លោក ប្រាយុទ្ធ ផ្ដល់តំណែងធំៗដល់​​អ្នកស្មោះ​ស្ម័គ្រជាមួយលោក

នាយករដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ។ រូបភាព៖ វេបសាយបរទេស

លោក ប្រាយុទ្ធ ចាន់​អូចា បាន​តែង​​តាំង​អ្នកដែល​ស្មោះស្ម័គ្រជាមួយ​លោកឲ្យកាន់​តំណែង​ធំៗក្នុង​ជួរគណៈរដ្ឋមន្រ្តីសម្រាប់​អាណត្តិថ្មីនេះ។​

ព្រះ​មហាក្សត្រថៃ កាលពីថ្ងៃពុធម្សិលមិញ បាន​ចេញ​ព្រះរាជក្រឹត្យ​ទទួលស្គាល់​​គណៈរដ្ឋមន្រ្តី​ថ្មី​ដែ​ល​ស្នើឡើងដោយក្រុម​លោក ប្រាយុទ្ធ។

តាមការចុះផ្សាយរបស់​សារព័ត៌មាន​ South China Morning Post របស់ហុងកុង អ្នកដែល​ស្មោះ​ត្រង់ ​និង​ដើរតាម​​លោក ប្រាយុទ្ធ ត្រូវ​បាន​តែងតាំង​ឲ្យកាន់​​តួនាទី និង​តំណែង​ធំៗ​ចាប់ពីរដ្ឋមន្រ្តី​ក្រសួងសំខាន់ៗ រហូត​ដល់​ឧបនាយករដ្ឋមន្រ្តី។

អតីត​រដ្ឋម​ន្រ្តី​ក្រសួងការពារជាតិ​ដែល​ត្រូវបាន​គេ​ស្គាល់ថា​ជាមនុស្ស​ជំនិតបំផុតរបស់លោក ប្រាយុទ្ធ គឺលោក Prawit Wongsuwon ត្រូវ​បាន​រក្សាតួនាទីជា​ឧបនាយករដ្ឋមន្រ្តីដដែល​ ទោះបីលោកមាន​រឿង​អាស្រូវ​ទាក់​ទងនឹង​ការប្រព្រឹត្តិអំពើពុករលួយយ៉ាងណាក្តី។ លោក Prawit Wongsuwon អះអាងថា ​ការដែល​លោក​មិន​បន្ត​ធ្វើ​ជារដ្ឋមន្រ្តី​ក្រសួងការពារ​តទៅទៀត ព្រោះ​តែ​សុខភាព​របស់លោ​ក​មិន​អំណោយផល។

តាម​ការចុះផ្សាយរបស់​សារព័ត៌មានហុងកុងដដែលនេះ លោក ប្រាយុទ្ធ ខ្លួនឯងផ្ទាល់ នឹង​ធ្វើជារដ្ឋមន្រ្តី​ក្រសួងមហាការពារ​ជាតិ​ជំនួសលោក លោក Prawit Wongsuwon ។ អ្នក​វិភាគ​មួយចំនួនយល់ថា ការកាន់​តំណែង​ជា​រដ្ឋមន្រ្តីក្រសួងការពារជាតិ​ នឹង​ធ្វើឲ្យលោក​ ប្រាយុទ្ធ​ ចាក់​គ្រឹះកាន់​តែមាំរវាងក្រុមយោធា និងរដ្ឋាភិបាល ដែល​វា​អាច​ជួយបញ្ចៀសការធ្វើ​រដ្ឋប្រហារ​ណាមួយដែល​បង្កឡើងដោយក្រុម​យោធា។

នាយករដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ក៏បាន​តែងតាំង​មនុស្សដែល​ស្និទ្ធបំផុត​របស់លោក​ម្នាក់ទៀត​គឺ​ Anupong Pauchinda ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងដែរ។

ដោយឡែកមេដឹកបក្សធំៗដែល​ចូលរួម​ចងសម្ព័ន្ធភាព​បង្កើតរដ្ឋាភិបាល​ចម្រុះជាមួយលោក ប្រាយុទ្ធ ​ក៏ទទួលបាន​តំណែង និងតួនាទីធំៗផងដែរ។

មេដឹកនាំបក្ស Bhumjaithai  លោក Anutin Charnvirakul ត្រូវបាន​តែងតាំងជាឧបនាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តី​ក្រសួងសុខាភិបាល។ ចំណែកឯមេដឹកនាំ​បក្សប្រជាធិបតេយ្យ Jurin Laksanawisit ក៏ទទួលបានការតែងតាំងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម។

អ្នកជំនាញ​វិទ្យាសាស្រ្តនយោបាយ​នៃ​សាកលវិទ្យាល័យ​ Ubon Ratchathani លោក Titipol Phakdeewanich​ មានប្រសាសន៍ប្រាប់​សារព័ត៌មាន​ South China Morning Post ថា​គណៈរដ្ឋមន្រ្តី​ថ្មី​នេះ ឆ្លុះ​បញ្ចាំងពីផលប្រយោជន៍របស់​ក្រុមដែលបង្កើត​រដ្ឋាភិបាល​ចម្រុះ ច្រើនជាង​ប្រយោជន៍ជាតិ ហើយការតែង​តាំង​ទៀតសោតគឺមិនបាន​ផ្តោត​លើ​សមត្ថភាពនោះទេ តែវាយោងទៅតាម​កិច្ចព្រមព្រៀង​ និងផលប្រយោជន៍របស់​បក្ស។

លោក បន្ថែម​ថា ​រដ្ឋាភិបាល​ចម្រុះថ្មីនេះ នឹងមិនខុសអ្វី​ពីរដ្ឋាភិបាល​យោធានោះទេ ព្រោះ​ថា ​ថ្នាក់​ដឹកនាំ​នៅតែជាអ្នកចាស់ ហើយ​វប្បធម៌នយោបាយ​ក៏គ្មាន​អ្វី​ថ្មី​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ