ចិន និងកម្ពុជា ឯកភាពគ្នា​​​បើកស្ថាន​កុងស៊ុលចិន​នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១០ ខែកក្កដា លោកឯកអគ្គរដ្ឋទូតចិន Wang Wentian អញ្ជើញទទួលជួបសំណេះសំណាលជាមួយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនៅស្ថានទូតចិនប្រចាំកម្ពុជា។ រូបភាព៖ ហ្វេសប៊ុក Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង​អភិបាល​ខេត្ត​ព្រះសីហនុ បានព្រម​ព្រៀងគ្នាឲ្យមានស្ថាន​កុល​ស៊ុលចិន​ប្រចាំ​ខេត្ត​ព្រះសីហនុ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា សរសេរថា ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន (Wang Wentian) បានទទួលជួបអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅនឹងស្ថានទូតផ្ទាល់តែម្តង។ ស្ថានទូតចិនប្រចាំនៅកម្ពុជា បញ្ជាក់ថា ការពិភាក្សានេះផ្តោតសំខាន់ទៅលើការផ្លាស់ប្ដូរយោបល់ទៅវិញទៅមកទាក់ទងនឹងកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិរវាងចិន និងកម្ពុជា ព្រមទាំងជំរុញកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាដើម។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ធាង ភារម្យ មានប្រសាសន៍ថា អភិបាលខេត្តព្រះសីហនុ ជាអ្នកស្នើឱ្យមានជំនួបនេះ ដើម្បីសុំឱ្យទូតចិនសហការដោះស្រាយបញ្ហាប្រឈមមួយចំនួន រួមមាន សន្តិសុខ ការប្រយុទ្ធប្រឆាំងបទល្មើសនានា ការលាងលុយកង្វក់ និងបទល្មើសបច្ចេកវិទ្យា ជាដើម។ លោក បន្តថា ភាគីទាំងពីរក៏បានឯកភាពគម្រោងមួយ គឺព្រមព្រៀងបើក​ស្ថានកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងអង្គភាពសារព័ត៌មានមួយ។

លោក ធាង ភារម្យ មានប្រសាសន៍​ថា​ ៖ «ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ធ្វើការគាំទ្រចំពោះការបើកទីតាំងសារព័ត៌មានចិន និងស្ថានកុងស៊ុល ធ្វើការផ្សព្វផ្សាយ។ និងសហការជាមួយរដ្ឋបាលខេត្ត ដើម្បីផ្ដល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋចិន និងអ្នកវិនិយោគដែលកំពុងតែធ្វើសកម្មភាពនៅខេត្តព្រះសីហនុយើង។ ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន។»

អ្នក​នាំពាក្យ​ខេត្ត​ព្រះសីហនុរូបនេះ បន្ថែមថា ឯកអគ្គរដ្ឋទូតចិនវិញបានស្នើសុំជួយរដ្ឋបាលខេត្តក្នុងការបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងជំនាញឯកទេសផ្សេងទៀត ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការជុំវិញខេត្ត ធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុមានសុវត្ថិភាព។

ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា ជំនួបរវាងទូតចិន និងអភិបាលខេត្តព្រះសីហនុនេះ គឺធ្វើឡើងបន្ទាប់ពីកំណើនជនជាតិចិនជាច្រើនទៅរស់នៅ និងរកស៊ីនៅនោះ។ លោកបន្តថា អគ្គរដ្ឋទូតចិនទំនងជាចង់ស្គាល់មុខចៅហ្វាយខេត្តព្រះសីហនុ ដែលទើបនឹងឡើងថ្មី ព្រោះថ្ងៃក្រោយភាគីទាំងពីរត្រូវធ្វើការងារជាមួយគ្នាច្រើន រាប់តាំងពីការងារនយោបាយ និងកិច្ចការសេដ្ឋកិច្ច។

លោក​ គី សេរីវឌ្ឍន៍ លើកឡើងថា៖ «ប្រជាជនចិនរស់នៅច្រើន ធម្មតាគេចង់ឱ្យការពារប្រជាជនគេ ជាទូទៅគេធ្វើបែបហ្នឹងហើយ។ តាមច្បាប់កម្ពុជា (អ្នកវិនិយោគមានសិទ្ធិដូចគ្នា) កុំនិយាយពីការអនុវត្ត រាជរដ្ឋាភិបាលអនុញ្ញតឱ្យដូចគ្នា មិនថាចិន ឬអឺរ៉ុបអីទេ ប៉ុន្តែសំខាន់លើមន្ត្រីយើងជាអ្នកអនុវត្ត ថាអនុវត្តកម្រិតណា។»

នៅខេត្ត​ព្រះសីហនុនាពេលបច្ចុប្បន្នមានអាជីវកម្មជាង ៩០ ភាគរយ ត្រូវបានគ្រប់គ្រងដោយជនជាតិចិន រាប់ចាប់តាំងពីសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន រហូតដល់ហាងម៉ាស្សា លក់គុយទាវមីឆា ជាដើម។ នេះបើយោងតាមទិន្នន័យរបស់អាជ្ញាធរខេត្តព្រះសីហនុ។ សព្វថ្ងៃនេះនៅខេត្តព្រះសីហនុ មានស្ថានកុងស៊ុលតែមួយគត់គឺស្ថានកុងស៊ុលវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ