សហភាព​អឺរ៉ុប ជ្រើស​តាំងឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំកម្ពុជា

Carmen Moreno បច្ចុប្បន្ន​ជាមន្រ្តី​ជាន់​ខ្ពស់​វេទិកា​ជំនួប​អាស៊ី-អឺរ៉ុប (ASEM) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ រូបភាព៖ LinkedIn របស់ លោកស្រី Carmen Moreno

សហភាព​អឺរ៉ុបបាន​ជ្រើសតាំង​លោកស្រី ​Carmen Moreno ជាឯកអគ្គរដ្ឋទូតថ្មី​ប្រចាំប្រទេស​កម្ពុជាជំនួសលោក George Edgar​ ដែល​នឹង​ចាកចេញ​ពីកម្ពុជា​នៅចុងខែសីហាខាងមុខនេះ។

តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហភាពអឺរ៉ុប អនុប្រធានស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី​ Federica Mogherini បានប្រកាស​ពីការ​ជ្រើសតាំងលោកស្រី​ Carmen Moreno ​​កាលពីថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០១៩។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល លោកស្រី​ Carmen Moreno បច្ចុប្បន្ន​ជាមន្រ្តី​ជាន់​ខ្ពស់​វេទិកា​ជំនួប​អាស៊ី-អឺរ៉ុប (ASEM)។ កិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាវេទិកាអន្តររដ្ឋាភិបាលសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៦។ ក្រៅពីនេះ លោកស្រី ក៏ជាតំណាងទទួលបន្ទុក​អាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន នៅក្នុងក្រសួងការបរទេសអេស្ប៉ាញផងដែរ។

អគ្គឯករដ្ឋ​ទូត​សហភាព​អឺរ៉ុបប្រចាំកម្ពុជាដែល​ផុត​អាណត្តិ លោក George Edgar បានប្រាប់ ​វី.អូ.​ឌី តាមអ៊ីម៉េលថា លោកនឹង​ចាកចេញពីកម្ពុជានៅ​ចុងខែសីហា ហើយ​ឯកអគ្គរដ្ឋ​ទូតថ្មី​ដែល​មក​ជំនួស​លោក អាចនឹង​មកដល់កម្ពុជា​នៅដើមខែកញ្ញា។ លោក បញ្ជាក់​ថា​ លិខិត​ជ្រើសតាំងបាន​ផ្ញើទៅ​អាជ្ញាធរកម្ពុជារួចហើយដើម្បីទទួលស្គាល់ជាផ្លូវការ។

តាមព័ត៌មាន​ដែលបង្ហោះ​លើបណ្ដាញ​ Linked In របស់ខ្លួន លោកស្រី​ Carmen Moreno  ធ្លាប់​ធ្វើជា​ឯកអគ្គរាជទូតអេស្ប៉ាញ​ប្រចាំ​ប្រទេសក្នុងតំបន់​អាស៊ី​អាគ្នេយ៍មួយចំនួន ​ដូច​ជា​ ថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជាផងដែរ។

ការចូលកាន់​តួនាទី​ជា​ឯកអគ្គរដ្ឋ​ទូត​ប្រចាំប្រទេសកម្ពុជារបស់​លោកស្រី Carmen Moreno ធ្វើឡើងស្របពេល​ដែល​សហភាព​អឺរ៉ុប​កំពុងដំណើរ​ការនីតិវីធី​នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ«​​អ្វី​ៗគ្រប់​យ៉ាងលើក​លែង​តែអាវុធ»ជាបណ្ដោះអាសន្ន​ពីកម្ពុជា ​បន្ទាប់​ពី​​មើល​ឃើញពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ