បុរស៣នាក់​ត្រូវ​ចាប់ខ្លួន​ពេល​ព្យាយាម​ដាក់​កម្រងផ្កា​នៅកន្លែង​បាញ់សម្លាប់​លោក​ កែម ​ឡី​

បុរស៣នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួ​នភ្លាមៗ​នៅកន្លែង ខណៈ​ពួកគេ​ព្យាយាម​ដាក់​កម្រងផ្កា​ រំឭក​វិញ្ញាណក្ខន្ធ​ គម្រប់​ខួប៣ឆ្នាំ​លោក កែម ឡី នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ញឹម សុខន

បុរស៣នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួ​នភ្លាមៗ​នៅកន្លែង​បាញ់សម្លាប់​លោក​ កែម​ ឡី​ ខណៈ​ពួកគេ​ព្យាយាម​ដាក់​កម្រងផ្កា​ រំឭក​វិញ្ញាណក្ខន្ធ​ គម្រប់​ខួប៣ឆ្នាំ​តាម​បែប​ជំនឿ​សាសនា​ ។

បុរស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​មាន​ លោក​ សួង​ នាគព័ន្ធ​ សកម្មជន​បរិស្ថាន​ លោក ជុំ​ ហួត​ និងលោក ​ជុំ ​ហួ​។ ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន ​ក្រោយ​ព្យាយាម​ចូល​ទៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈដើម្បី​ដាក់​កម្រងផ្កា​មិន​ទទួល​បាន​ជោគជ័យ​ ហើយ​ផ្តល់​បទ​សម្ភាសន៍​​ជាមួយ​អ្នកសារព័ត៌មាន​ ទាមទារ​ទៅ​រដ្ឋាភិបាល​ឱ្យ​វែកមុខ​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​មក​ផ្តន្ទា​ទោស​។

សមត្ថកិច្ច​មួយ​រូប​ដែល​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រារាំង​ លោក​ ឡេង​ គឹ​មហ៊ាន​ ឱ្យ​ VOD ​ដឹង​ថា​ វិធានការ​នេះ​ ដើម្បី​រក្សា​សណ្តាប់​ធ្លាប់​ និង​រក្សា​សុ​វត្ថិភាព​ជូន​ក្រុមហ៊ុន​។

លោក មានប្រសាសន៍​ថា​៖ «ម្ចាស់​ទីតាំង​គេ​មិន​ឱ្យ​ធ្វើ​។ ឥឡូវ​គេ​សុំ​ឱ្យ​ដេញចេញ​ទៀតផង​ ប៉ុន្តែ​ សមត្ថកិច្ច​ចេះតែ​សម្រួល​ទៅ​ ព្រោះ​វា​រំខាន​កន្លែង​គេ​រកស៊ី​លក់ដូរ​។ គេ​មិន​ឱ្យ​ធ្វើ​យើង​ចេញ​ អារ​បៀ​បណាម​ក ក៏​គេ​[សមត្ថកិច្ច​] រារាំង​ដែរ​ អាហ្នឹង​ វា​ចៀស​មិន​ផុត​ទេ​»។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៅ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ ដែល​ឃ្លាំមើល​សកម្មភាព​នេះ​ ហៅ​ចំណាត់ការ​ចាប់​ឃាត់ខ្លួន​នេះថា​  ​រំលោភសិទ្ធិ​មនុស្ស​ផ្នែក​ជំនឿ​សាសនា​ ដែល​ថា​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​ហៅ​ចំណាត់ការ​នេះ​ថា​ បាន​ប៉ះពាល់​កាន់តែ​ខ្លាំង​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ប្រឹងប្រែង​ស្តារ​សិទ្ធិមនុស្ស​ឡើងវិញ ​តប​តាម​លក្ខខណ្ឌ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​ ព្រមទាំង​ធ្វើ​ឱ្យ​មតិ​ជាតិ​ និង​អន្តរជាតិ​យល់ថា​រដ្ឋាភិបាល​កំពុង​ខ្លាច​ស្រមោល​ខ្លួនឯង​ ទាក់ទិន​ឃាតកម្ម​លើ​លោក​ កែម​ ឡី​ នេះ​  ​។

លោក​ថា​៖ «យើង​ឃើញ​ហើយ​ កាលពី​លោក​បណ្ឌិត​ កែម​ ឡី​ ស្លាប់​ យើង​ឃើញ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ចូលរួម​គាំទ្រ​លោក​ និង​ហែហម​។ អ៊ីចឹង​ គាត់ ​[អាជ្ញាធរ​] ខ្លាច​អាទិដ្ឋ​ភាព​ហ្នឹង​នៃ​ការ​គាំទ្រ​ការ​ចូលចិត្ត​ហ្នឹង​ក្រោក​ឡើងវិញ​រាប់​លាន​នាក់​ទៅ​ វា​ធ្វើ​ឱ្យ​ធ្វើ​ឱ្យ​មាន​បញ្ហា​។ អាហ្នឹង​ជា​ការ​ខ្លាច​ស្រមោល​»។

ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នា​ម យិន​ រតន​សុធា​វី​ បាន​បង្ហាញ​ការ​ខក​ព្រះទ័យ​ ករណី​សមត្ថ​កិច្ច​រារាំង​កា​រប្រារ​ព្វ​ពិធី​បែប​សាសនា​នៅកន្លែង​បាញ់សម្លាប់​លោក​ កែម​ ឡី​ នេះ​។

ឆ្លៀតពេល​សមត្ថកិច្ច​កំពុង​ដេញ​ព្រះអង្គ​មិន​ឱ្យ​និម​ន្ត​ចូល​បរិវេណ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​នេះ ព្រ​អង្គ​អំពាវនាវ​តាម​រយៈ​អ្នកសារព័ត៌មាន​ទៅ​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​សម្លាប់​មនុស្សក្រៅ​ប្រព័ន្ធ​ច្បាប់​។

លោក​ កែម​ ​ឡី​ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅក្នុង​ស្តា​ម៉ាត​ ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ស្តុ​បបូ​កគោ​ រាជធានី​ភ្នំពេញ​ កាល​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ ។

 ឃាតកម្ម​នេះ​ កើតឡើង​ក្រោយពី​លោក​ កែម​ ឡី​ វិភាគ​បន្ថែម​ទៅលើ​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​អន្តរជាតិ​ ​Global Witness​ ​ដែល​របាយការណ៍​នោះ​លាតត្រដាង​ពី​ការ​ក្តោប​ក្តាប់​មុខ​ជំនួញ​របស់​គ្រួសារ​«ត្រកូល​ហ៊ុន​»។

៣ឆ្នាំ​មកនេះ​ សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ​រួម​ទាំង​តុលាការ​ផង​ បានចាប់ខ្លួន​បុរស​ម្នាក់​ប៉ុណ្ណោះ​មក​ផ្តន្ទា​ទោស​ គឺ​ឈ្មោះ​ អឿ​តអាង​ ហៅ​ ​«ជួប​សម្លាប់​» ​ដោយ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​មួយ​ជីវិត​។

យ៉ាងនេះ​ក្ដី​ កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ យុវជន​បួ​ននា​ក់​ ក្នុង​នោះ​រួម​ទាំង​យុវជន​ គង់​ រ៉ា​យ៉ា​ ផង​ដែរ​ ត្រូវ​ចាប់ខ្លួន​ក្រោ​យ​​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ អំពាវនាវ​លក់​អាវយឺត​មាន​រូបលោក​ កែម​ ឡី​ ដែល​ធ្វើ​ឱ្យពិធី​រំឭក​ខួប៣ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក​ កែម​ ឡី​ ឆ្នាំនេះ​ យុវជន៧នាក់​ ត្រូវ​ចាប់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ