អាជ្ញាធរខេត្តរតនគិរី តម្រូវឲ្យអ្នកកាសែតជូនដំណឹងទៅមន្ទីរព័ត៌មាន​មុនចុះ​សរសេររឿងក្នុងខេត្តនេះ

មន្ទីរសារព័ត៌មានខេត្តរតនគិរី។ រូបភាព៖ ហ្វេសប៊ុក មន្ទីរព័ត៌មានខេត្តរតនគីរី

អាជ្ញាធរខេត្តរតនគិរី បានតម្រូវឲ្យអ្នកការសែតទាំងអស់ដែលចុះទៅយកព័ត៌មានក្នុងភូមិសាស្រ្តខេត្តនេះ ត្រូវជូនដំណឹងទៅមន្ទីរសារព័ត៌មានខេត្តជាមុនសិន ដោយថា ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ដែល វី.អូ.ឌី ទើបទទួលបានថ្ងៃនេះ រដ្ឋបាលខេត្តរតនគិរីឲ្យដឹងថា កន្លងមក មានជនខិលខូចមួយចំនួនបានប្រើប្រាស់កាតអ្នកសារព័ត៌មាន និងលិខិតបញ្ជាបេសកកម្មរបស់ចាងហ្វាងកាសែតហួសសុពលភាព រួមទាំងឯកសារផ្សេងៗមិនត្រឹមត្រូវ ដោយយកទៅប្រើប្រាស់ខុសច្បាប់ ប្រាសចាកក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

សេចក្តីជូនដំណឹងដដែលនេះ រដ្ឋបាលខេត្តរតនគិរី បានស្នើទៅភ្នាក់ងារសារព័ត៌មានគ្រប់អង្គភាពទាំងអស់ត្រូវបង្ហាញអត្តសញ្ញាណ និងគោលបំណងឲ្យបានច្បាស់លាស់ទៅមន្ទីរព័ត៌មានខេត្តរតនគិរី ដោយថា ដើម្បីពង្រឹងការអនុវត្តតួនាទីប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិមនុស្ស និងប្រកាន់ខ្ជាប់នូវលិទ្ធិប្រជាធិបតេយ្យ។

អភិបាលខេត្តរតនគិរី លោក ថង សាវុន សុំមិន​ឆ្លើយប្រាប់តាមទូរសព្ទទេ ដោយលោកសុំឲ្យទៅជួបលោកផ្ទាល់ដល់ខេត្តភាគឦសានមួយនេះ​។

លោកបន្ថែមថា៖ «ខ្ញុំម៉េចដឹងថា បងជាអ្នកសារព័ត៌មាននៅ វី.​អូ.ឌី? អឺអាម៉េច? ឥលូវខ្ញុំសុំអត់​បញ្ជាក់ទេ ព្រោះខ្ញុំអត់បានមើលឃើញមុខបងផង។ បើបងអត់បានបង្ហាញអីបញ្ជាក់ឲ្យខ្ញុំឃើញផង គ្រាន់តែតេទូរសព្ទសួរខ្ញុំ ហើយលេខ០២៣ទៀត។ អីចឹង មានការអីឡើងមកសួរខ្ញុំដល់ខេត្តផ្ទាល់»

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បានគាំទ្រនឹងវិធានការរបស់អាជ្ញាធរខេត្តរតនគិរីដែលតម្រូវឲ្យជូនដំណឹង មុនចុះយកព័ត៌មានតំបន់ណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយថា កន្លងមក ក្រសួងធ្លាប់ណែនាំទៅអាជ្ញាធរខេត្តនានាឲ្យធ្វើបែបនេះ ដើម្បីទប់ស្កាត់ជនខិលខូចមួយចំនួនដែលបន្លំខ្លួនធ្វើជាអ្នកសារព័ត៌មានទៅធ្វើរឿងមិនល្អ និងអ្នកព័ត៌មានមួយចំនួនដែលអនុវត្តការងារមិនគោរពវិជ្ជាជីវៈ។

អ្នកនាំពាក្យរូបនេះទទួលស្គាល់ថា ក្នុងច្បាប់ស្តីពីរបបសារព័ត៌មានពុំបានកំណត់ឲ្យធ្វើបែបនេះទេ ប៉ុន្តែ ការធ្វើ​បែបនេះក៏ប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់អ្នកការសែតដែរ ផ្ទុយទៅវិញលោកថា ការតម្រូវឲ្យអ្នកការសែតជូនដំណឹងទៅអាជ្ញាធរមុននឹងចុះយកព័ត៌មានក្នុងភូមិសាស្ត្ររបស់ខ្លួននោះ គឺជួយសម្រួល និងបានធានាសុវត្ថិភាពសម្រាប់អ្នកសែតទៅវិញទេ។

លោក បន្ថែមថា៖ «ក្រសួងធ្លាប់ជម្រាប​ជូនទៅខេត្តធ្វើអីចឹងដែរ ព្រោះវាមានបញ្ហាប្រឈមមួយចំនួនដែរ ដោយសារអ្នកព័ត៌មានចូលទៅ អត់គោរពវិជ្ជាជីវៈ គាត់មិនមែនជាអ្នកព័ត៌មានទេ។ អីចឹង ដើម្បីឲ្យអ្នកសារព័ត៌មានគ្រប់គ្រងបាន គួរតែចូលជម្រាប​ជូនដំណឹងមន្ទីរព័ត៌មានខេត្តបន្តិចទៅថា ខ្ញុំចុះទៅធ្វើសកម្មភាពក្នុងខេត្តនេះ ព្រោះអ្នកសារព័ត៌មានបរទេសមួយចំនួនដែលចូលមកយកព័ត៌មានក្នុងប្រទេសយើង ក៏គេធ្វើអីចឹងដែរ គាត់ត្រូវមកសុំលិខិត ឬបង្កាន់ដៃដែរ»។

និពន្ធនាយកកាសែតខ្មែរថាមស៍ លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា ការចេញសេចក្តីណែនាំរបស់អាជ្ញាធរខេត្ត​រតនគិរីដែលតម្រូវឲ្យអ្នកកាសែតជូនដំណឹងមុន និងប្រាប់ពីគោលបំណងមុនទៅយកក្នុងខេត្តនេះ គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងការធ្វើការងាររបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ។

លោក បន្ថែមថា៖ «ការធ្វើបំរាមនេះ គឺវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មានដោយសារអ្នកសារព័ត៌មានគាត់មានសិទ្ធិធ្វើរឿងរបស់​គាត់។ ឧទាហរណ៍ គាត់ធ្វើស៊ើបអង្កេតណាមួយ អីចឹងគាត់ត្រូវធ្វើរឿងរបស់​គាត់។ ហើយយើងអ្នកសារព័ត៌មាន មិនកំណាញ់ទេនៅពេលដែលគាត់ចុះជួបជាមួយអភិបាលខេត្ត ឬមន្ត្រីណាមួយ គាត់តែងតែបង្ហាញហើយថាគាត់មកពីស្ថាប័ណា មានគោលបំណងធ្វើអី ប៉ុន្តែ ការចេញលិខិតឲ្យអ្នកការសែតជូនដំណឹងជាមុននេះ វាជាការរឹតត្បិតចំពោះអ្នកសារព័ត៌មាន»

យោងតាម​របាយការណ៍ស្តីពី​ «សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ឆ្នាំ២០១៩» ដែល​ចេញផ្សាយ កាលពីខែមេសាកន្លងទៅ ​អង្គការអ្នករាយការណ៍គ្មានព្រំដែន Reporters without Border ដែលជាអង្គការមានមូលដ្ឋាន​នៅ​ប្រទេស​បារាំង​ បាន​ទម្លាក់​ចំណាត់​ថ្នាក់កម្ពុជា​នៅលេខរៀង ១៤៣ ក្នុង​ចំណោម​ប្រទេស​១៨០ លើពិភពលោក។

ពិន្ទុនេះបង្ហាញថា កម្ពុជាធ្លាក់ចុះមួយលេខទៀត បើធៀបនឹងឆ្នាំ២០១៨ ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់១៤២ និងធ្លាក់ចុះដល់ទៅ ១១លេខ បើធៀបនឹងឆ្នាំ២០១៧ ដែលកម្ពុជាមានចំណាត់ថ្នាក់ ១៣២ ក្នុងចំណោមប្រទេស ១៨០។

ក្នុងរបាយការណ៍​ដដែលនេះ ​អង្គការអ្នករាយការណ៍គ្មានព្រំដែន បាន​កត់សំគាល់​អំពីភាព​ស្ងៀម​ស្ងាត់​នៅក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៨​ ក្រោយ​រដ្ឋាភិបាលបិទ​ស្ថានីយ៍វិទ្យុ​ប្រមាណ ៣០ ​កាលពីអំឡុងបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ