បទយកការណ៍៖ សង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលយកថ្ងៃបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជាទិវា​សេរីភាពបញ្ចេញមតិ

ពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ដែលបានប្រារព្ធឡើងនៅវត្តចាស់កាលពីពេលកន្លងទៅ

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ជាថ្ងៃឃាតករបាញ់សម្លាប់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យដ៏ល្បីឈ្មោះគឺ លោកបណ្ឌិត កែម ឡី។

បីឆ្នាំកន្លងផុតទៅ ពលរដ្ឋខ្មែរមួយចំនួន ពិសេសក្រុមសង្គមស៊ីវិល យុវជន មន្ត្រីបក្សនយោបាយ ដែលធ្លាប់ធ្វើការងារជាមួយលោក និងគោរពស្រលាញ់លោកបណ្ឌិត កែម ឡី ផងនោះ នៅតែចងចាំវីរភាព ឬការលះបង់សម្រាប់សង្គមជាតិមួយនេះ។

រាល់ថ្ងៃទី១០ ខែកក្កដា ក្រុមគ្រួសារ សង្គមស៊ីវិល និងពលរដ្ឋដែលស្រលាញ់លោក កែម ឡី តែងនាំគ្នាធ្វើពិធីរំលឹកខួបជូនលោកឥតខកខាន ដោយគ្រាន់តែមានរូបភាពខុសៗគ្នាប៉ុណ្ណោះ។

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលបានចូលរួមពិធីបុណ្យខួបនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដល់ស្រុកកំណើតនៅខេត្តតាកែវនោះ មានប្រសាសន៍ថា ៣ឆ្នាំមកនេះ គ្មានឡើយពាក្យថា ភ្លេចនូវវីរភាពបណ្ឌិត កែម ឡី ចំពោះការងាររបស់លោកជួយដល់សង្គម។

លោក វន់ ពៅ នៅតែស្តាយឥតឧបមា ចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី ហើយលោកក៏ចង់ឱ្យមានការចងចាំមួយសម្រាប់ជាតិចំពោះថ្ងៃបាត់បង់អ្នកវិភាគរូបនេះជាយូរអង្វែងផងដែរ។

លោកមានប្រសាសន៍ថា៖ «ដើម្បីតបស្នងសងគុណនូវលោកបណ្ឌិត កែម ឡី ដែលបានធ្វើពលិកម្មដើម្បីជាតិ ខ្ញុំគិតថា គួរតែរៀបចំទិវាថ្ងៃទី១០ កក្កដានេះ ជាទិវាចងចាំ សម្រាប់ជាតិកម្ពុជាទាំងមូល។ ទីពីរ លោកបណ្ឌិត កែម ឡី ចង់ឱ្យមានការផ្សះផ្សារជាតិមួយ ដើម្បីឱ្យធ្វើប្រទេសយើងមានអធិបតេយ្យភាព ដើម្បីឱ្យប្រទេសយើងមានសុខសន្តិភាព មានយុត្តិធម៌សង្គម»។

ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ និងជាក្រុមការងារ១០០រាត្រី លោក មួង សូនី លើកឡើងថា ក្រៅពីការនឹករលឹក សោកស្តាយចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី ហើយនោះ លោកផ្ទាល់ក៏សោកស្តាយ ដែលយុត្តិធម៌ពិតមិនត្រូវបានផ្តល់ជូនលោកបណ្ឌិត និងក្រុមគ្រួសារ​គាត់ រហូតមកទល់ពេលនេះ។

លោក សូនី អះអាងថា ការលះបង់របស់លោក កែម ឡី មានច្រើន​ និងជាធនធនមនុស្សដ៏កម្ររបស់ជាតិ ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវបង្ហាញការយកចិត្តទុកដាក់ ឬការទទួលខុសត្រូវខ្ពស់ចំពោះអំពើឃាតកម្មនេះ។ ​​

លោកបន្តថា៖ «ដូច្នេះ ខ្ញុំគិតថា រដ្ឋាភិបាលគួរតែបើកចំហ ឬក៏ជំរុញឱ្យមានកម្មវិធីបុណ្យមួយសម្រាប់អ្នកស្នេហាជាតិ មិនមែនតែលោកបណ្ឌិត កែម ឡី ទេ គឺទាំងអស់គ្នានៅថ្ងៃទី១០ កក្កដា ជារៀងរាល់ឆ្នាំតែម្តង។ ហើយស្តុបបូកគោ ដែលជាកន្លែងគេបាញ់សម្លាប់គាត់ ត្រូវប្តូរជាស្តុប កែម ឡី ហើយទីនោះផ្ទាល់ ខ្ញុំគិតថា គួរតែមានធ្វើរូបសំណាកធំណាមួយសម្រាប់គាត់»។

កើតនៅឆ្នាំ១៩៦៦ ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងស្តាម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងវ័យ៥០ឆ្នាំ។

លោកបណ្ឌិត កែម ឡី កាលនៅមានជីវិត លោកបានរួមចំណែក​ចែករំលែកចំណេះដឹងដល់ពលរដ្ឋខ្មែរ ពិសេសយុវជន ​តាមរយៈការខិតខំស្រាវជ្រាវ និងវិធីសាស្ត្រពន្យល់ងាយៗ​អំពីបញ្ហាសង្គមនានា ដូចជា បញ្ហាចំណាកស្រុក បញ្ហាព្រំដែន ជនអន្តោប្រវេសន៍បរទេស អំពើពុករលួយ អភិបាលកិច្ច បញ្ហាធនធានធម្មជាតិ បញ្ហានយោបាយ បញ្ហាសិទ្ធិមនុស្ស ច្បាប់ អំពើអយុត្តិធម៌ក្នុងសង្គម ព្រមទាំងបញ្ហាជាច្រើនទៀត។

លើសពីនេះ លោក ក៏បានស្រាវជ្រាវតាមមូលដ្ឋាន តាមព្រំដែន ហើយក៏បាន​និយាយកែលម្អប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាល របៀបដឹកនាំបក្សនយោបាយ ព្រមទាំងហ៊ានធ្វើជាគម្រូដល់យុវជនក្នុងការចូលរួមបញ្ចេញមតិ និយាយនូវការពិតគ្រប់ពេលដោយគ្មានការភ័យខ្លាច ប្រកបដោយក្រមសីលធម៌ខ្ពស់ បើទោះបីជាដឹងថា ខ្លួននឹងប្រឈមដល់អាយុជីវិតក៏ដោយ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅថា GDP ដែលបានប្រសិទ្ធនាមលោកបណ្ឌិត កែម ឡី ថាជាបិតាស្ថាបនិកគណបក្សនេះ ​នៅ​មិនទាន់អស់ចិត្តឡើយ ចំពោះយុត្តិធម៌ដូចពេលបច្ចុប្បន្ន ត្បិតនៅមានរឿងអាថ៌កំបាំងជាច្រើនជុំវិញការសម្លាប់លោកបណ្ឌិត កែម ឡី​។

ប្រធានគណៈកម្មការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា បីឆ្នាំមកនេះ ​លោកមើលឃើញថា ក្នុងស្មារតីពលរដ្ឋទូទៅវិញ ក៏បានដក់ជាប់នូវសេចក្តីក្លាហាន សេរីភាពក្នុងការគិត ការវិភាគ ភាពជាគម្រូទាំងឡាយរបស់លោក កែម ឡី។

លោកថា ខាងគណបក្ស GDP ​កំពុងបន្តវីរភាពកសាងសង្គមជាតិនេះ លើកកម្ពស់សេរីភាពបញ្ចេញមតិ ប្រជាធិបតេយ្យឱ្យកាន់តែប្រសើរ ហើយក៏ចង់ឱ្យថ្ងៃនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី ក្លាយជាថ្ងៃនៃសេរីភាពបញ្ចេញមតិយ៉ាងពេញលេញ សម្រាប់ពលរដ្ឋទូទៅដោយគ្មានការភ័យខ្លាច ទោះបីជាថ្ងៃនេះមិនត្រូវបានដាក់ជាទិវាបុណ្យជាតិក៏ដោយ​។

លោកមានប្រសាសន៍ថា៖ «ជាពិសេស ដូចការមកចូលរួមបុណ្យរំលឹកដល់ខួប៣ឆ្នាំនៃការធ្វើឃាតគាត់ (​លោកបណ្ឌិត កែម ឡី) អីចឹង ធ្វើម៉េចឱ្យមានសេរីភាពពេញលេញ។ ក្នុងនេះគឺយើង បាននឹងពិនិត្យមើលថា តើយើងអាចធ្វើអ្វីបាន ជាពិសេសទាក់ទងនឹងចេតិយ និងកន្លែងគាត់នេះ គឺយើងមិនចង់ឃើញនៅសេសសល់របៀបនេះទេ។ យើងបានពិភាក្សាជាមួយគ្រួសារ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីបង្ហើយកន្លែងនេះ ហើយរៀបចំកន្លែងនេះទៅជាកន្លែងមួយសម្រាប់ការជួបជុំគ្នា។ ជាបណ្ណាល័យ កែម ឡី ជាកន្លែងជួបជុំគ្នា ដែលយុវជន ពលរដ្ឋ ដែលអ្នកស្រលាញ់ គោរពគាត់ ហើយប្រជាពលរដ្ឋខ្មែរដែលស្រលាញ់សេរីភាពនៃការបញ្ចេញមតិ អាចមកជួបជុំគ្នានៅទីនេះបាន»។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា រដ្ឋាភិបាលមិនចង់ឃើញករណីយកសពលោកបណ្ឌិត កែម ឡី ធ្វើជារឿងនយោបាយទេ ដោយថា រឿងនេះក៏បានបញ្ចប់ដោយមានភស្តុតាងត្រឹមត្រូវដែរ។

លោកថា ខាងលោកគ្មានសមត្ថកិច្ចណាមួយគាំទ្រ ឬមិនគាំទ្រការស្នើ​ដាក់បញ្ចូលថ្ងៃបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជាទិវាសេរីភាពបញ្ចេញមតិរបស់ជាតិនោះទេ ដោយថា វាអាស្រ័យលើប្រមុខរដ្ឋាភិបាល។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគ្មានសមត្ថកិច្ច ឬសមត្ថភាពណា គាំទ្រ ឬមិនគាំទ្រទេ ព្រោះនេះជាសមត្ថកិច្ចរបស់ក្រសួងបុណ្យជាតិ ហើយជាការសម្រេចរបស់នាយករដ្ឋមន្ត្រី។ ​បើខ្ញុំមើលដូចមិនមានទម្ងន់អីសម្រាប់សព កែម ឡី យកទៅធ្វើអីចឹងទេ។ លើកលែងតែអ្នក ឆ្លៀតឆក់យកឱកាស យកខ្មោចលោក កែម ឡី យកទៅប្រើប្រាស់ក្នុងន័យនយោបាយណាមួយ »។

​នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព លើកឡើងថា ការស្នើឱ្យរដ្ឋាភិបាលយកថ្ងៃ១០ ខែកក្កដា ជាទិវាជាតិនៃការបញ្ចេញមតិ គឺជារឿងល្អ ប៉ុន្តែ សម្រាប់អ្នកស្រីវិញពុំមានសង្ឃឹមខ្ពស់នោះឡើយ ​។

អ្នកស្រីថា ជាក់ស្តែងគ្រាន់តែការប្រារព្ធពិធីរំលឹកខួប៣ឆ្នាំ​នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅភ្នំពេញ​នាឆ្នាំនេះ គឺ ស្ថិតនៅក្រោមរូបភាពរារាំង និងមានការចាប់ខ្លួនយុវជនជាច្រើននាក់ផងដែរ។

អ្នកស្រីបន្តថា៖ «ចាស៎! វាជាតម្រូវការ ឬការចង់បានរបស់ពលរដ្ឋ របស់យុវជន ការគោរពដល់គម្រូភាពរបស់លោកបណ្ឌិត កែម ឡី ជារឿងមួយដែលល្អ ប៉ុន្តែ តើរដ្ឋាភិបាលលោកគិតយ៉ាងម៉េច? អាហ្នឹងយើងនឹងតាមដានទាំងអស់គ្នា។ ប៉ុន្តែ សម្រាប់រូបខ្ញុំ មិនសូវមានសង្ឃឹមខ្ពស់ទេ»។

ឃាតកម្មលើលោក កែម ឡី កើតឡើង២ថ្ងៃក្រោយបន្ទាប់ពីលោកបានបកស្រាយបន្ថែមទៅលើរបាយការណ៍របស់អង្គការ ខ្លូបលវីណេស (Global Witness) អំពីអាណាចក្រអាជីវកម្មត្រកូលហ៊ុន ដែលក្តោបក្តាប់អាជីវកម្មយ៉ាងច្រើននៅកម្ពុជា​។

ក្រោយឃាតកម្មនេះ រហូតមកទល់ពេលបច្ចុប្បន្ន មានឃាតករម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា ជួប សម្លាប់ ដែលត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់គុកមួយជីវិត។ ប៉ុន្តែសំណុំរឿង​នេះ នៅតែជាក្តីមន្ទិលសម្រាប់សាធារណជន ពិសេសក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ផ្ទាល់ ដោយចាត់ទុកថា អំពើឃាតកម្មនេះនៅតែមិនទាន់មានយុត្តិធម៌ពិតប្រាកដឡើយ។

អ្នកស្រី ចក់ សុភាព លើកឡើងថា ប្រសិនបើករណីលោកបណ្ឌិត កែម ឡី មិនទទួលបានយុត្តិធម៌ពិតទេ នឹងបង្កើតឱ្យមានវប្បធម៌ទិណ្ឌភាពថ្មីមួយទៀត​ បន្ថែមទៅលើសំណុំរឿងនិទ្ទណ្ឌភាពធំៗ ដែលកើតឡើងនៅកម្ពុជាកន្លងមក។ បន្ថែមពីនេះ អ្នកស្រីថា នឹងធ្វើឱ្យពលរដ្ឋកាន់តែបាត់បង់សេចក្តីទុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងជាការលើកទឹកចិត្តដល់ជនល្មើស​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ