កម្មកររាប់ពាន់នាក់នៅខេត្តកណ្តាល ផ្ទុះការតវ៉ាទាមទារ​ដកប្រធានរដ្ឋបាលរោងចក្រ

នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កម្មករជាង៤០០០នាក់បម្រើការងារនៅរោងចក្រកាត់ដេរសំលៀកបំពាក់ បូវឃើរ ហ្វាមេន ហ្វេកធើរី ស្ថិតក្នុងឃុំបែកចាន ផ្ទុះការតវ៉ាទាមទារដកប្រធានរដ្ឋបាលរោងចក្រចេញ។ រូបភាព៖ ហ្វេសប៊ុក Chey Sovann

កម្មកររាប់ពាន់នាក់បម្រើការងារនៅរោងចក្រកាត់ដេរសំលៀកបំពាក់មួយ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល បានផ្ទុះការតវ៉ារយៈពេល៤ថ្ងៃហើយ ដើម្បីទាមទារដកប្រធានរដ្ឋបាលរោងចក្រ ដោយចោទថា ប្រធានរដ្ឋបាលរោងចក្រនោះគាបសង្កត់ និងធ្វើឲ្យបាត់បង់អត្ថប្រយោជន៍របស់កម្មករ។

កម្មករម្នាក់ដែលប្រាប់ថា ឈ្មោះ សុណា ប្រាប់ វី.អូ.ឌី ថា កម្មករជាង៤០០០នាក់បម្រើការងារនៅរោងចក្រកាត់ដេរសំលៀកបំពាក់ បូវឃើរ ហ្វាមេន ហ្វេកធើរី ស្ថិតក្នុងឃុំបែកចាន បានបន្តតវ៉ាទៀត ដោយនៅថ្ងៃនេះ ពួកគេចេញមកប្រមូលផ្តុំមុខរោងចក្រ។

កម្មការិនីរូបនេះបញ្ជាក់ថា កម្មករតវ៉ាទាមទារដកប្រធានរដ្ឋបាលថ្មីម្នាក់ឈ្មោះ យ៉ង់ គង់ ចេញពីរោងចក្រ ដោយថា រយៈពេល៣ខែដែលប្រធានរដ្ឋបាលរូបនេះចូលមកបម្រើការងារនៅរោងចក្រ បានបញ្ឈប់កម្មករដោយមិនប្រាប់មូលហេតុ និងរើសអើងសហជីពដែលការពារផលប្រយោជន៍កម្មករថែមទៀត។

អ្នកស្រី បន្ថែមថា៖ «ពេលគាត់ [ប្រធានរដ្ឋបាលថ្មីឈ្មោះ យ៉ង់ គង់] ចូលមកគាត់បានកែច្បាប់ទម្លាប់​ដែលពួកខ្ញុំធ្លាប់មានកន្លងមកអស់ ហើយសម្តីសំដៅកាយវិការរបស់គាត់អត់សមជាប្រធានរដ្ឋបាលទេ។ តាំងពីគាត់ចូលមក លុយកម្មករក៏បាត់ លុយអត្ថប្រយោជន៍កម្មករក៏បាត់ ហើយគាត់បញ្ឈប់កម្មករអត់មានមូលហេតុ និយាយទៅពួកខ្ញុំទទួលយកគាត់អត់បាន»

លេខាសហជីពអភិវឌ្ឍន៍កម្ពុជាប្រចាំរោងចក្រ បូវឃើរ អ្នកស្រី លី ផល្លា និយាយថា ប្រធានរដ្ឋបាលថ្មីឈ្មោះ យ៉ង់ គង់ តែងតែបង្កផលលំបាកផ្សេងៗដល់កម្មករ និងតែងតែបង្កជម្លោះជាមួយតំណាងកម្មកររួមទាំងសហជីពនៅក្នុងរោងចក្រ។

តំណាងសហជីពរូបនេះឲ្យថា កាលដើមសប្តាហ៍នេះ ប្រធានរដ្ឋបាលថ្មីបានចេញលិខិតបញ្ឈប់កម្មករផ្នែកអនាម័យម្នាក់ និងចេញលិខិតព្យួរការងារតំណាងសហជីពម្នាក់ដោយមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ទៀត ដោយអ្នកស្រីចាត់ទុកចំណាត់ការនេះថា ជាការរើសអើងសហជីព។

អ្នកស្រី បន្ថែមថា៖ «កម្មករពួកខ្ញុំផ្ទុះការតវ៉ាដោយសារតែគាត់ចេញលិខិតបញ្ឈប់កម្មករ និងព្យួរសហជីពអត់មានមូលហេតុច្បាស់លាស់។ ពួកខ្ញុំធ្វើការនៅរោងចក្រនេះ៦ ទៅ៧ឆ្នាំហើយ ប្រសិនជាពួកខ្ញុំអត់ការពារផលប្រយោជន៍ឲ្យកម្មករ និងជួយដោះស្រាយវិវាទជូនកម្មករទេ ពួកគាត់មិនការពារពួកខ្ញុំដែលជាតំណាងសហជីពទេ។ ហើយបើនិយាយពីខាងរដ្ឋបាលវិញ គាត់ចូលធ្វើការទើបតែបាន៣ខែ មានរឿងរញ៉េរញ៉ៃ គាត់ព្យាយាមចាប់កំហុសពួកខ្ញុំគ្រប់បែបយ៉ាង»

ប្រធានរដ្ឋបាលរោងចក្រ បូវឃើរ លោក យ៉ង់ គង់ បានច្រានចោលការលើកឡើងរបស់កម្មករនេះ ដោយថា លោកមិនបានគាបសង្កត់ និងកែប្រែលក្ខខណ្ឌធ្វើឲ្យបាត់បង់ផលប្រយោជន៍កម្មករ ហើយក៏មិនបានរើសអើងសហជីព និងពុំបានបញ្ឈប់កម្មករណាម្នាក់នោះដែរ។

ប្រធានរដ្ឋបាលរូបនេះ បានចាត់ទុកការតវ៉ារបស់ក្រុមកម្មករទាមទារដកលោកចេញពីរោងចក្រនោះថា ជាសិទ្ធិរបស់ពួកគេ ហើយថា ការចោទប្រកាន់មកលើរូបលោកនោះ ជាការលាបពណ៌ខុសការពិត ដែលលោកទាមទារឲ្យមានការដោះស្រាយតាមផ្លូវច្បាប់។

លោក បន្ថែមថា៖ «អីចឹង នីតិវិធីនេះទុកឲ្យសមត្ថកិច្ចពាក់ព័ន្ធ និងរោងចក្រគេដោះស្រាយតាមនីតិវិធីច្បាប់ទៅ ព្រោះយើងមិនបានទៅធ្វើទុក្ខបុកម្នេញបងប្អូនកម្មករដែរ។ ប៉ុន្តែ ពួកគាត់ចង់ធ្វើអីធ្វើទៅ វាជាសិទ្ធិរបស់គាត់ ប៉ុន្តែ ក្នុងនាមយើងជាអ្នកកាន់ច្បាប់ត្រូវតែអនុវត្តទាំងអស់គ្នាទៅ ដើម្បីកុំឲ្យវាមានភាពរញ៉េរញ៉ៃ។ ចំពោះខ្ញុំមិនអីទេ ធ្វើតាមច្បាប់ទៅ ក្រុមហ៊ុនអ្នករើសខ្ញុំទៅ បើខ្ញុំមានបញ្ហាគាត់បញ្ឈប់ខ្ញុំហើយ ប៉ុន្តែ រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់មានគោលការណ៍បញ្ឈប់ខ្ញុំ ព្រោះក្រុមហ៊ុនមិនទាន់រកឃើញថា ខ្ញុំមានកំហុស»

អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកូដកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក អ៊ូ រតនា ដែលដោះស្រាយផ្ទាល់ដល់រោងចក្រ មានប្រសាសន៍ថា ការជួបជុំរកដំណោះស្រាយជាមួយភាគីរោងចក្រ និងតំណាងកម្មករកាលពីម្សិលមិញនោះគឺ ដោះស្រាយបានជាច្រើនចំណុច ដោយថា នៅសល់ចំណុចតិចតួចប៉ុណ្ណោះ។

មន្រ្តីក្រសួងការងាររូបនេះ បញ្ជាក់ថា ករណីក្រុមកម្មករធ្វើបាតុកម្មតវ៉ាសុំដកប្រធានរដ្ឋបាលនោះគឺជាការរំលោភលើសិទ្ធិបុគ្គល និងខុសច្បាប់ ប៉ុន្តែ យ៉ាងណា លោកថា ក្រសួងនឹងខិតខំសម្របសម្រួសដោះស្រាយបញ្ចប់ដែលអាចទទួលយកបានទាំងអស់គ្នា។

លោក បន្ថែមថា៖ «បើនិយាយពីផ្លូវច្បាប់ គឺគាត់ [ក្រុមកម្មករតវ៉ា] រំលោភសិទិ្ធទៅលើបុគ្គលនោះ [ប្រធានរដ្ឋបាល] ហើយព្រោះធម្មតា ការដកមនុស្សវាមិនមែនយើងម្នាក់នាំគ្នាធ្វើកូដកម្មដើម្បីដកបានទេ។ និយោជកគេជួលមនុស្សម្នាក់ហ្នឹងមកធ្វើការ។ អីចឹង ដកមិនដកជាសិទ្ធិរបស់និយោជក។ ការដែលយើងយកជំរើសមួយដែលធ្វើកូដកម្ម ដើម្បីគំរាមកំហែងក្នុងការដកមនុស្សជាជំរើសមួយមិនសមរម្យ ហើយក៏មិនត្រូវតាមផ្លូវច្បាប់ដែរ។ ប៉ុន្តែ យើងនឹងខិតខំសម្របសម្រួលរកចំណុចដែលល្អ និងទទួលបានជោគជ័យទាំងអស់គ្នា»

តំណាងកម្មករឲ្យដឹងថា រោងចក្រ បូវឃើរ មានកម្មករជាង៤០០០នាក់កំពុងបម្រើការងារ ដោយបានផ្តុំការតវ៉ាទាំងអស់គ្នា ហើយថា រោងចក្រនេះផលិតសំលៀកបំពាក់ឲ្យម៉ាកយីហោ Adidas៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ