តុលាការសម្រេចឃុំខ្លួនយុវជនម្នាក់ទៀតពាក់ព័ន្ធចូលរួមប្រារព្វខួបឃាតកម្មលោក កែម ឡី

លោក សួង នាគព័ន្ធ ក្រោយពីចេញសវនាការសាលាដំបូង រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ហួត វុទ្ធី

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យឃុំខ្លួនយុវជនម្នាក់ទៀត គឺលោក សួង នាគព័ន្ធ នៅពន្ធនាគារព្រៃស បណ្តោះអាសន្នរង់ចាំសវនាការ ។

លោក សំ សុគង់ ជាមេធាវីការពារក្តី ឲ្យ VOD នៅថ្ងៃសុក្រនេះ ថា កូនក្តីលោក គឺ សួង​ នាគព័ន្ធ ត្រូវតុលាការសម្រចឲ្យឃុំខ្លួន ចោទថា ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។

លោកថា៖ «ចំពោះខ្ញុំជាមេធាវី ចំពោះការចោទប្រកាន់នេះ បើពាក់ព័ន្ធនឹងអង្គហេតុមិនចូលទៅក្នុងបទល្មើសញុះញង់ទេ ព្រោះកូនក្តីខ្ញុំចូលការ៉ាសាំងហ្នឹង ក្នុងគោលបំណងដើម្បីចូលរួមប្រារព្វខួបនៃឃាតកម្មលោក កែម ឡី ហើយគាត់ថា គាត់ជាក្មួយធម៌លោក កែម ឡី»។

យុវជន សួង នាគព័ន្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួន ជិតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជាប់ស្តុបបូកគោ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកក្កដា ខណៈលោកព្យាយាមចូលរួមប្រារព្វខួម៣ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី និងបានចែកខិតប័ណ្ណសរសេរថា «បញ្ឈប់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់»

ខួបគម្រប់៣ឆ្នាំនៃឃាតកម្មលោក កែម ឡី នៅឆ្នាំនេះ​ យុវជន គង់ រ៉ៃយ៉ា ក៏ត្រូវតុលាការបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារព្រៃស ចោទពីបទញុះញង់ដូចគ្នា ក្រោយពីយុវជនរូបនេះ អំពាវនាវលើបណ្តាញសង្គម លក់អាវយឺតមានរូបលោក កែម ឡី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ