​អាមេរិក​ទាមទារឲ្យ​កម្ពុជា​​ដោះ​លែង​យុវជន​២​រូប​ និង​បើក​ចំហ​​សេរីភាព​​បញ្ចេញ​មតិ

លោក ​សួង​ នាគព័ន្ធ​ (ឆ្វេង) និងលោក គង់ រ៉ៃយ៉ា (ស្ដាំ)។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​រឹត​ត្បិត​កាន់​តែ​ខ្លាំង​ទៅ​លើ​សេរីភាព​នៃ​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​យុវជន ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​អំឡុង​ពេល​ពួកគេ​ចូល​រួម​រំឭក​ខួប​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប។

យុវជន គង់ រ៉ៃយ៉ា និង​ សួង នាគព័ន្ធ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ចំ​ថ្ងៃ​ដែល​ពួកគេ​រំឭក​ខួប​មរណភាព​លោកបណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ថ្ងៃ​នោះ​កាល​ពី ៣​ឆ្នាំ​មុន។ យុវជន​ទាំង ២​រូប​នេះ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​ចោទ​ពីបទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍»

ប៉ុន្តែ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ស្ថានទូត​អាមេរិក​ បាន​ចាត់​ទុក​ការ​ចាប់ខ្លួន ​និង​ចោទប្រកាន់​ទៅ​លើ​មនុស្ស​ទាំង ២​រូប​នេះ មាន​ចេតនា​នយោបាយ និង​ជា​ការ​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួបជុំ។

ស្ថានទូត​អាមេរិក បាន​រៀប​រាប់​លើ​សេចក្ដី​ថ្លែងការណ៍​នោះ​ថា៖ «យើង​ស្នើ​​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដកចេញ​នូវ​ការ​រឹតត្បិត​ហួសហេតុ​​លើ​សេរីភាព​នយោបាយ​ លើ​ពលរដ្ឋ​គ្រប់រូប​នៅ​កម្ពុជា ​និង​​ស្នើ​ឱ្យ​មានការ​ដោះ​លែ​ងអ្នក​ទាំងឡាយ​ ដែល​ត្រូវ​បាន​ឃុំឃាំង​តាមអំពើចិត្ត​ និង​ខុសច្បាប់​ ព្រមទាំង​លើក​កំ​ពស់​សិ​ទិ្ធ​មនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន​»

​អ្នកនាំពាក្យ​ក្រ​សួ​ងយុ​ត្តិ​ធម៌​ លោក​ ជិន​ ម៉ា​លីន​ បាន​​ចាត់​ទុក​សេចក្ដី​ថ្លែងការណ៍​ស្ថានទូត​អាមេរិក​នោះ​ថា ​គ្មាន​ឥទ្ធិពល​អ្វីទៅ​លើ​សេចក្ដីសម្រេច​ចិត្ត​របស់​តុលាការ​កម្ពុជា​ឡើយ​។ លោក​បន្ត​ថា​ ការ​ចាប់ខ្លួន​នេះ​ ជា​វិធានការ​ច្បាប់​របស់​​កម្ពុជា​ ដើម្បី​រក្សា​ស្ថិរភាព​សង្គម​នៅ​កម្ពុជា​។

លោក​ ជិន​ ម៉ា​លីន ប្រាប់​ថា​៖ «បើស​ហរ​ដ្ឋ​អាមេរិក​ចង់​ជួយ​ពួក​នេះ​ គឺ​អាមេរិក​អាច​សហការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ពួកគេ​ ការពារ​ក្ដី​ក្នុង​ដំណើរការ​នីតិ​វិ​តុលាការ ​ដើម្បី​បង្ហាញថា​ ពួកគេ​មិន​មាន​ពិរុទ្ធ​ដូច​ការ​ចោទ​ ឬមួយ​សហរដ្ឋ​អាមេរិក​ប្រាប់​អង្គការ​ចាត់តាំង​ដែល​នៅ​ពីក្រោយ​ក្រុម​ទាំងអស់​នេះ​ ដែល​ធ្វើ​ការ​ញុះ​ញង់ឱ្យ​ក្រុម​ទាំងអស់​នេះ​បង្ក​ចលាចល​ប្រសើរ​ជាង​ ជាជាង​ចេញ​សេចក្ដីថ្លែង​ការណ៍​ដែល​មិន​មាន​មូលដ្ឋាន​ទាំងអស់​នេះ​»

ការ​ចាប់ខ្លួន​យុវជន​ទាំងពីរ​រូប​នេះ​ បង្ក​ឱ្យ​មាន​ប្រតិកម្ម​ជាបន្តបន្ទាប់​ពីសំណាក់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ ​និង​អន្តរជាតិ​។ នៅ​ចុង​សប្ដាហ៍​កន្លងទៅ​ អង្គការ​សមាគម​ក្នុង​ស្រុក​ជាង ១០០​ស្ថាប័ន បាន​ហៅ​ការ​ចាប់ខ្លួន​នេះ​ជា​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ និង​សេរីភាព​ជួបជុំ​នៅ​កម្ពុជា​ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ជាតិ​។

ចំណែក​ឯ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human​ Rights​ Watch បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា​ ឲ្យ​​ទម្លាក់​ចោលការ​ចោទប្រកាន់​ទាំងអស់​ និង​ដោះលែង​មនុស្ស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ដោយសារតែ​ការចូលរួម​រំឭក​ខួប ៣ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​លោក​ កែម​ ឡី​។

យុវជន​ គង់​ រ៉ៃ​យ៉ា​ ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ផ្សព្វផ្សាយ​លក់​អាវយឺត​ដែល​មាន​សរសេរ​សារ​រំលឹក​ពី​ប្រសាសន៍​របស់​លោក​កែម​ឡី​ “បើ​អ្នក​មិន​ធ្វើអ្វី​សោះ​ ក៏​គង់​នឹង​រងគ្រោះ​ដែរ​ គ្រាន់តែ​មិនទាន់​ដល់វេន​អ្នក​ប៉ុណ្ណោះ​”

ចំណែក​ឯ​យុវជន ​សួង​ នាគព័ន្ធ​ ត្រូវ​ចាប់ខ្លួន​ បន្ទាប់ពី​រូប​គាត់​ចែក​ខិត​ប័ណ្ណ​ដែល​សរសេរ​ថា​ «បញ្ឈប់​ការ​សម្លាប់​មនុស្សក្រៅ​ប្រព័ន្ធ​ច្បាប់​»

ក្រម​ស៊ើបសួរ​នៃ​​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បង្គាប់​​ឱ្យ​ឃុំខ្លួន​យុវជន​ទាំងពីរ​ពន្ធនាគារ​ព្រៃស​កាលពី​សប្ដាហ៍​មុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ