អាមេរិក ប្តេជ្ញាគាំទ្ររដ្ឋាភិបាល​ថ្មីរបស់​ថៃ​​ក្នុងការ​ដើរតួនាទី​ជាអ្នកដឹកនាំក្នុងតំបន់​

ក្រុមសមាជិកគណៈរដ្ឋមន្ត្រីនៃអណត្តិថ្មី ក្នុងថ្ងៃស្បថចូលកាន់តំណែង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ AFP

សហរដ្ឋអាមេរិក បានបញ្ជាក់​ជំហរថា​ នឹង​នូ​វតែបន្តគាំ​ទ្រ​ដល់​រដ្ឋាភិបាល​​ថៃក្នុង​ការដើ​រតួនាទី​ជាអ្នកដឹកនាំ​ក្នុងតំបន់។

ការប្រកាសគាំទ្រ​របស់​សហរដ្ឋអាមេរិក​ ធ្វើឡើងស្របពេល​ដែល​សមាជិក​គណៈរដ្ឋមន្រ្តី​ថ្មី​របស់​ថៃចំនួន៣៦នាក់ បាន​ស្បថចូលកាន់​តំណែង​កាលពីថ្ងៃ​អង្គារម្សិលមិញ។ រដ្ឋាភិបាល​ថ្មីនេះ ជារដ្ឋាភិបាល​ស៊ីវិល​ដែលកើតឡើងពីការបោះឆ្នោត​ជាលើកដំបូង​ ក្រោយ​ក្រុម​យោ​ធាធ្វើរដ្ឋប្រហារ​ទម្លាក់​លោកស្រី​ យីងឡាក់ កាលពី៥ឆ្នាំមុន។ ទោះ​យ៉ាងណាក៏ដោយ ក្រុម​អ្នក​វិភាគ​នយោបាយ​ថៃ យល់​ថា ​វប្បធម៌នៃការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​នឹង​មិន​ខុសពីមុន​នោះទេ​ ព្រោះថា​ ថ្នាក់​ដឹកនាំភាគច្រើន​មិនមែន​ជាមនុស្ស​ថ្មីនោះឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេស​អាមេរិកដែល​ចេញ​នៅថ្ងៃ​ទី​១៦ ខែកក្កដា ប្រទេសមហាអំណាចមួយនេះ បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោនរង់​ចាំ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្រុងបាងកកថ្មី​ ដើម្បី​ពង្រឹងឲ្យ​កាន់​តែស៊ីជម្រៅ​ថែម​ទៀតនូវ​សម្ព័ន្ធភាព និងភាព​ជាដៃគូ​រវាង​ប្រទេស​ទាំងពីរដែល​បាន​កសាង​ជាមួយគ្នា​ជាងពីរសតវត្សមកហើយ។

ក្រសួងការបរទេស​អាមេរិក ថាសម្ព័ន្ធភាព​ប្រទេស​ទាំងពីរនៅតែរឹងមាំ ហើយសន្យាថា​ នឹងនៅតែជួយថៃក្នុងការដើរតួនាទី​ជាអ្នកដឹកនាំក្នុងតំបន់​ ក៏ដូចជាជួយគាំទ្រថៃដែល​ធ្វើ​ជា​ប្រធានកិច្ច​ប្រជុំ​អាស៊ាននៅឆ្នាំនេះផងដែរ។ អាមេរិក ជឿជាក់​ថា​ ចំណងមិត្តភាព​​រវាងប្រទេស​ទាំងពីរ​​នឹងកាន់តែរឹងមាំថែម​ទៀត ដោយសារ​តែទាំងអាមេរិក និង​ថៃ គឺមាន​គោលបំណងរួមក្នុងការ​រក្សា​សន្តិសុខ សន្តិភាព និង​ការរីកចម្រើនក្នុងតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជា​ពិភពលោក​ទាំងមូលផងដែរ។

សាស្ត្រា​ចារ្យ​ផ្នែកសិក្សា​ពី​សហគម​ន៍​អាស៊ាន​នៅ​សាកល​វិទ្យាល័យ​នរេសួ​ន ប្រ​ទេស​ថៃ​ លោក​ ផូល ឆាំប៊ឺ ​(Paul​ Chambers​) មានប្រសាសន៍​ប្រាប់ VOD​ តាម​សារ​អេ​ឡិច​ត្រូ​និចថា បើ​ទោះបី​ក្រោយ​ពេល​បោះឆ្នោតនៅថៃ ​សហរដ្ឋអាមេរិក បាន​រិះគន់​ពី​ដំណើរ​ និងស្នើឲ្យស៊ើបអង្កេត​ពីភាព​មិន​ប្រក្រតី​យ៉ាងណាក្តី​ តែ​ការរិះគន់​នេះ​​មានភាព​ទន់ភ្លន់​ជាងករណីនៅកម្ពុជា។

លោក ផូល ឆាំប៊ឺ បន្ថែម​ថា ​ការប្រកាស​គាំទ្រយ៉ាងពេញ​ទំហឹងលើ​​រដ្ឋាភិបាល​ថ្មី​របស់ថៃ​ដែល​ដឹកនាំ​ដោយ​លោក ប្រាយុទ្ធ​ នាពេល​នេះ វាក៏​ពាក់​ព័ន្ធនឹង​បញ្ហា​ភូមិសាស្រ្តនយោបាយ និង​កំណើន​ឥទ្ធិពល​ចិន​នៅក្នុងតំបន់ផងដែរ​។ លោក ថា​អាមេរិក​រិះគន់​ធ្ងន់​លើ​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មើល​ឃើញថា ​កម្ពុជា​បាន​ពឹងផ្អែក និង​ចូល​ទាំងស្រុង​លើ​គន្លង​របស់​ចិន​។

សាស្ត្រា​ចារ្យ​ផ្នែក​សិក្សា​ពី​សហគម​ន៍​អាស៊ាន​នៅ​សាកល​វិទ្យាល័យ​នរេសួ​នរូបនេះ លើកឡើងបន្តថា​ អាមេរិក​យល់​ថា​ នៅតែអាចទាញ​ថៃចូលក្នុងគន្លងរបស់​​ខ្លួន ហើយចៀសឲ្យ​ឆ្ងាយពី​ឥទ្ធិពល​របស់​ចិន។ លោក បន្តថា ​សហរដ្ឋអាមេរិក​នៅតែ​ចាត់​ទុកថៃ​ប្រៀបដូចជាគ្រឿងការពារដ៏សំខាន់​មួយ​ដើម្បី​ទប់ទល់នឹង​កំណើនឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ថៃ ជាប្រទេសមួយ​ក្នុងតំបន់​អាស៊ាន​ដែលមាន​ទំនាក់​ទំនងយ៉ាង​ស្អិតរមួតជាមួយសហរដ្ឋ​អាមេរិក​អស់​រយៈពេល​ជាច្រើនឆ្នាំ​មកហើយ។ ប្រទេស​ទាំងពីរ​បាន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​គ្នា​នៅឆ្នាំ១៨១៨ ហើយបង្កើត​​ទំនាក់​ការទូតជាផ្លូវការ​វាងគ្នានឹងគ្នា​នៅឆ្នាំ១៨៣៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ