ព្រះ​រាជអាជ្ញាចោទប្រកាន់​លោក គង់ រ៉ៃយ៉ា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

លោក គង់ រ៉ៃយ៉ា ក្រោយពីចេញពីសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក រៀល សុភិន បានចោទប្រកាន់លោក គង់ រ៉ៃយ៉ា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្រោយ​លោកបោះពុម្ពអាវលក់ភ្ជាប់​រូបលោក កែម ឡី និងសារមួយចំនួន។

នេះបើតាមការបញ្ជាក់​ពី​លោក សំ សុគង់ មេធាវីការពារក្តី​ឲ្យលោក គង់ រ៉ៃយ៉ា។

លោក សំ សុគង់ មានប្រសាសន៍ថា ព្រះរាជអាជ្ញាបានចោទប្រកាន់ពីបទញុះញង់ ដោយសារ លោកបានបោះពុម្ពអាវមានដាក់ឈ្មោះលោក កែម ឡី និងពាក្យស្លោកនៅជាប់លើអាវនោះ។

លោកថា៖ «គេផ្ដោតទៅលើការបោះពុម្ពអាវ ហើយទី២ គេផ្ដោតទៅលើការដាក់រូបលោក កែម ឡី ហើយនិងខ្លឹមសារខាងក្រោយអាវណាស់ ប៉ុន្តែ ខ្លឹមសារខាងក្រោយអាវរបស់គាត់ហ្នឹង មិនមែនជាគំនិតរបស់គាត់ទេ គឺជាគំនិតរបស់លោកទេ​ មានន័យថា គាត់សម្លងចេញពីពាក្យរបស់លោក កែម ឡី នៅពេលគាត់នៅរស់»។

លោកបន្តថា​ បន្ទាប់ពីចោទប្រកាន់ នៅរសៀលនេះ ចៅក្រមស៊ើបសួរនឹងបន្តនីតិវិធីសាកសួរបន្ថែមទៀត។

ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ចេញពីតុលាការ នៅថ្ងៃនេះ លោក គង់ រ៉ៃយ៉ា ចាត់ទុកការចោទប្រកាន់នេះថា ជារឿងអយុត្តិធម៌​ ប៉ុន្តែ លោកមិនកត់ស្លុតឡើយ ដោយថា អ្នកដែលចាប់ខ្លួនលោកទេកំពុងភ័យ។

លោកថា៖ «វាជារឿងអយុត្តិធម៌ និងជារឿងហួសហេតុបំផុត ហើយខ្ញុំចង់បញ្ជាក់ថា អ្នកដែលធ្វើបាបខ្ញុំគឺជាមនុស្សដែលកំពុងតែដេកភ័យ។ ចំណែកខ្ញុំគឺសប្បាយចិត្ត។ អ្នកធ្វើបាបខ្ញុំកំពុងដេកភ័យ ចំណែកខ្ញុំគ្មានការព្រួយបារម្ភសោះឡើយ»។

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកការចោទនោះថា មិនសមហេតុផលឡើយ ដោយថា ខ្លឹមសារដែលលោក គង់ រ៉ៃយ៉ា សរសេរលើអាវគឺដកស្រង់សម្ដីរបស់លោក កែម ឡី​ តែប៉ុណ្ណោះ។

លោកមានប្រសាសន៍​ថា៖ «ហាក់ដូចជាមានការភ័យខ្លាចស្រមោលនៃលោកបណ្ឌិត កែម ឡី ពីព្រោះគ្រាន់តែអាវដែលមានរូបគាត់ ឬក៏អ្វីដែលបានសរសេរទៅតាមពាក្យរបស់គាត់ ហាក់ដូចជាអាជ្ញាធរគាត់មានការភ័យខ្លាចខ្លាំង។ អាហ្នឹងជាការមួយដែលមានការភ័យខ្លាច ទៅលើស្រមោលទេ ហើយអ្វីដែលសំខាន់ យើងឃើញថា នៅពេលដែលមានឃាតកម្មលើលោកបណ្ឌិត កែម ឡី ឃើញមានអ្នកគាំទ្រ និងអ្នកដែលទាមទាររកយុត្តិធម៌ ដែលស្រឡាញ់លោកបណ្ឌិត កែម ឡី រាប់លាននាក់ដែលនាំឱ្យមានការភ័យ»។

លោកបន្តថា ការចោទប្រកាន់បែបនេះ នឹងធ្វើឱ្យតុលាការទទួលរងការរិះគន់ពីប្រជាពលរដ្ឋកាន់តែច្រើន។

កាលពីថ្ងៃទី៩ ខែកក្កដា សមត្ថកិច្ចបានចាប់ខ្លួនយុវជន៤នាក់ ក្នុងមានលោក គង់ រ៉ៃយ៉ា និងភរិយារបស់លោក ប្អូនបង្កើតឈ្មោះ​ គង់ លក្ខិណា​ និងប្អូន​ថ្លៃ​ឈ្មោះ សុខ ឌីណា។ ប៉ុន្តែ សមត្ថកិច្ចបានដោះលែង៣នាក់វិញ ដោយទុកតែលោក គង់ រ៉ៃយ៉ា ម្នាក់។

ការចាប់ខ្លួនលោក គង់ រ៉ៃយ៉ា ធ្វើឡើងបន្ទាប់ពីលោកបានបង្ហោះលក់អាវដែលមាន​រូបលោកបណ្ឌិត កែម ឡី នៅលើ​ទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៨ ខែកក្កដា ដោយអាវមួយលក់​ក្នុងតម្លៃ​ជាង៥ដុល្លារ។ 

បើតាមខ្លឹមសារអាវសរសេរថា «បើអ្នកមិនធ្វើអ្វីសោះ គង់តែនឹងរងគ្រោះដែរ  គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»

កាលពីម្សិលមិញ សមត្ថកិច្ច ក៏បានចាប់ខ្លួនយុវជនម្នាក់ឈ្មោះ សួង នាគព័ន្ធ ក្រោយពីយុវជនរូបនោះ បានព្យាយាមយកកម្រងផ្កាក្នុងទៅដាក់នៅក្នុងស្តាម៉ាត ស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជាប់នឹងស្តុបបូកគោ ដើម្បីគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ។

ទាក់ទិននឹងរឿងនេះ អតីតគណបក្សសង្គ្រោះជាតិ បានថ្កោលទោសចំពោះការចាប់ខ្លួនលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ និងការរារាំងសង្គមស៊ីវិលមិនឱ្យដាក់កម្រងផ្កានៅក្នុងស្តាម៉ាត ស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជាប់នឹងស្តុបបូកគោ កាលពីម្សិលមិញ។

អតីតគណបក្សសង្គ្រោះជាតិ ទាមទារឱ្យអាជ្ញាធរដោះលែងអ្នកទាំងពីរឱ្យមានសេរីភាពវិញ ដោយឥតលក្ខខណ្ឌ ដោយថា យុវជនទាំងពីរនាក់នេះ មិនបានប្រព្រឹត្តបទល្មើសអ្វីដូចការចោទប្រកាន់ឡើយ។

លោក គង់ រ៉ៃយ៉ា ធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ដោយតុលាការចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីលោកបានប្រកាសឱ្យមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គមជាមួយនឹងរូបលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ