រដ្ឋាភិបាលមិនទាន់ដឹងឈ្មោះក្រុមហ៊ុនយកសំរាមចោលនៅព្រះសីហនុ

សំរាមដែលផ្ទុកក្នុងកុងទីន័រដែលត្រូវបានផ្លុងចោលនៅខេត្តព្រះសីហនុ។ រូបភាព៖ បណ្ដាញសង្គម

មន្ត្រីជំនាញរបស់រដ្ឋាភិបាលលើកឡើងថា នៅពេលនេះមិនទាន់ដឹងឈ្មោះក្រុមហ៊ុននាំសំរាមពីបរទេសជិត១៦០០តោន មកទុកចោលនៅក្នុងខេត្តព្រះសីហនុ កាលពីចុងឆ្នាំ២០១៨ទេ ហើយស្ថាប័នពាក់ព័ន្ធកំពុងតែស្រាវជ្រាវជុំវិញករណីនេះបន្ថែមទៀតរកអ្នកទទួលខុសត្រូវ។​

កាលពីម្សិលមិញនេះ មន្ត្រីជំនាញរបស់រដ្ឋាភិបាល រួមមាន អភិបាលខេត្តព្រះសីហនុ មន្ត្រីក្រសួងបរិស្ថាន កម្លាំងសមត្ថកិច្ច និងមន្ត្រីគយ ខេត្តព្រះសីហនុ បានបើកកុងទឺន័រចំនួន៨៣ទូ រកឃើញកាកសំណល់សំរាមជិត១៦០០តោន។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម មានប្រសាសន៍ថា សមត្ថកិច្ច និងក្រុមមន្ត្រីជំនាញទើបតែបង្ក្រាបបានការយកសំរាមចោលលើទឹកដីខេត្តព្រះសីហនុ ហើយមិនទាន់ស្គាល់អត្តសញ្ញាណក្រុមហ៊ុននាំចូលនៅឡើយ។

លោកមានប្រសាសន៍ថា៖ «ការដែលដឹកកុងគីន័រលើកពីកប៉ាល់ដាក់លើទីលានកំពង់ផែ ហើយនៅពេលដែលម្ចាស់មិនទាន់មកប្រកាសពន្ធគយ មានន័យថា មិនទាន់បំពេញបែបបទបញ្ចេញទំនិញចេញពីគយ គឺយើងមិនទាន់ដឹងទេ ហើយយើងក៏មិនស្កេនដែរ ទាល់តែម្ចាស់គេមកបំពេញប្រតិវេទន៍ បានយើងស្កេន មុននឹងយកចេញពីកំពង់ផែ ខ្ញុំចង់បញ្ជាក់ថា ទំនិញទាំងអស់នេះ គឺម្ចាស់មិនទាន់មកប្រកាស[បង់ពន្ធគយ]ទេ ប៉ុន្តែដោយសារតែយើងទទួលបានព័ត៌មានពីក្រៅផងពីក្នុងផង យើងអាចស៊ើបឃើញករណីនេះ»។​

ទោះជាយ៉ាងណា លោក គុណ ញឹម បញ្ជាក់ថា កាកសំណល់សំរាមបរទេសនោះ សមត្ថកិច្ច និងមន្ត្រីគយសម្រេចរក្សាទុកនៅកំពង់ផែខេត្តព្រះសីហុដដែល ដើម្បីស្វែងរកម្ចាស់ឲ្យឃើញ ហើយដាក់ពិន័យ ឬដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុននោះ។ ដោយឡែក មន្ត្រីគយដែលឃុបឃិតគ្នាលោកថា នឹងទទួលទណ្ឌកម្មតាមច្បាប់ផងដែរ។

ក្នុងឯកសាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចែងក្នុងនីតិវិធីនៃការធ្វើបែបបទនាវាចូលថា នាវានាំចូលត្រូវជូនដំណឹងដល់មន្ត្រីគយទទួលបន្ទុកធ្វើបែបបទនាវាជាមុន។ ពេលនាវាចូលចតនៅកំពង់ផែហើយ មន្ត្រីគយទទួលបន្ទុកធ្វើបែបបទនាវា និងសមត្ថកិច្ចពាក់ព័ន្ធ រួមមាន​កំពង់ផែស្វយ័ត នគរបាលអន្តោប្រវេសន៍ ភ្នាក់ងារនាវាចរ និងតំណាងក្រុមហ៊ុនដឹកជញ្ជូន ត្រូវឡើងទៅធ្វើបែបបទលើនាវា។

ឯកសារដែលត្រូវបង្ហាញសមត្ថកិច្ចពាក់ព័ន្ធដែលធ្វើបែបបទលើនាវានោះរួមមាន៖ «របាយការណ៍នាវា និវេទន៍ប័ណ្ណទំនិញ និវេទន៍ប័ណ្ណសម្ភារប្រើប្រាស់របស់នាវិក បញ្ជីឈ្មោះនាវិក បញ្ជីផ្ទេរទំនិញ បញ្ជីឈ្មោះអ្នកដំណើរ អញ្ញត្តិប័ណ្ណ កិច្ចសន្យាជួលនាវា និងវិញ្ញាបនបត្រចុះបញ្ជីនាវា និងឯកសារដទៃទៀត តាមការតម្រូវរបស់រដ្ឋបាលគយ ដើម្បីអនុវត្តវិធានការ​គយជាដើម»។

ចំណែក នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ គឺរូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលនាំចូលទំនិញតាមកំពង់ផែអន្តរជាតិផ្លូវសមុទ្រ/ផ្លូវទន្លេនីមួយៗ ត្រូវបំពេញប្រតិវេទន៍គយនាំចូល អមជាមួយឯកសារភ្ជាប់ច្បាប់ដើម និងដាក់ជូនមន្ត្រីគយមានសមត្ថកិច្ច នៅការិយាល័យបំពេញបែបបទបញ្ចេញទំនិញ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ ។

ទីប្រឹក្សាឯករាជ្យ ផ្នែកអភិបាលកិច្ច លោក សួន​ ប៊ុនស័ក្តិ បង្ហាញទស្សនៈទូទៅថា ការនាំចេញ ឬនាំចូលទំនិញពីបរទេសចូលទឹកដីកម្ពុជា តាមនីតិវិធីត្រូវម្ចាស់ក្រុមហ៊ុនជូនដំណឹងទៅមន្ត្រីគយ និងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យត្រឹមត្រូវ មិនមែនដូចការលើកឡើងរបស់មន្ត្រីគយអះអាងថា ទំនិញមកដល់កំពង់ផែខេត្តព្រះសីហនុ ហើយមិនដឹងថា នាំយកមកពីប្រទេសណានោះទេ។

ករណីនេះ លោក ប៊ុនស័ក្តិ សង្ស័យថា អាជ្ញាធរមួយចំនួនអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ទើបបណ្តែតបណ្តោយឲ្យមានអ្នកនាំកាកសំណល់សំរាមបរទេស ដឹកតាមកុងទឺន័រចូលទឹកដីកម្ពុជាបែបនេះ។ លោកអំពាវនាវទៅអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតករណីនេះផងដែរ។

លោកមានប្រសាសន៍ថា៖ «អង្គភាពប្រឆាំងអំពើពុករលួយត្រូវពិនិត្យមើលនៅកន្លែងហ្នឹង [នាំសំរាមពីបរទេសចូលកំពង់ផែខេត្តព្រះសីហនុ] តើមន្ត្រីសមត្ថកិច្ចធ្វើការដូចម្តេច បានជាថ្លោះធ្លោយ បណ្តែតបណ្តោយឲ្យមានសំរាមចូលស្រុកខ្មែរ ប្រហែលជាមានការសម្របសម្រួល​នៅក្នុងរូបភាពអំពើពុករលួយទេដឹង បានជាសំរាមចូលស្រុកខ្មែរ យើងត្រូវធ្វើការស៊ើបអង្កេតនៅត្រង់កន្លែងហ្នឹងបាទ»។

ទាក់ទងនឹងកាកសំណល់សំរាមនេះដែរ កាល​ពី​ពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះសីហនុ បាន​ប្រកាសយុទ្ធនាការ​សម្អាតក្រុងព្រះសីហនុ ឱ្យស្អាតជាប្រចាំ​ ដោយតម្រូវឱ្យមន្ត្រីរាជការជុំវិញខេត្តរើសសំរាមរៀងរាល់សប្ដាហ៍ ស្របពេលដែលចំនួនសំរាមកើនឡើងខ្លាំង។

ចំណែក អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ធាង ភារម្យ ប្រាប់ វី.អូ.ឌី ថា កំណើនសំរាមនៅខេត្តព្រះសីហនុ ចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់តាំងពីមានវត្តមានជនជាតិចិនជាច្រើនចូល​មករស់នៅ និងរកស៊ីនៅទីនេះ។

បើ​តាម​មន្ត្រី​រូប​នេះ ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ទទួល​បាន​សំរាម​សរុប​ជាង ៧០០​តោន​ក្នុង​មួយ​ថ្ងៃៗក្នុង​ឆ្នាំ​នេះ ហើយ​ចំនួន​សំរាម​​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​កើន​ឡើង​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ