ចិន ឲ្យអាមេរិក​​លុប​ចោល​ការលក់​អាវុធ​ឲ្យតៃវ៉ាន់ជាបន្ទាន់​​បើ​មិន​ចង់បំផ្លាញ​ទំនាក់​ទំនង​

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang និងអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus។ រូបភាព៖ វេបសាយបរទេស

រដ្ឋាភិបាល​ក្រុងប៉េកាំង អំពាវនាវឲ្យ​រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនលុបចោល​ជាបន្ទាន់​នូវការលក់គ្រឿងសព្វាវុធទៅឲ្យ​កោះ​តៃវ៉ាន់។

ការអំពាវនាវ​របស់​ចិន ធ្វើឡើង​ក្រោយ​ក្រសួងការបរទេសអាមេរិក​បាន​អនុម័ត​យល់ព្រម​លក់​សព្វាវុធដល់កោះ​តៃវ៉ាន់​។  

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang  បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មាន​កាលពីម្សិលមិញថា ការដែល​សហរដ្ឋអាមេរិក​លក់​សព្វាវុធ​ទៅឲ្យតៃវ៉ាន់​ជាការរំលោភ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​ជាមូលដ្ឋាន​នៃ​ទំនាក់​ទនងអន្តរជាតិយ៉ាងធ្ងន់​ធ្ងរ។ លោក បន្ថែម​ថា ​វា​ក៏បំផ្លាញគោល​នយោបាយចិនតែមួយ​ ជាការជ្រៀតជ្រែក​កិច្ចផ្ទៃក្នុង និង​ប៉ះពាល់​ដល់​អធិបតេយ្យភាព និងសន្តិ​សុ​ខ​របស់ចិន។

លោក Geng Shuang ថា​ចិន​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ទង្វើរបស់​អាមេរិក​បែបនេះ ព្រោះ​ថា​ តៃវ៉ាន់​ជាផ្នែក​មួយ​របស់ចិន ហើយអាមេរិក​ត្រូវតែគោរព​ឲ្យ​បាន​នូវគោលនយោបាយ​ចិនតែមួយ​។ លោក បន្ថែម​ថា ចិន​ស្នើឲ្យ​អាមេរិក​បញ្ឈប់​ជាបន្ទាន់​នូវការ​លក់​អាវុធទៅឲ្យតៃវ៉ាន់ និង​បញ្ចប់​ទំនាក់ទំនងយោធា​ជាមួយដែនកោះមួយនេះ បើ​មិនចង់បំផ្លាញ​ទំនាក់​ទំនងរវាងប្រទេស​ទាំងពីរក៏ដូចជា ដើម្បីរក្សានូវសន្តិភាព​ និង​ស្ថិរភាព​នៅច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus បានឆ្លើយតប​ទៅនឹង​ការ​ព្រួយបារម្ភ​របស់​ភាគីចិន ​ក្នុងសន្និសារព័ត៌មាន​កាល​ពីម្សិលមិញ​ ថា ​ការលក់​អាវុធទៅឲ្យ​តៃវ៉ាន់​ គឺដើម្បី​រក្សាសន្តិភាព និងស្ថិរភាពនៅ​ច្រកសមុទ្រតៃវ៉ាន់ និង​នៅក្នុងតំបន់។ លោកស្រី បញ្ជាក់​ថា ​អាមេរិក​មិនមាន​ការ​ផ្លាស់​ប្តូរណាមួយ​លើគោលនយោបាយ​ចិនតែមួយនោះទេ។

លោកស្រី Morgan Ortagus ថា​ ការ​លក់សព្វាវុធឲ្យតៃវ៉ាន់​នេះគឺធ្វើឡើង​ស្រប​តាម​ច្បាប់ស្តី​ពី​ទំនាក់​ទំនង​ជាមួយតៃវ៉ាន់។ អ្នកនាំពាក្យ​ក្រសួងការ​បរទេសអាមេរិករូបនេះ អះអាងថា​ តាមច្បាប់នេះ​ តម្រូវឲ្យ​សហរដ្ឋ​អាមេរិកជួយតៃវ៉ាន់​ក្នុងការការពារខ្លួន។

ក្រសួងការ​បរទេស​អាមេរិក​ កាលពីថ្ងៃចន្ទ បានសម្រេច​លក់​គ្រឿងសព្វាវុធទំនើបៗមួយចំនួនដែលមាន​តម្លៃប្រមាណជាជាង២ពាន់លាន​ដុល្លា​រទៅឲ្យកោះតៃវ៉ាន់​។​ តាមការចុះផ្សាយរបស់​វិទ្យុសម្លេង​សហរដ្ឋអាមេរិក​ គ្រឿងសព្វាវុធទាំងនោះ​រួម​មាន រថពាសដែក​ប្រភេទ 108 M1A2T Abrams កាំភ្លើង​ស្ពាយ​សម្រាប់​បាញ់ ​សព្វាវុធ​ធំៗ​ចំនួន​២៥០​គ្រឿង និង​កាំភ្លើង​ធំ​សម្រាប់​បាញ់​រថពាសដែក​ ប្រមាណ​១៥០០​គ្រឿង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ