបានព្យាយាមដាក់កម្រងផ្កាក្នុងថ្ងៃគម្រប់៣ឆ្នាំ នៅ​ស្តា​ម៉ាត​​ ស្ថិត​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ ជាប់​នឹង​ស្តុ​បបូ​កគោ ក៏ត្រូវសមត្ថកិច្ចរារាំងផងដែរ។

លោក មានប្រសាសន៍ថា៖ «ពួកយើងខ្ញុំមកយកកម្រងផ្កាមកដាក់ ដើម្បីគោរពវិញ្ញាណក្ខន្ធ​នូវវីរភាពរបស់លោក​ ដែលបានចូលរួមជួយក្នុងកិច្ចការងារសង្គមយ៉ាងច្រើន។ ទោះបីយ៉ាងណាក៏ដោយ យើងមិនអាចបំភ្លេចនូវវីរភាពរបស់លោក កែម ឡី ដែលបានចូលរួមនូវក្នុងកិច្ចការងារសង្គម។ ក្នុងខួប៣ឆ្នាំនេះ ក៏សូមឱ្យអាជ្ញាធរភ្នំពេញ ត្រូវតែរកមុខឃាតករ និងអ្នកនៅពីក្រោយខ្នងឃាតករ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់សពលោក កែម ឡី ក៏ដូចប្រពន្ធកូន ក្រុមគ្រួសារ សាច់ញា​តិ និងអ្នកនិយមលោក កែម ឡី ទាំងអស់»។

ក្រៅពីការមិនអនុញ្ញាតឱ្យដាក់កម្រងផ្កាហើយ សមត្ថកិច្ចក៏មិនឱ្យពាក់អាវមានរូប និងឈ្មោះលោក កែម ឡី ផងដែរ ដោយសមត្ថកិច្ចថា ធ្វើតាមបញ្ជាថ្នាក់លើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ