ក្រសួងដាក់ឲ្យប្រើប្រាស់ APP ឈ្មោះ «Kingdom of Wonder» ដើម្បីផ្សព្វផ្សាយពីតំបន់​ទេសចរណ៍

កម្មវិធីទូរសព្ទ ឬ App ដែលមានឈ្មោះថា Kingdom of Wonder ត្រូវបានប្រកាសឱ្យប្រើប្រាស់ផ្លូវការ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ បណ្ដាញសង្គម

កម្ពុជា ​ប្រកាសដាក់ឲ្យប្រើប្រាស់ App «Kingdom of Wonder» ជាលើកដំបូង លើប្រព័ន្ធឌីជីថល ដើម្បីព្វផ្សាយគោលដៅទេសចរណ៍ និងទាក់ទាញភ្ញៀវនានាឲ្យកាន់តែខ្លាំង នៅលើទីផ្សារទេសចរណ៍ពិភពលោក។

លើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ចុះផ្សាយនៅថ្ងៃនេះថា កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ ឬហៅថា Mobile Application (App) ថ្មីលើកដំបូង ដែលមានឈ្មោះថា «Kingdom of Wonder» ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនតាមប្រព័ន្ធឌីជីថល ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោកឲ្យកាន់តែខ្លាំងក្លា ទាក់ទាញ និងមានប្រសិទ្ធិភាពខ្ពស់ថែមទៀត ស្របតាមនិន្នាការថ្មីនៃសាកល​លោក នាយុគសម័យបដិវត្តឧស្សាហកម្ម ៤.០។

កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ «Kingdom of Wonder» គឺជាបណ្តុំព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដែលរួមមាន គោលដៅទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ផែនទីទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយដ្ឋាន កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរក្នុងស្រុក និងព័ត៌មានសំខាន់ៗដទៃទៀត ដែលផ្តល់ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន និងគ្រប់ជ្រុងជ្រោយសម្រាប់ភ្ញៀវទេសចរ ដែលមានបំណងមកទស្សនាកម្ពុជា ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

តាមរយៈកម្មវិធីទូរស័ព្ទឆ្លាតវៃខាងលើ ក្រសួងទេសចរណ៍សង្ឃឹមថា ទេសចរជាតិ-អន្តរជាតិ និងក្រុមហ៊ុនទេសចរណ៍ទាំងអស់មានភាពងាយស្រួល ក្នុងការស្វែងរកពត៌មានទេសចរណ៍ ដើម្បីសម្រេចនូវកំណើនទេសចរអន្តរ​ជាតិ ៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ និងជាង៧លាននាក់ នៅឆ្នាំ២០២០។

ក្នុងរយៈពេល​៦ខែ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួនជាង២លាន៨សែននាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ គឺមានការកើនឡើង១១.៤ភាគរយ។ នេះបើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ