ចិនមានគម្រោងបង្កើនការវិនិយោគនៅវៀតណាម​

ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាចិនលោក Li Zhanshu (រូបថត: TTXVN)

ចិនដាក់គម្រោងបង្កើនការវិនិយោគនៅវៀតណាម ទាំងវិស័យកសិកម្ម និងបច្ចេកវិទ្យាកម្រិតខ្ពស់​ ហើយសន្យាកសាងផ្លូវដែកចេញពីវៀតណាម​ ឆ្លងកាត់ចិន ភ្ជាប់ផ្ទាល់ទៅសហភាពអឺរ៉ុប ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។​

ការលើកឡើងពីគម្រោងនេះធ្វើឡើងនៅក្នុងពេលដែលប្រធានសភាប្រជាជនចិន លោក លី ជាន់ហ្សូ ( Li Zhanshu) បំពេញទស្សនកិច្ចនៅវៀតណាម​ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា។​ នេះបើតាមទីភ្នាក់ងារព័ត៌មានវៀតណាម។​

ក្នុងឱកាសនោះ លោក លី បានជួបជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរបស់វៀតណាម​ រួមមាន ក្រុមអ្នកវិនិយោគ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។​ ប្រធានសភារូបនេះបញ្ជាក់ថា នឹងជំរុញឱ្យអ្នកវិនិយោគចិនបោះទុននៅវៀតណាម​លើវិស័យកសិកម្ម និងប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ច្រើនឡើងថែមទៀត។​

លោក លី ក៏បានបញ្ជាក់ជំហរដែរថា ចិនមានបំណងកសាងផ្លូវដែកភ្ជាប់ប្រទេសវៀតណាម ឆ្លងកាត់ចិន ហើយភ្ជាប់បន្តទៅតំបន់អឺរ៉ុប ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។​

របាយការណ៍រដ្ឋាភិបាលវៀតណាមបង្ហាញថា ចិនគឺជាដៃគូសេដ្ឋកិច្ចធំបំផុតទាំងវិស័យ ទេសចរណ៍ និងការវិនិយោគច្រើនឆ្នាំមកនេះ។​

នៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងចិន និងវៀតណាម​ កើនដល់១០៦,៣ប៊ីលានដុល្លារ។ ចំណែករបាយការណ៍៥ខែ ឆ្នាំ២០១៩នេះ ចិននៅតែនាំមុខគេនៅវៀតណាមទាំងទេសចរណ៍ និងការវិនិយោគ។​

ចិនក៏ដាក់ចេញផែនការ៥ឆ្នាំទៀត ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែននៃប្រទេសទាំងពីរធ្វើជាតំបន់សេដ្ឋកិច្ចពិសេស ឱ្យងាយស្រួលក្នុងការផលិត និងផ្សព្វផ្សាយទំនិញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ