គៀត ច័ន្ទថារិទ្ធិ៖ ជនសង្ស័យថាខ្លួនយកលុយឈ្នះល្បែងម៉ាកាវ​ទិញដីស្រុកខ្មែរ

លោក គៀត ច័ន្ទថារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលក្នុងការដឹកនាំការអនុវត្តការងារនគរបាល និងសហគមន៍ ដំណាក់កាលដំបូល ត្រីមាសទី១ ឆ្នាំ២០១៨នៅព្រឹកថ្ងៃទី៧ ខែមិថុនា (រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ)

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គាត ច័ន្ទថារិទ្ធិ នៅព្រឹកថ្ងៃទី​១៧ ខែកក្កដា ថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនបរទេសដែលត្រូវបានចាប់ខ្លួនក្នុង​សំណុំ​រឿងយកលុយខុសច្បាប់ចូលកម្ពុជា បានឆ្លើយប្រាប់សមត្ថកិច្ច ពួកគេឈ្នះល្បែងពីដែនដីម៉ាកាវប្រទេសចិន ហើយយកមកស្រុកខ្មែរដើម្បីទិញដី។​​

ការថ្លែងបែប​នេះ​​ធ្វើឡើង​បន្ទាប់ពីសមត្ថកិច្ចអន្តោប្រវេសន៍​នៅកម្ពុជាចាប់បានលុយខុសច្បាប់​ចំនួន៧​លាន​ដុល្លារ នៅឆ្នាំ២០១៩នេះ ដែលត្រូវនាំចូលដោយជនសង្ស័យ៩នាក់ផ្សេងៗគ្នា។ ជនសង្ស័យទាំង​នោះរួមមាន ជនជាតិចិន៧នាក់ និងកូរ៉េខាងត្បូង២នាក់។

លោក គៀត ចាន់ថារិទ្ធិ មានប្រសាសន៍ថា បច្ចុប្បន្ននេះ សមត្ថ​កិច្ច​​​កម្ពុជា​កំពុង​សហការជាមួយសមត្ថកិច្ចចិន ដើម្បីស្រាវជ្រាវ​រកអ្នកដែល​ពាក់​ព័ន្ធ​​ក្នុងសំណុំ​រឿងនាំប្រាក់ខុសច្បាប់ចូលក្នុងទឹកដីកម្ពុជា។ លោកបន្តថា ការ​ដឹកជញ្ជូនប្រាក់​ចូលនេះ មានការរៀបចំច្បាស់លាស់ និងមានបំណងពិត​ប្រាកដណាមួយ តែ​ហេតុផលសំខាន់ដែល​ជនសង្ស័យឆ្លើយ​ គឺការយក​លុយ​មករកស៊ីទិញ​ដីធ្លីនៅ​កម្ពុជា។

លោក គៀត ច័ន្ទថារិទ្ធិ៖ «ការស៊ើបអង្កេតគឺស្វែងរកការពិត បើសិនជាលុយមានប្រភពច្បាស់មិនអីទេ តែបើមិនមានប្រភព វាចូលបទល្មើសលាងសំអាតប្រាក់។ កន្លងទៅ យើងឃើញសង្ស័យ ហើយយើងឆែកឆេរ យើងឃើញ។ គាត់ឆ្លើយដូចគ្នាទាំងអស់ គឺថាមកវិនិយោគមកទិញដីទិញអចលនទ្រព្យដើម្បីវិនិយោគនៅស្រុកយើងណា តែមានករណីចាប់បាននៅសៀមរាប គាត់ថាគាត់ស៊ីឈ្នួលយកលុយឱ្យគេ។»

អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា លោក វ៉ន ចាន់​ថន មានប្រសាសន៍ថា នៅដើមឆ្នាំ២០១៩នេះ កំណើនជនជាតិចិន​ជាច្រើន​បាន​មករកស៊ីវិស័យដីធ្លីផ្ទះសំបែងនៅកម្ពុជា ជាមូលហេតុបណ្ដាលឱ្យទីផ្សារដីធ្លីនៅកម្ពុជាកើនតម្លៃ ពិសេសនៅក្រុងព្រះសីហនុ។​ ប៉ុន្តែ អ្នកវាយតម្លៃ​អចលនទ្រព្យ​រូប​នេះបញ្ជាក់ថា ក្រុមហ៊ុនខ្លួនមិនបានសិក្សា​ស៊ីជម្រៅពីប្រភព​ថវិការបស់​អ្នក​វិនិយោគ​ចិន ឬវិនិយោគបរទេសណា ដែលមករកស៊ីនៅកម្ពុជានោះទេ។

ទិន្នន័យវាយតម្លៃ សន្ទស្សន៍ប្រឆាំងនឹងការលាងលុយអន្តរជាតិ នៅទីក្រុង Basel ប្រទេសប៊ែលហ្ស៊ិក ឆ្នាំ២០១៨ ដែលវាយតម្លៃពីកម្រិតហានិភ័យនៃការលាងលុយ ​និងហិរញ្ញប្បទានភេរវកម្មនៅក្នុងពិភពលោក បានចាត់ចំណាត់ថ្នាក់ប្រទេស​កម្ពុជាថា ជាប្រទេសមានហានិភ័យខ្ពស់។ ​តាម​ស​ន្ទស្សន៍ ​Basel នេះ​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម ​១៤៦ប្រទេស ​កម្ពុជា​ស្ថិត​នៅក្នុង​លំដាប់​ថ្នាក់​ទី៩ ​សម្រាប់​ការលាង​លុយ​កខ្វក់​ ដែលឈរទន្ទឹមគ្នាជាមួយប្រទេសអ៊ូ​ហ្គ​ង់​ដា និង​​តង់​ហ្សា​នី។

កាលពីខែមីនាកន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្ហាញក្ដី​បារម្ភជាសាធារណៈ ពីសញ្ញានៃកំណើនបទល្មើសលាងលុយនៅកម្ពុជាដែរ។​ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះវិញ លោក ស ខេង ក៏បានបញ្ជាក់ថា សមត្ថកិច្ចកំពុងសហការជាមួយខាងសមត្ថកិច្ចហុងកុង ដើម្បីស្រាវជ្រាវចំពោះករណីនាំចូលលុយចូលកម្ពុជា ដើម្បីរកឱ្យឃើញមូលហេតុពិតប្រាកដ ឈានដល់ចាត់​វិធានការផ្លូវច្បាប់បង្ក្រាបប្រព័ន្ធបទឧក្រិដ្ឋនេះតែម្ដង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ